Blog Archives
បទវិចារណកថាខ្លី៖ ធ្លាក់ក្នុងអណ្លង់មនោគមន៍វិជ្ជាសាសនាដទៃទាំងកណ្ដាលថ្ងៃ
Posted by Bona
ធ្លាក់ក្នុងអណ្លង់មនោគមន៍វិជ្ជាសាសនាដទៃទាំងកណ្ដាលថ្ងៃ
កម្ពុជាប្រជាជាតិមួយ ដែលត្រូវបានគេដឹងជាទូទៅថាប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយមានប្រជាជនជាង៩០%គោរពបូជា។ ប៉ុន្ដែអ្វីដែលធ្វើឲ្យយើងហួសចិត្ត និង នឹកស្មានមិនដល់នោះគឺ ក្នុងចំណោមពុទ្ធសាសនិកជនទាំងនោះ ភាគច្រើនមិនសូវជាយកចិត្តទុកដាក់ចំពោះសាសនារបស់ខ្លួនឡើយ ។
ពួកគេហាក់ដូចជាមិនដឹងពីតម្លៃនៃការប្រតិបត្តិ និង ការគោរពបូជានៅក្នុងសាសនារបស់ខ្លួន ។ ខណៈពេលដែលពួកគេអះអាងថាខ្លួនប្រកាន់ពុទ្ធសាសនា ប៉ុន្តែបែរជាមិនដឹងថាតើព្រះពុទ្ធសាសនាមានថ្ងៃសំខាន់ៗ អ្វីខ្លះនោះ ដែលខ្លួនគប្បីត្រូវតែដឹង និង ចងចាំ។ រឿងដែលគួរឲ្យអស់សំណើចបំផុត និង ហួសចិត្តរកអ្វីនឹងថ្លែងនោះគឺ ពួកគេបែរជាចងចាំយ៉ាងច្បាស់នូវទិវា និង ថ្ងៃបុណ្យរបស់សាសនាដទៃ ជាពិសេសនោះគឺបុណ្យរបស់គ្រិស្ដសាសនា ដែលនឹងមកដល់នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។
មនោគមន៍វិជ្ជានៃសាសនាលោកខាងលិចកំពុងតែលេបត្របាក់យកដួងចិត្តរបស់ពុទ្ធសាសនិកកម្ពុជា ក្នុងពេលដែលពួកគេមិនបានដឹងខ្លួន ឬក៏មានអ្នកដឹងដែរតែធ្វើមិនដឹង។ ប្រសិនបើយើងក្រឡេកភ្នែកបន្ដិចទៅមើលឯកសារបញ្ជាក់អត្តសញ្ញាណនោះ យើងនឹងឃើញថា សុទ្ធតែកាន់ព្រះពុទ្ធសាសនាស្ទើរតែទាំងអស់ តែបែរជាមកត្រេកត្រអាលសប្បាយគគ្រឹកគ្រេង បែបផ្គើនតម្លៃសាសនារបស់ខ្លួនទាំងកណ្ដាលថ្ងៃ។
ការបរិយាយខាងលើនេះ មិនមែនមានន័យថាជាការប្រកាន់ពូជសាសន៍ ឬ សាសនានោះទេ យើងគ្រាន់តែចង់់ឆ្លុះបញ្ចាំងឲ្យឃើញពីផ្នត់គំនិតរបស់ខ្មែរសម័យថ្មីដែលទំនើបជ្រុលក្នុងអណ្លង់មនោគមន៍វិជ្ជាសាសនាដទៃ។
អ្វីដែលធ្វើឲ្យយើងមានមោទនភាពបំផុតនោះគឺ ប្រជាជាតិខ្មែរកម្ពុជាក្រោមដែលកំពុងក្លាយជាជនជាតិភាគតិចលើទឹកដីកំណើតខ្លួនឯងនោះ បែរជាប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណី សាសនា និង វប្បធម៌ដ៏ល្អផូរផង់ ខណៈពេលដែលពួកគេកំពុងរស់នៅយ៉ាងលំបាកជាមួយនឹងការគ្មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្រោមអំណាចផ្ដាច់ការរបស់យួន(វៀតណាម)។ រីឯខ្មែរសុរិន្ទនៅប៉ែកខាងលិចវិញនោះ ក៏ខំប្រែងប្រឹងរក្សាបាននូវតម្លៃរបស់ជាតិ សាសនា និង វប្បធម៌ជាតិរបស់ខ្លួនដែរ ខុសអីតែខ្មែរកណ្ដាលបច្ចុប្បន្ននេះ ដូចជាមិនចូលចំណោមគេសោះ ច្រើនតែបង្ហាញចេញនូវរឿងរ៉ាវនានាគួរឲ្យហួសចិត្ត និង ស្មានមិនដល់ជាហូរហែ៕
តើអ្នកយល់យ៉ាងណាដែរចំពោះឥរិយាបថ និង ផ្នត់គំនិតរបស់ខ្មែរដែលកាន់ព្រះពុទ្ធសាសនា តែមិនបានយល់ដឹង ឬ ស្គាល់ពីសាសនា និង វប្បធម៌របស់ខ្លួន?
