ពុទ្ធប្រវត្តិសង្ខេប


រាជវង្ស កំណើត

ព្រះបាទ សុទ្ធោទន រាជវង្ស គោត្ដម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្ស​សម្ព័ន​កោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែន​នគ​រកបិលពស្តុព្រះនាង សិរិមហាមយា ទ្រង់បានសុបិន្និមិត្តឃើញដំរីសមួយ មានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះអុទ័រព្រះ​នាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកប​ដោយ​បុណ្យបារមី យ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។ តាមរឿងនិទានខ្លាះថា ទេវបុត្ត សន្តុសិត យាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ព្រះនាងសិរិមហាមយាទ្រង់ធ្វើដំណើរ​យ៉ាងទៅ​កាន់​នគរ ទេវទហៈ ដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀមទម្លាប់នៃព្រះរាជានា​សម័យ​នោះ ភរិយាត្រូវទៅ​ប្រសូត្រ​បុត្រនៅនគរ ឬផ្ទះខាងភរិយា។​ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរមកដល់ព្រំដែននៃនគរទាំងពីរ ក្នុង​ព្រៃ​លុម្ពិនី ទ្រង់ក៏​ប្រសូតបុត្រនៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ប្រសូត្រនៅថ្ងៃសុក្រ ១៥កើតពេញ​បូណមី ខែពិសាខ ឆ្នាំច។

ពិធីថ្វាយព្រះនាម

ក្រោយពីព្រះរាជអោរសប្រសូតបានប្រាំថ្ងៃ  ពិធីរៀបចំថ្វាយព្រះនាមថា  សិទ្ធត្ថ  ប្រែថា អ្នកសម្រេច​ប្រយោជន៏​​​គ្រប់យ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយព្រាហ្មណ៍ ៨នាក់  ព្រាហ្មណ៍​​៧ម្នាក់លើម្រាម​ដៃពីរ​ទាយ​ថា  បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ  បើព្រះអង្គចេញសាង​ផ្នួសនឹង​បាន​ត្រាស់ជាព្រះពុទ្ធ ព្រាហ្មណ៍ម្នាក់​នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍​លើកម្រាម​ដៃតែ​មួយទាយ​ថា ព្រះរាជកុមារប្រាកដជាបានត្រាស់ជាព្រះពុទ្ធ។ប្រសូត្របាន៧ថ្ងៃព្រះមាតា ព្រះនាង​សិរិមហា​មយា​ទ្រង់​សោយ​ទីវង្គត់  ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនាមមហាប​ជាបតីគោតមីបី​បាច់​រក្សាតមក។

រាជពិសេក

ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ឆ្នាំ ទ្រង់បានរៀបអភិសេកជាមួយ បុត្រីស្តេចសុប្បពុទ្ធព្រះនាម ពីម្ពាយ​សោធរា​ដែលជានារីល្អអែកលើសអស់សព្វនារីទាំងពួង។ ដោយ​ចង់អោយព្រះសិទ្ធត្ថក្លាយ​ជាស្តេចចក្រពត្តិ​ព្រះបិតាព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាងដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចព្រះអង្គទ្រង់ចាត់អោយគេសង់ប្រាសាទបី តំរូវទៅតាមកាមរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ រដូវរំហើយ។ ព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា មានព្រះ​រាជបុត្រមួយ អង្គព្រះនាម រាហុល។

ទេពនិមិត្ត៤យ៉ាង

ដោយចង់អោយព្រះសិទ្ធត្ថបាន ជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ  ព្រះសុទ្ធោទនទ្រង់​ចាត់​អោយគេយាមមិនអោយមានមនុស្សចាស់ ជរា ឈឺ ឬ​ស្លាប់ ឲ្យព្រះ​សិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបំរើ​ភិលៀត​នៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។  ការគង់នៅក្នុងរាជវាំង  ព្រះសិទ្ធត្ថ​ទ្រង់​​សោយ​សុខដោយ​កាម​លោកីយ​គ្រប់ប្រការ។ នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ  ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មាន​វិញ្ញណ​ដូចជាអង្គត់​ឈើមួយដុំ ធ្វើអោយព្រះអង្គទ្រង់មានការខ្វល់ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាងខ្លាំង។ ព្រះអង្គក៏ចេញទៅ​ក្រសាល​ក្នុងអុទ្យាននាបរមរាជ វាំងដែលព្រះអង្គទ្រង់បាន​ជួបទេពនិមិត្ត ៤ប្រការដូចនេះ៖