ដោយ៖ ពុតតាន់ បូណា
បុណ្យភ្ជុំបិណ្ឌ
Posted by Bona
បុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីចម្បងមួយក្នុងចំណោមបុណ្យប្រពៃណីផ្សេងៗ របស់ប្រជាជនកម្ពុជា។ បុណ្យនេះមានលក្ខណៈជាបុណ្យគោរពវិញ្ញាណក្ខន្ធរបស់បុព្វបុរស ញាតិសន្តាន ដែលបានធ្វើមរណកាលទៅហើយ។
១– របៀបភ្ជុំបិណ្ឌរបស់ខ្មែរ
ប្រជាជនកម្ពុជាប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ រៀងរាល់ឆ្នាំ។ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ហៅថា ថ្ងៃកាន់បិណ្ឌ ហើយថ្ងៃ១៥រោច ហៅថា ថ្ងៃភ្ជុំបិណ្ឌ។
ក្នុងឱកាសកាន់បិណ្ឌនេះចាស់ព្រឹទ្ធាចារ្យ យាយតា ដែលមានសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា បានលះបង់ផ្ទះសំបែង កូនចៅ ទៅនៅវត្ត សមាទានសីល៥ សីល៨ ឬអតិរេកសីល ចម្រើនមេត្តាភាវនា បម្រើព្រះសង្ឃ និងសំអាតទីអារាមជាដើម។ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ បានបែងចែកគ្នាជាវេនចំនួន១៤ថ្ងៃ ឬ ១៤បិណ្ឌ។ ក្នុងបិណ្ឌនីមួយៗ នៅពេលយប់ គេជួបជុំគ្នាប្រគេន–ជូនភេសជ្ជៈចំពោះព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា។ ព្រឹកឡើង ប្រគេនយាគូ ភត្តាហារ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធក្រុមគ្រួសារ ញាតិមិត្តរបស់គេ ដែលបានធ្វើមរណកាលហើយនោះ។ នៅយប់ថ្ងៃ១៤រោច គេប្រារព្ធធ្វើពិធីដូចយប់ថ្ងៃកាន់បិណ្ឌពីមុនមកដែរ ប៉ុន្តែមានលក្ខណៈឱឡារិកជាង។ រីឯប្រជាជន និយមធ្វើនំផ្សេងៗ មាននំអន្សម នំគមជាដើម សម្រាប់ប្រគេនព្រះសង្ឃ សែនព្រេន និងជូនឪពុកម្ដាយ ចាស់ទុំ ញាតិមិត្តរបស់គេ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ព្រឹកឡើងថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទវេនបិណ្ឌ អញ្ជើញមកចូលរួមយ៉ាងកុះករ ប្រគេនចង្ហាន់ព្រះសង្ឃ និងបង្សុកូល ដូចថ្ងៃកាន់បិណ្ឌដែរ ប៉ុន្តែថ្ងៃនេះមានលក្ខណៈអធិកអធមជាងថ្ងៃកាន់បិណ្ឌកន្លងមក។ នៅតំបន់ខ្លះ ពេលល្ងាចថ្ងៃ១៥រោច គ្រួសារនីមួយៗ រៀបចំពិធីសែនព្រេនជូនជីដូនជីតាតាមទម្លាប់។ លុះព្រលឹមស្រាងៗ ថ្ងៃ១កើត ខែអស្សុជ គេរៀបចំនំ ចំណី ផ្លែឈើ….. ដុតទៀន ធូប ដាក់ក្នុងទូកដែលធ្វើពីស្រទបចេកបណ្ដែតតាមទឹក ដើម្បីជាកិច្ចជូនដំណើរដូនតាត្រឡប់ទៅវិញ។
ស្វែងយល់ពីពាក្យខ្មែរ ៖ កា ការ កាណ៌ និង ការណ៍
Posted by Bona
សប្ដាហ៍នេះ ខ្ញុំលើកយកពាក្យចំនួនបួនទៀត ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បី បានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុង ភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងបួននេះ ៖
កា (ន)បំពង់សម្រាប់ដាក់ទឹកធ្វើអំពីលោហធាតុផ្សេងៗ ឬ ពីដីលាយពណ៌។ ឧទាហរណ៍ ៖ កាទឹក។
កា (កិ) សរសេរចុះឈ្មោះទីលំនៅអ្នកដែលនឹងទទួលសំបុត្រ នៅលើស្រោមសំបុត្រ ឬ ខ្នងសំបុត្រដែលនឹងផ្ញើទៅ ។ ឧទាហរណ៍៖ កាខ្នងសំបុត្រ។
ការ (កិ) មូរសរសៃសូត្រ សរសៃអំបោះជាដើមដោយខ្នារ។ ឧទាហរណ៍៖ ការសូត្រ ការអំបោះ ។
ការ (កិ) រៀបអាវាហវិវាហមង្គល ផ្សំផ្គុំបុរស និង ស្ដ្រី ឲ្យបានគ្នាជាគូស្វាមីភរិយា។ ឧទាហរណ៍៖ការកូន ការក្មួយ។
ការ (ន) កិច្ច ឬ អំពើដែលត្រូវធ្វើ។ ឧទាហរណ៍៖ មានការ ធ្វើការ។
កាណ៌ (ន. សំ) មានមន័យថា ត្រចៀក។ ឧទាហរណ៍៖ ព្រះកាណ៌ គឺត្រចៀកស្ដេច។
ការណ៍ (ន. បា. សំ.) ហេតុ ដំណើរ។ឧទាហរណ៍៖ ទាស់ការណ៍ហើយឯង សេចក្ដីរាយការណ៍ ។
ដោយ៖ បូណា
សំណើចក្នុងភូមិ៖ កូនជ្រូកចេះនិយាយ
Posted by Bona
នៅក្នុថ្នាក់រៀន នៃសាលាបឋមសិក្សាមួយ សិស្សថ្នាក់ទី១ មួយ ថ្នាក់ កំពុងស្តាប់អ្នកគ្រូនិទានរឿង។ រឿងនោះមានចំណងជើងថា “ កូនជ្រូកបីក្បាល “។
បន្តិចក្រោយមកអ្នកគ្រូអានត្រង់ចំណុចមួយដែលកូនជ្រូកទី១ ដើរ ស្វែងរកមែកឈើមកធ្វើជម្រក។
អ្នកគ្រូបានបន្តនិទានរឿងត្រង់ផ្នែកនេះ ថា “… ម្ល៉ោះហើយ កូន ជ្រូកនោះបានដើរសំដៅទៅលោកតាកសិករម្នាក់ ដែលកំពុងបរទេះគោ ដឹកកូនឈើពេញរទះ។ កូនជ្រូក ដើរទៅជិត រួចស្រែកសួរលោកតា នោះថា៖ ជម្រាបសួរលោកតា! ឲ្យចៅសុំចែកកូនឈើលោកតាពីរបី ដើម យកមកសង់ជម្រកស្នាក់នៅផង តើបានឬទេ? ” ។
អ្នកគ្រូ ៖ មើល៍! តើមានប្អូនណាដឹង ថាលោកតាបរទះនោះ គាត់នឹង ឆ្លើតថាម៉េចទៅកូនជ្រូក?
កុមារា ចយ លើកដៃយ៉ាងប្រញាប់ដ្បិតចង់ឆ្លើយសំណួរ។
ចយ៖ ខ្ញុំដឹង! ខ្ញុំដឹង!
អ្នកគ្រូ៖ បើប្អូនដឹង ចូរប្អូនឆ្លើយទៅមើល៍ ថាគាត់និយាយថាម៉េច។
ចយ ៖ គាត់ថា កណ្តឹមឆែប! ជ្រូកអីចេះនិយាយដូចមនុស្ស!
ចម្លើយនេះ ធ្វើឲ្យអ្នកគ្រូស្រឡាំងកាំង ឈរភាំងមួយស្របក់ ទើបអាចបន្តបង្រៀនទៀត៕
អំពីការចាប់ក្ដាម
Posted by Bona
អំពីការចាប់ក្ដាម
លោក ហ៊ុន – សាវី ព្រិន្ទបាលឯក រៀបរៀង (១៩៦៥)
មនុស្សភាគច្រើន ច្រើនតែនាំគ្នានិយាយស្មាន តាមគេតាមឯងពីការចាប់ក្ដាមសមុទ្រ ។ មនុស្សជំពូកខ្លះនិយាយថា ៖ក្ដាមសមុទ្រវាទំនៅលើដើមឈើ តាមមាត់សមុទ្រ អ្នកទៅរកចាប់ក្ដាម គឺទៅតាមទូក ក្នុងទូកនោះ គេត្រាំទឹកអំបិលដាក់ក្នុងទូកនោះជាស្រេច ។ កាលណាគេចែវដល់ក្រោមដើមឈើណាមួយមានក្ដាមនៅ ម្នាក់ឡើងទៅអង្រួនដើមឈើនោះ ក្ដាមទប់ខ្លួនមិនឈ្នះ ក៏របូតជើងធ្លាក់មកក្នុងទូកតែម្ដងទៅ ។ ខ្ញុំក៏ជឿតាមពាក្យហ្នឹងរហូតមកដែរ តែដល់ខ្ញុំឃើញនឹងភ្នែកវិញនោះ ខ្ញុំចាត់មនុស្សខាងលើនេះ ថាជាមនុស្សភូត ។ តទៅនេះ ខ្ញុំនឹងបញ្ជាក់ជូនតាមការពិត ។
មុននឹងខ្ញុំជូនពីការចាប់ក្ដាមនេះ ខ្ញុំចង់នាំអស់លោក មិត្ត និងមិត្តនារី ឲ្យស្គាល់ទេសភាពរាមបន្តិច៖
រាមជាតម្បន់មួយ នៅតាមមាត់សមុទ្រ ខាងកើតក្នុងព្រះសីហនុ ចម្ងាយ ២៨ គ. ម. ពីទីក្រុង ។ មានភ្នាក់ងាររាជការទាហាន និងស៊ីវិល នៅកុះករ មានប្រជាជនរាប់ពាន់នាក់ នៅកកកុញ លក់ដូរនៅក្នុងផ្សារ របរសំខាន់ ៗ របស់គេ គឺនេសាទត្រីក៏មាន ចាប់ក្ដាមសមុទ្រក៏មាន ។ល។
បើលោកអ្នកអញ្ជើញទៅកំសាន្ត នៅក្រុងព្រះសីហនុ លោកអ្នកកុំភ្លេចតំបន់រាម, លោកអ្នកនឹងឃើញចំការដូងសឹងដាច់កន្ទុយភ្នែក នៅតាមមាត់សមុទ្រដ៏ធំធេង ដែលហៅថា “ចំការដូងសិរីគង្គា” ។ តាមអ្នកឲ្យការថា មានដើមដូងជាង ១ សែនដើម មានផលានុផល កំពុងតែផ្ដល់យ៉ាងសំបើម ។ បន្ទាប់មកលោកអ្នកចោលភ្នែកមកមើលលើផ្ទៃនៃមហាសមុទ្រវិញ នឹងឃើញទេសភាពនៃទឹកសមុទ្ររលកបណ្ដើរគ្នាហូរហែរចាំងនឹងកាំរស្មីនៃព្រះអាទិត្យ ហាក់បីដូចជាគេយកកំទេចកញ្ចក់ទៅ្រាលនៅនាមហាជលសានោះ មានកោះចន្លុះខាងស្ដាំដៃ បញ្ចេញឫកយ៉ាងសង្ហា ហាក់ដូចជាគ្មានភិតភ័យនឹងរលកបោកបក់ នៃមហាជលសាឡើយ ខាងឆ្វេងដៃកោះឫស្សី ៗ នេះមានពួកចិនមួយក្រុមហៅថា “ចិនឆុងឆាំង” ដែលមានទំនៀមទម្លាប់ផ្សេងពីចិនឯទៀត, ចិនឆុងឆាំងនេះរបរសំខាន់របស់គេ គឺធ្វើនេសាទត្រីផ្ទះសង់នៅលើទឹក ដល់ស្លាប់កប់ក្នុងទឹកមិនកប់លើគោកទេ បើផ្ទះណាមានមនុស្សស្រីសំរាលកូនហើយវាទៅសួរសុខទុក្ខ ត្រូវម្ចាស់ផ្ទះនោះយកមាន់មួយមកសែនឲ្យវាជានិច្ច តែមិនសែនអ្នកតាធ្វើ ការសែននេះគឺធ្វើទៅវិញទៅមកដូច ៗ គ្នា បើមើលពីផ្សាររាម ពីកោះតាកៀវទៅនឹងឃើញផ្ទះពួកចិននេះនៅជាជួរ ៗ ក្នុងទឹកក្បែរកោះឬស្សីនេះ ។
នៅតាមមាត់សមុទ្រ អ្នកនេសាទទាំងឡាយមានករណីយកិច្ចគ្រប់ ៗ គ្នា ខ្លះក៏បង់សំណាញ់ ខ្លះលីមង ខ្លះរុញទូក ខ្លះបញ្ឆេះម៉ាស៊ីនកាណូត៍តែរៀង ៗ ខ្លួន ។
ក្នុងបណ្ដាអ្នកនេសាទទាំងនេះ ខ្ញុំសង្កេតឃើញតាម្នាក់ដែលនៅលើក្បាលគាត់មានពាក់មួកចចូត មានហាមដាច់រ៉ុយ ៗ ស្មាម្ខាងរែឆ្នុក ដៃម្ខាងយួរបាយស្រាក់ ធ្វើដំណើរយ៉ាងរលះរលាំងតាមផ្លូវក្បែរមាត់សមុទ្រ ។ តានេះឈ្មោះ តាពុយ ជាអ្នកចាប់ក្ដាមសមុទ្រ ។
ក្ដាមក្នុងសមុទ្រមានច្រើនសណ្ឋាន តែក្នុងទីនេះ ខ្ញុំលើកយកតែក្ដាមធំ ៗ មកបញ្ជាក់ជូន ៖
១– ក្ដាមសេះ
២– ក្ដាមថ្ម
៣– ក្ដាមខ្មែរ
របៀបចាប់ក្ដាមសេះនិងក្ដាមថ្ម
មុននឹងចាប់ យើងត្រូវធ្វើឆ្នុកសិន ។ ឆ្នុកនេះ ក៏មានសណ្ឋានទ្រង់ទ្រាយ ដូចឆ្នុកយើងចាប់ត្រីបឹងដែរ ។ តែខុសគ្នាត្រង់មានទំហំតូចជាង ១ ហត្ថ ១ ចំអាមប៉ុណ្ណោះ និងខ្សែរត្បាញឆ្នុកគេយកព្រាលមកវេញត្របាញ់គ្នា ហើយត្បាញដូចជាឆ្នុកយើងដែរ ។ នៅកណ្ដាលឆ្នុក គឺចំឈើខ្វែងខាងលើ គេចងខ្សែផ្ដៅមួយ ចំនួន ២ ម. រួចចងកំសួលមួយ ធ្វើពីឈើយ៉ាងស្រាលប្រហែលប៉ុនកដៃ ភ្ជាប់នឹងចុងខ្សែនេះ ។ ហើយខាងក្រោមឈើខ្វែងនេះ គេចងដែកតូចល្មមពត់ធ្វើរាងដូចសន្ទូចសំរាប់ថ្ពក់នុយ ឯនុយនេះ គេមិនយកនុយត្រីធម្មតាទេ គេយកត្រីបបែលធ្វើនុយវិញ ព្រោះត្រីបបែលក្ដាមវាចូលចិត្តស៊ី ហើយវាស៊ីក្រដាច់ផង ។ ដើម្បីឲ្យបានក្ដាមខាងលើនេះ យកមកបរិភោគ គេយកឆ្នុកមកចងនុយឲ្យស្រេច ហើយយកទៅដាក់រាយនៅតាមមាត់សមុទ្រ ឬដៃសមុទ្រ ហើយម្ចាស់ទូកគេចែវទូកដើរមើលកំសួលឆ្នុក កាលណាឃើញកំសួលវារង្គើ ៗ គេដឹងភ្លាមថាក្ដាមវាចូលស៊ីហើយ ខណៈនោះ គេក៏ស្រាវលើកមកយ៉ាងរហ័ស ក្ដាមដែលកំពុងតែស៊ីនុយនោះក៏ធ្លាក់ចូលទៅក្នុងឆ្នុកនោះភ្លាម ជើងវាចូលក្នុងឆ្នុកនោះទៅ ម៉្លោះហើយវារើលែងរួចតែម្ដង ។ ឆ្នុកនេះ គេដាក់បានតែក្ដាមថ្មនិងក្ដាមសេះទេ ឯក្ដាមខ្មែរ (ក្ដាមប្រៃ) គេចាប់របៀបផ្សេងពីនេះ ។
ខ្ញុំសូមបញ្ជាក់ថា ក្ដាមនេះពុំសូវនៅនឹងសមុទ្រទេ សម្បូណ៌ច្រើននៅតាមដៃសមុទ្រវិញ ។ ក្ដាមទាំងពីរបែបនេះ គេចាប់តែពេលថ្ងៃ ពេលយប់គេពុំចាប់ទេ ពីព្រោះពិបាកចាប់ចងដង្កៀបវាណាស់ ។ ឯដង្កៀបវានេះ តែកៀបបានដៃហើយ វាកៀបមិនលែងទាល់តែសោះ អាណាធំ ៗ វាអាចកៀបបាក់ឆ្អឹងក៏មានដែរ ដូច្នេះហើយទើបអ្នកចាប់ គេមិនរកស៊ីយប់ រកតែពេលថ្ងៃ ។
ឯក្ដាមខ្មែរវិញ (ក្ដាមប្រៃ) ផ្ទុយពីក្ដាមថ្មនិងសេះ គឺចាប់បានតែពេលយប់ ថ្ងៃគេមិនចាប់ទេ ព្រោះតែកាលណា វាឃើញមនុស្ស វារត់លឿនណាស់ ។
អ្នកចាប់ក្ដាមខ្មែរ ត្រូវមានសម្ភារៈដូចតទៅនេះគឺ ៖
– ស្រោមដៃធ្វើពីកំណាត់ក្រាស់
– ការុង ឬប៉ោត
– ចង្គៀងថ្ម សំរាប់ភ្លឺមើល
ឯក្ដាមខ្មែរនេះ មាននៅតែតាមដៃសមុទ្រ វានៅនឹងគុម្ពឈើ, ទឹកជាំ ៗ, ឬនៅនឹងដើមឈើម្យ៉ាងហៅថា ដើមកោងកាង ។ របៀបចាប់ គឺ កាលណាគេចាប់ គេពាក់ស្រោមដៃ ហើយឆួលភ្លើងបំភ្លឺមើល គេដើរលប ៗ ទៅ បើឃើញវា គេក៏លូកដៃចាប់គ្រឹបតែម្ដងពីលើវា រួចដាក់ចូលក្នុងការុងភ្លាម ។ ក្ដាមនេះ សម្បូណ៌ណាស់នៅតាមដៃសមុទ្រ ម្នាក់ ៗ មួយយប់ចាប់បានយ៉ាងតិច ២ ការុង ឬ ៣ ការុង មួយការុងតម្លៃជាង ១០០ រៀល ។
របៀបធ្វើក្ដាមប្រៃ
មុនដំបូង គេស្ងោទឹកអំបិលឲយពុំមែនទែន បើពុះហើយ គេយកបាយទៅដាក់ពិសោធន៍មើល ក្នុងទឹកអំបិលនេះ បើបាយវាអណ្ដែតឡើងទើបគេដឹងថា ទឹកអំបិលនេះប្រៃអាចធ្វើក្ដាមប្រៃបានល្អ ។ បើដាក់បាយទៅវាលិច គេត្រូវបង់អំបិលថែមទៀត គឺស្ងោរទាល់តែដាក់បាយអណ្ដែត ។ រួចគេយកទឹកអំបិលនេះទៅចាក់ចូលក្នុងប៉ោតធ្វើក្ដាមប្រៃ បន្ទាប់ពីលាងក្ដាមរួចហើយ គេត្រាំក្ដាមហ្នឹងទុកមួយយប់ តែខ្ញុំសូមបញ្ចាក់ថា ក្ដាមរស់ទើបបានគេយកមកធ្វើក្ដាមប្រៃ បើស្លាប់គេមិនយកទេ គេត្រូវយកវាចេញ តែដាក់ចូលជាមួយគេវាខុរខូចក្ដាមឯទៀត ។ លុះព្រឹកឡើងគេដាំទឹកស្ករឲ្យល្មមនឹងចំនួនក្ដាមដែលធ្វើ ស្ករនេះគេយកតែស្ករប៉ោត គេមិនយកស្ករសមកធ្វើទេ លុះដាំពុះហើយ ទើបគេស្រង់យកក្ដាមពីទឹកអំបិលមកដាក់ត្រាំក្នុងទឹកស្ករតែម្ដង កាលណាត្រាំក្នុងទឹកស្ករបានពីរយប់ហើយ ក្ដាមនេះក៏ក្លាយទៅជាក្ដាមប្រៃ លោកអ្នកអាចបរិភោគបានដោយសេរី មានរស់ជាតិឆ្ងាញ់ដូចអស់លោកបានធ្លាប់ពិសាររួចមកហើយ ។
Posted in ទំនៀមទម្លាប់ ប្រពៃណី
Tags: Facebook, Log Analysis, Login, Online Communities, Site Management, Social Networking, Twitter, WordPress
ពិធីបុណ្យចូលព្រះវស្សា
Posted by Bona
បុណ្យចូលព្រះវស្សាក៏ជាបុណ្យដ៏ធំមួយដែលអាចចាត់ទុកថា ជាបុណ្យដែលមានសារៈសំខាន់ណាស់នៅក្នុងចំណោមបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារឰពីធីបុណ្យចូលព្រះវស្សា ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាក៏បាននាំគ្នាជ្រះថ្លារៀបចំ គ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ឧបត្ថម្ភដល់ភិក្ខុសង្ឃឆាន់ និង ប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ នៅប្រទេស ខ្មែរក៏ដូចជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងលោកដែរ ពេលចូលវស្សានេះ ជាឱកាសសំខាន់បំផុតដែលយុវជននាំគ្នាចូលបួស និង មកសំណាក់នៅក្នុងវត្តដើម្បីអប់រំខ្លួនឲ្យមានចរិយាសម្បត្តិល្អ តាមគន្លងព្រះពុទ្ធសាសនា ។
ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល ៤ខែ គឺរាប់ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថាវស្សានរដូវ ។ បានជាព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សា នោះពីព្រោះហេតុខាងដើម ២យ៉ាងគឺ៖
១– ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មានគួរខ្លះ មិនគួរខ្លះ មានការ ដើរជាន់នៅភូតគាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់តិះដៀល និង ពោលនូវទោសដែលមានប្រការផ្សេង។
២– ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុងសាសនា លំបាកក្នុង ការធ្វើដំណើរទៅមក គឺឲ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល ៣ ខែ ។
ដើមកំណើតនៃបុណ្យចូលព្រះវស្សា៖
បុណ្យចូលព្រះវស្សានេះគឺមានដើមកំណើតតាំងពីព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់គង់នៅមានព្រះជន្មនៅឡើយ។ នៅក្នុងសម័យកាលនោះគឺមានរឿងរ៉ាវកើតឡើងក្នុងព្រះពុទ្ធសាសនា ទើបព្រះអង្គទ្រង់បញ្ញត្ដិនូវពិធីបុណ្យចូលព្រះវស្សានេះឡើង។
នៅក្នុងសម័យកាលនោះ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់គង់នៅវត្ដវេឡុវ័នជាវត្ដដែលសម្បូរទៅដោយ ដើមឫស្សី ឬក៏ហៅថាព្រៃឫស្សី(កលន្ទកនិវាបស្ថានទៀបក្រុងរាជគ្រឹះ)។ គ្រានោះឯងការនៅចាំវស្សាព្រះមានព្រះភាគមិនទាន់បានបញ្ញត្ដិនៅ ឡើយទេ មានន័យថា មិនទាន់មានពិធីបុណ្យចូលព្រះវស្សានៅឡើយទេ។ ពួកភិក្ខុទាំងឡាយនៅក្នុងព្រះពុទ្ធសាសនាតែងតែត្រាច់ទៅតាមចារិក ផ្សេងៗ មានន័យថាធ្វើដំណើរទៅតាមសេចក្ដីប្រាថ្នារបស់ខ្លួនឯង ដោយភិក្ខុខ្លះធ្វើដំណើរអស់ហេមន្ដរដូវខ្លះ អស់គិម្ហរដូវខ្លះ និងអស់វស្សានរដូវខ្លះ ដោយមិនមានពេលសម្រាកខែណាមួយឱ្យពិតប្រាកដនៅកន្លែងណាមួយនោះទេ ដោយត្រាច់ទៅតាមចិត្ដចង់។ ដូចនេះហើយពួកមនុស្សទាំងឡាយក៏ពោលទោសតិះដៀលដល់ភិក្ខុនោះថា ពួកភិក្ខុទាំងអស់នេះជាសមណៈជាសក្យបុត្ដិយ៍ មិនសមនឹងត្រាច់ទៅកាន់ចារិកអស់ហេមន្ដរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សារដូវខ្លះ ដោយមិនមានពេលសម្រាកនោះទេ។ ហើយការត្រាច់នេះគឺត្រាច់ទៅដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិតមានឥន្ទ្រីយតែ១ ញ៉ាំងឱ្យសត្វតូចៗជាច្រើនឱ្យដល់នូវសេចក្ដីវិនាសសោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ(ពួកដែលកាន់សាសនាផ្សេងៗ)ក៏គេមានរដូវ ចូលវស្សាដែរ។ សូម្បីតែពួកសត្វស្លាបនេះទៀតសោតក៏គង់ធ្វើសម្បុកលើចុងឈើទាំងឡាយហើយ នឹងសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចម្លែកតែពួកសមណៈជា សក្យបុត្គិយ៍នេះមិនមានចាំវស្សសោះអ៊ីចឹង។ កាលមនុស្សទាំងនោះកំពុងពោលពាក្យតិះដៀលបន្ដុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់ ហើយក៏បានយកពាក្យទាំងនោះទៅក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះឯងរួចហើយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យភិក្ខុចូលវស្សា ប៉ុន្ដែទ្រង់មិនទាន់បានកំណត់ថាពេលណាឱ្យចូលវស្សានោះទេ។ ក្រោយមកទៀតភិក្ខុទាំងឡាយក៏នាំគ្នាឆ្ងល់ថា រដូវមានតែបីនោះទេ តើត្រូវចូលរដូវមួយណា? ភិក្ខុទាំងនោះក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គព្រះត្រាស់ថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យអ្នកទាំងឡាយចូលវស្សានៅក្នុង វស្សានរដូវ(រដូវភ្លៀង)។ ថ្ងៃចូលវស្សាគឺមាន២ដង គឺថ្ងៃបុរិមិកាវស្សា (ចូលវស្សាមុន)និងថ្ងៃបច្ឆិមិកាវស្សា(ចូលវស្សាក្រោយ) ភិក្ខុគួរចូលវស្សាក្នុងថ្ងៃបន្ទាប់នៃថ្ងៃពេញបូណ៍មីខែអាសាធ (ថ្ងៃ១រោចខែ អាសាធ)ចូលវស្សាមុន ហើយថ្ងៃដែលចូលវស្សាទី២គឺពេញបូណ៍មីខែអាសាធ(ថ្ងៃ១រោចខែស្រាពណ៍) ដោយត្រូវចូលជារៀងរាល់ឆ្នាំ ភិក្ខុណាដែលមិនចូលគឺត្រូវអាបត្ដិទុក្កដ(ទោស) ហើយរយៈពេលដែលចូលវស្សានេះគឺមានបីខែ(ខែខ្មែរ)។ ចំពោះមូលហេតុដែលចូលព្រះវស្សាចែកចេញជាពីរនេះគឺដោយសារតែភិក្ខុ ខ្លះមានធុរៈសំខាន់ដែលមិនអាចចូលវស្សាលើកទី១បាន។ ដូចនេះត្រូវលើកទៅ ចូលវស្សាលើកទី២វិញដែលមានរយៈពេលបីខែដូចគ្នា។
សារៈសំខាន់នៃបុណ្យចូលព្រះវស្សា៖
ពិធីបុណ្យចូលព្រះវស្សាមានសារៈសំខាន់ណាស់ចំពោះភិក្ខុសង្ឃ សាមណេរដែលបានចូលបួសជាសមណៈព្រោះថាកាលព្រះវស្សាដែលព្រះពុទ្ធទ្រង់បញ្ញាត្ដិកាលត្រីមាស៣ខែនេះដូចជា ៖
- ធ្វើឱ្យភិក្ខុសាមណេរទទួលបានសង្រួមនៅក្នុងឥន្ដ្រីសំវរៈ
- បានផ្ដល់ឱកាសដល់ភិក្ខុមានសិទ្ធិទទួលអនុមោទនានៃទាយកទាយិកា
- ទទួលបានអានិសង្ឃនៃការកាន់ព្រះវស្សា
- បង្កើនសេចក្ដីជ្រះថ្លាដល់ពុទ្ធបរិស័ទទាំងអស់
- អាចបង្កើតសាមគ្គីភាពរវាងភិក្ខុ និងភិក្ខុនៅក្នុងអាវាស។
កិច្ចដែលភិក្ខុត្រួវប្រតិបត្តិក្នុងពេលចូលព្រះវស្សា៖
តាមព្រះពុទ្ធបញ្ញត្ដិ ព្រះអង្គទ្រង់ហាមមិនឱ្យភិក្ខុសង្ឃទាំងអស់ដែលគង់ក្នុងអារាមនីមួយៗ ចេញពីវត្ដដោយកន្លងរាត្រីបាននោះទេ ក្នុងកាលនៃការចូលកាន់ព្រះវស្សា៣ខែនោះ។ ប៉ុន្ដែដោយមានការទូលសុំពីពួកបរិស័ទ និងភិក្ខុសង្ឃ ព្រះមានព្រះភាគទ្រង់អនុញ្ញាតសត្ដហៈចំនួន៧ថ្ងៃ ដោយមានហេតុកើតឡីងចំពោះភិក្ខុដូចជា ៖
- មាតា ឬបិតាឈឺ
- គ្រូឧបជ្ឈយ៍មានអាពាធ
- មានការនិមន្ដពីពុទ្ធបរិស័ទ
បើមិនមានហេតុទាំងអស់ខាងលើនោះទេ ភិក្ខុមិនអាចនិមន្ដចេញពីអារាមដោយកន្លងរាត្រីបាននោះទេ។ ភិក្ខុដែលលើកសត្តហៈចេញទៅក្រៅវត្តរួចហើយ ត្រូវតែត្រឡប់មកវត្តវិញ ខាងក្នុងអរុណនៃថ្ងៃទីប្រាំពីរ (គឺអាចនៅក្រៅវត្តតែត្រឹម ៦រាត្រី) ។ ភិក្ខុមិនត្រូវនៅក្រៅវត្តឲ្យហួសអរុណនៃថ្ងៃទី៧ឲ្យសោះ ពុំនោះសោតនឹងត្រូវដាច់វស្សានឹងត្រូវអាបត្តិទុក្កដ មិនអាចទទួលអានិសង្សកឋិន និង សង្ឃលាភផ្សេង ៗ ដែលកើតឡើងក្នុងវត្តនោះ បានទៀតផង។
ការចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ ទើបត្រូវតាមពុទ្ធានុញ្ញាតចែកនូវសង្ឃលាភ តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ គ្រាន់តែឲ្យអធិដ្ឋានចូលវស្សាប៉ុណ្ណោះ ។
ការប្រារព្ធពិធីបុណ្យចូលព្រះវស្សា៖
ពិធីបុណ្យចូលព្រះវស្សានេះគេប្រារឰដោយចែកចេញជាពីរផ្នែក គឺផ្នែកពុទ្ធបរិស័ទ និងផ្នែកព្រះសង្ឃ។
១.ផ្នែកពុទ្ធបរិស័ទ ៖ នៅល្ងាចថ្ងៃ១៥កើតខែជេស្ន នាំគ្នាប្រារឰកិច្ចថ្វាយបង្គំព្រះសមាទានសីល បន្ទាប់មកនិមន្ដព្រះសង្ឃ ចំរើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា។ លុះព្រឹកឡើងថ្ងៃ១រោចខែអាសាធ ពេកព្រឹកប្រគេនយាគូដល់ព្រះសង្ឃ ហើយថ្ងៃត្រង់វេរចង្ហាន់បិណ្ឌបាទព្រមទាំងសំពត់សាដក និងបរិក្ខារផ្សេងៗមានទាន ធូប ប្រេង តែ ស្ករជាដើម ប្រគេនព្រះសង្ឃដោយឆ្លងជាកិច្ចបង្ហើយបុណ្យ។
២.ផ្នែកព្រះសង្ឃ ៖ នៅល្ងាចថ្ងៃ១រោចខែអាសាធវេលាម៉ោង៦យប់ព្រះសង្ឃទាំងអស់ក្នុងវត្ដអារាម ផ្សេងៗ បានជួបជុំគ្នានៅក្នុងព្រះវិហារ ដើម្បីប្រារឰពិធីចូលកាន់ព្រះវស្សា ដោយមានព្រះគ្រូចៅអធិការជាអ្នកដឹកនាំកិច្ចនោះ។ ជាដំបូងភិក្ខុទាំងអស់នាំគ្នាថ្វាយបង្គំព្រះបន្ទាប់មកធ្វើពិធីកំណត់ ការចូលកាន់ព្រះវស្សាតែម្ដង។
តំណម៖
ក្នុងរយៈពេលចូលវស្សា ៣ ខែនេះ ពុទ្ធបរិស័ទតែងមានតំណម ដូចជា មិនរៀបមង្គលការកូនចៅ និងមិនសង់ផ្ទះថ្មីជាដើម ដោយចាត់ទុកថាថ្ងៃទាំងអស់ក្នុងកំណត់ ៣ ខែនោះ ជាថ្ងៃឥតមានឫក្សល្អ ឥតមានជោគជ័យ និងឥតមានសិរីសួស្ដី ៕
បទវិចារណកថាខ្លី៖ មួយសំឡេងរបស់អ្នក អាចធ្វើឲ្យកម្ពុជាមានការផ្លាស់ប្ដូរ
Posted by Bona
មួយសំឡេងរបស់អ្នក អាចធ្វើឲ្យកម្ពុជាមានការផ្លាស់ប្ដូរ
យុទ្ធនាការឃោសនាបោះឆ្នោតបានចាប់ផ្ដើមនៅថ្ងៃនេះ វាគឺជាពេលវេលាមួយដែលគណបក្សនយោបាយទាំងឡាយផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនតាមរូបភាពផ្សេងៗ ដូចជា៖ ខិត្តប័ណ្ណ ផ្ទាំងបដា បិទរូបភាពលើរថយន្ដ តាមបណ្ដាញសង្គម ។ល។ ដើម្បីទាញការចាប់អារម្មណ៍ពីម្ចាស់ឆ្នោតនៅទូទាំងប្រទេសកម្ពុជា ។
ប្រៀបដូចជាការលក់ដូរទំនិញអញ្ចឹងដែរ អ្នកលក់ផលិតផលម្នាក់ៗត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានអ្នកទិញច្រើន ពោលគឺគេប្រើប្រាស់គ្រប់វិធីសាស្ដ្រ ដើម្បីឲ្យមានការជឿជាក់ ប៉ុន្តែការឃោសនាដែលមិនស្របតាមការពិតគឺជាបញ្ហាដែលអ្នកទិញត្រូវតែពិចារណាឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តទិញ។
ងាកមកមើលការបោះឆ្នោតវិញក៏ដូច្នោះដែរ យើងជាម្ចាស់ឆ្នោត យើងមានអំណាចគ្រប់គ្រាន់ក្នុងការជ្រើសរើសបេក្ខជន ដែលគួរជាទីពេញចិត្ត និង អាចបម្រើយើងបានយ៉ាងល្អនៅក្នុងសង្គមបែបប្រជាធិបតេយ្យ។ ការស្ដាប់តែមួយជ្រុង ឬ ក៏មើលទៅតែម្ខាងនោះ វាមិនបានឆ្លុះបញ្ចាំងឲ្យយើងនូវការពិតនោះទេ ជាម្ចាស់ឆ្នោតមួយសំឡេងរបស់អ្នកមានតម្លៃណាស់ មិនអាចកាត់ថ្លៃបានទេ ពិសេសនោះអាចធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ ។
ម្ចាស់ឆ្នោតទាំងឡាយគួរតែប្រើសម្បជញ្ញៈរបស់ខ្លួន មិនត្រូវភ្លេចខ្លួននោះឡើយ ក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជាតិខ្មែរ ។ កុំបោះឆ្នោតឲ្យគេ ក៏ព្រោះតែគិតថាជាបក្ខពួកខ្លួន ឬ ដោយហេតុផលផ្សេងៗ ដែលមិនឆ្លុះបញ្ចាំងពីតថភាពពិតជាក់ស្ដែងក្នុងសង្គមជាតិ ត្រូវជ្រើសយកបេក្ខជនដែលមានសមត្ថភាពពិត ដែលអាចបម្រើយើងប្រកបដោយសក្ដានុពល ។
មួយសំឡេងរបស់អ្នក នឹងធ្វើឲ្យសង្គមអ្នកមានការផ្លាស់ប្ដូរ មានវឌ្ឍនភាព នៅពេលដែលអ្នកប្រើប្រាស់សិទ្ធិរបស់អ្នកបានត្រឹមត្រូវ និង ប្រកបទៅដោយការពិចារណាខ្ពស់បំផុត ៕
Posted in បទវិចារណកថា
Tags: គ្មាន ចំណាត់ក្រុម, បេសកម្មតន្ត្រី, Facebook, Login, Online Communities, Social Networking, Twitter, Unicode
សម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
Posted by Bona
សម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ៤នៅអាស៊ីដែលមានឱកាសធ្វើជាប្រធាន និង ជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តិទៅពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣ ។
គណៈប្រតិភូប្រមាណ ១៣០០នាក់ មកពីប្រទេសចំនួនជាង ១២០ ដែលជាសមាជិកអនុសញ្ញាឆ្នាំ ១៩៧២ ស្ដីពីការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និង ធម្មជាតិ នៃអង្គការយ៉ូណេស្កូ នឹងចូលរួមក្នុងព្រឹត្តិការណ៍ជាសកលនេះ ។ រាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងប្រវត្តិសាស្ដ្រ នៃការចុះបញ្ជីសម្បត្តិបេតិកភណ្ឌជាតិរបស់ប្រទេសនានាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបច្ចុប្បន្ននេះ មានសម្បត្តិបេតិកភណ្ឌពិភពលោកសរុបចំនួន ៩៦២ រួចជាស្រេច ។ សម័យប្រជុំពេញអង្គមានភារកិច្ច៖
១–ធ្វើអត្តសញ្ញាណសម្បត្តិវប្បធម៌ និង ធម្មជាតិដែលមានតម្លៃជាសកល និង មិនអាចកាត់ថ្លៃបាន ដោយផ្អែកលើសំណើរបស់រដ្ឋភាគី ដើម្បីទទួលបានការការពារ អនុលោមតាមអនុសញ្ញា និង ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
២–ត្រួតពិនិត្យស្ថានភាពអភិរក្សនៃសម្បត្តិវប្បធម៌បានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយសហការជាមួយរដ្ឋភាគី និង សម្រេចថាតើមានសម្បត្តិវប្បធម៌ណាដែលត្រូវចុះបញ្ជីបេតិកភណ្ឌពិភពលោកក្នុងស្ថានភាពគ្រោះថ្នាក់ ឬ ដកចេញពីបញ្ជីនេះ ព្រមទាំងសម្រេចថាតើសម្បត្តិវប្បធម៌ណាមួយដែលត្រូវលុបចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ។
៣–ពិនិត្យសំណើសុំជំនួយហរិញ្ញវត្ថុអន្តរជាតិដែលគាំទ្រថវិការដោយមូលនិធិបេតិកភណ្ឌពិភពលោក ។
http://whc.unesco.org/en/sessions/37COM/
ស្វែងយល់ពីពាក្យខ្មែរ ៖ កាលានុវត្ត និង កាលានុវត្តភាព
Posted by Bona
ថ្ងៃនេះខ្ញុំលើកយកពាក្យចំនួន២មកបង្ហាញអ្នកទាំងអស់គ្នា ដែលក្នុងនេះរួមមានពាក្យដូចជា ៖ កាលានុវត្ត និង កាលានុវត្តភាព ។ ពាក្យទាំង ២ នេះមិនមាននៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជទេ ប៉ុន្ដែមាននៅក្នុងវចនានុក្រម ទិប យក់ថាវគុណ ។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំង២ នេះ ៖
កាលានុវត្ត (គុ ឬ កិ) (មកពីពាក្យ កាល + អនុវត្ត) ៖ ដែលត្រូវពេល សមស្របទៅនឹងពេលវេលា គួរដល់កាលដែលត្រូវធ្វើ ។ល។ ឧទាហរណ៍៖ កាលានុវត្តកិច្ចបានមកដល់ហើយ ដោយសារមានវិនិយោគជាច្រើនបានចូលមករកស៊ីនៅកម្ពុជា ហេតុនេះយើងត្រូវចាប់យកកិច្ចការនេះធ្វើ កុំទុកឲ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍ ។
កាលានុវត្តភាព (ន) ភាពដែលសមស្រប ដែលគួរដល់កាលវេលាត្រូវធ្វើ ដែលដល់កាលវេលាត្រូវអនុវត្ត ។ ឧទាហរណ៍៖ នៅតាមក្រុមហ៊ុន ឬ អង្គការនានាបានបង្កើតនូវកាលានុវត្តភាពសម្រាប់ប្រជាជនទូទៅ ដោយមិនប្រកាន់ពីរភេទ ចាស់ក្មេង ប្រុសស្រី។
បណ្ឌិត ច័ន្ទ សំណព្វ
រំឭកខួបលើកទី ៦៤ នៃថ្ងៃបាត់បង់ដែនដីកម្ពុជាក្រោម ០៤ មិថុនា ១៩៤៩ – ០៤ មិថុនា ២