១ – ទេពនិមិត្ត ជាមនុស្សចាស់  ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយទ្រង់ទតឃើញ ព្រះអង្គក៏​ទ្រង់​សួរទៅសេនាមាត្យថា នេះជាអ្វី? ពួកសេនាមាត្យក៏ទូលព្រះអង្គថា ព្រះករុណាលោកម្ចាស់នេះគឺជា «មនុស្ស​ចាស់»។

២ – ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនអុទ្យានបានបន្តទៅមុខទៀត ទេពនិមិត្តទ្រង់​និមិត្តជាមនុស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួន ដោយ​អាការរោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួ​រទៅ​សេនាមាត្យទៀតថា ចុះនេះជាមនុស្សយ៉ាងម៉េច ពួកសេនាមាត្យក្រាបទូលថា ព្រះករុណាលោក​ម្ចាស់​មនុស្សនេះកំពុងមានជំងឺ

៣ – ទេពនិមិត្ត ជាមនុស្សស្លាប់  ទេពនិមិត្តនៅក្នុងសួនអុទ្យាបាន​មកនិមិត្តជាមនុស្សកំពុង​ដេកស្លាប់​ហើម​ស្អុយរលួយគួរជាទីខ្ពើមរអើមក្រៃពេក ដោយព្រះអង្គ​មិនដែល​ទ្រង់បានទតឃើញក៏សួរ​ទៅសេនាមាត្យ​ដូច​មុន​ដែរ សេនាមាត្យក៏ក្រាបទូលថា​មនុស្សយើងតែងមានការបែក​ធ្លាយរូបកាយស្លាប់យ៉ាង​នេះព្រះករុណា​លោកម្ចាស់។

៤ – ទេពនិមិត្ត ជាអ្នកបួស  ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់ ធ្វើអោយ ព្រះសិទ្ធត្ថ​ទ្រង់សង្វេគ​ជាពន់ពេក ទ្រង់ធ្វើការពិចារណាទៅលើរូបកាយដោយព្រះអង្គអែងថា បណ្តារូបកាយនៃសត្វលោក​ទាំង​ឡាយនេះ នឹងមានសភាវ ចាស់ ឈឺ និងឈានដល់ការបែកធ្លាយស្លាប់ ទៅវិញយ៉ាងនេះអែងហ្ន៎ តើ​មាន​ថ្នាំអែណា មានផ្លូវ​ឯណា​គេច​ឲ្យរួច​ផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ?​កំពុងតែគិតសង្វេគ​ដូចនេះ​ទេពនិមិត្តនិមិត្ត​ជាសមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជា​ទីជ្រះថ្លានៃសត្វលោកទាំងឡាយឲ្យ​ព្រះអង្គទត​ឃើញទៀត ព្រះអង្គទ្រង់មានសទ្ធាពេញហរទ័យ ត្រេកអជាក្រៃពេក ចំពោះសមណភេទនេះ។

សាងផ្នួស

ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាស​នេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហរទ័យដោះ​ស្រាយបញ្ហា ជិវិតដោយ​ការចេញសាងព្រះផ្នួស ដើម្បី​ស្វែង​រកនូវព្រះសម្មាសម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែល រាហុល​បុត្រាជាទីស្រលាញ់ ងាកបែរ​សំឡឹងទៅភរិយា ពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅ ស្ថានសន្តុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់​ក្នុង​បន្ទំ​យ៉ាង​ស៊ប់ ដើម្បីកំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្តរបស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរ​ព្រះសិទ្ធត្ថទៅដល់ព្រៃទៅ​ហោង។​ព្រះអង្គ​ទ្រង់ដកព្រះខ័ន​ចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើ​អាត្មា​អញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធមែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះ​ឈប់ដុះត​ទៅ​ទៀត​ចុះ» អធិដ្ឋានហើយ​ព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំង​ឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោកក្នុងគ្រានោះទៅ។

កោណ្ឌញ្ញព្រាហ្មណ៍គឺព្រាហ្មមួយអង្គក្មេងជាងគេដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រាស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថ​ចេញសាង​ផ្នួសហើយក៏មានសទ្ធាជ្រះ​ថ្លារួមជាមួយសមណ​ព្រាហ្មណ៍៤អង្គទៀត​ចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។

ការសិក្សា និងទុក្ខរកិរិយា

កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុង​សំណាក់​ព្រាហ្មណ៍តាបសពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់​ថាក្នុង​​សំណាក់តាបសទាំងពីរព្រះអង្គពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បាន​សម្រេច​ព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយ​ព្រះអង្គអែងវិញ។​ព្រះអង្គទ្រង់ធ្វើ​ទុក្ខរៈកិរិយា គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជា​មានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ខរៈកិរិយាអស់រយពេល៦ព្រះវស្សា ព្រះ​អង្គក៏​នៅ​តែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយ​អោយព្រះអង្គទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញ​ចាប់ផ្តើម​រិតខ្សែ​ពិនហើយ​ចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិនរិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិត​តែម្ដងទៅ។ ទេពនិមិត្តជានាក់ដេញពិនរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀប​រិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះ​ថ្វាយព្រះអង្គ​ទ្រង់បាន​សន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ពិចារណា​ប្រៀបធៀប​ការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធី​ដេញពិន​ជាគោល​ឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការត្រាស់ដឹងបានឡើយ ហើយការ​ប្រព្រឹត្​តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបានឡើយ។​ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការ​ធ្វើទុក្ខរៈ​កិរិយា​ចោល ហើយចាប់​ផ្តើម​សោយ អាហារជាធម្មតាវិញ។ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់​តាម​បំរើព្រះអង្គទៀតតាំងពីនោះមក។

ត្រាស់ដឹង

ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹក​ថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្​សមួយខាង​លិចស្ទឹង បែរព្រះភក្តទៅទិសបូព៌​ទ្រង់យកស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជា​កំរាល​គង់​ពី​លើ មានសេចក្តីដំណាលថា រតនបល័្លង្គមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គ​ពីក្រោម ព្រះសិទ្ធត្ថ​ទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួលហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអាត្មាអញមិន​បានសំរេច​ការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើមចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេច​ឈានជា​លំដាប់។​ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធដែល​ហូរតាមបណ្តោយ​ស្ទឹងរូបខន្ធ និង​វិញ្ញាណ​​ខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែ​ការភ័ន្ដច្រឡំ​នៃសញ្ញាខន្ធរបស់គេមនុស្សម្នាក់ៗមានជំនឿ​ថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់​ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តាថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹង​របស់​ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែលជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជា​ដើម។សេចក្តី​ទុក្ខប្រភេទ​នេះ មានភាព​ផ្ទុយស្រលះ និងការ​ពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រភពទុក្​ខទាំង​ឡាយពិត​ជាកើត​ឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូល​ជ្រៅទៅក្នុង​បេះដូង​របស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖

  • រូបខន្ធ១
  • វេទនាខន្ធ១
  • សញ្ញាខន្ធ១
  • សង្ខារខន្ធ១
  • វិញ្ញាណខន្ធ១

អិលូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។

ផ្ចាញ់មារ

ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្លង្គក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្តព្រះសមណគោតមដើម្បីអោយព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោលតែព្រះសមណគោតមពុំមានការចាប់រម្មណ៏ឡើយធ្វើអោយនាងទាំងបីវិនាសអន្តរធានទៅ។ បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក ក្រុងមារនៅ តែមានចិត្តរិស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវ​តូចធំទាំងឡាយជាច្រើនអោយមកច្បាំងដណ្តើមយកបល័្លង្គពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ)និមិត្តដៃ​មួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លាច​រត់ប្រាស​អាយុរៀងៗខ្លួន។

កងពលមារមួយកងទៀតលើកមកពីទិសអុត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូល​មកចំពីមុខ។ មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះដែលមានកំលាំងបោកបក់ភ្នំអោយរលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិច​ឡើយ មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទីនិងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់​អាវុធ១ពាន់ចូលទៅ​ជិតព្រះអង្គស្រែ​កគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្ល័ង្គ​នេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។

ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយជាពិដានការពារព្រះអង្គទៅវិញ អែក្រុមពលរេ ដែលដកភ្នំគ្រវែងមកលើ​ព្រះអង្គ​ពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។ ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំលុតព្រះអង្គថា តើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតបដោយខែងរែងថា «ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់» ចុះសិទ្ធត្ថអែងវិញ មានអ្វីជាសាក្សី។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។

មុទ្រ ឬ កាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» ឬថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួល​ខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតម
ហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។

ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើម​ពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេកអប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយះ អៃដ៏ភាជន៍មាសដល់ព្រះសម្មា​សម្ពុទ្ធ ព្រះអង្គទ្រង់ពូតមធុបាយៈជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគ​រាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធត្រាស់ដឹងមួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធ​នៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។

បឋមទេសនា
ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិនញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ​ តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការយ៉ាងនោះឡើយ។  គ្រានោះសហម្បតីព្រហ្មជាអិសីលោកាទ្រង់ចូលកលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់​ប្រោស​ប្រណី​ដល់​​សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួលសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេលនោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅ​កាន់ក្រុង​ពារាណ​សី ចូលទៅព្រៃអិសីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបានឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរ​កុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយនោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែលព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនា​ប្រោស​ដល់បញ្ចវគីយ៍បានសំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសម្រេច​មគ្គផល​​ទៅតាមការ​គួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិងព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាង​ពិម្ពាទ្រង់​បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់បិតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។

ពុទ្ធកិច្ច

ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៣៥វស្សាគឺ៖

  • នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
  • នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។
  • នៅពេលព្រលប់ ទ្រង់ប្រទានអោវាទដល់ភិក្ខុសង្ឃទាំងឡាយ។
  • នៅពេលកណ្តាលអទ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។
  • នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វដែលមាននិស្ស័យ និងអិតនិស្ស័យ។

ដាក់ព្រះជន្ម

ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុង​រយៈពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោក​ស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។

បរិនិពា្វន

ក្រោយពេលដាក់ព្រះជន្មរួចហើយព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយ​ពី​បានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់​ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់​ខន្ធក្នុង​ពេល​នោះ​ទៅ។ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។

កត់សំគាល់

ការសឹក្សាពុទ្ធប្រវត្តិធ្វើអោយយើងកត់សំគាល់បានយ៉ាងស្រួលដូចតទៅនេះ៖

  • ទ្រង់ប្រសូត  ថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
  • ត្រាស់ដឹង ថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។
  • ដាក់ព្រះជន្ម វស្សាទី៤៥ ថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
  • បរិនិពា្វន ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។

ចប់ពុទ្ធប្រវត្តិដោយសង្ខេប

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on January 19, 2007, in ព្រះពុទ្ធសាសនា and tagged , . Bookmark the permalink. 2 Comments.

  1. សូមទោស…ខ្ញុំអាចសុំចម្លងណាក់នៅប្លុករបស់ញ៉ុមផងបានអត់?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: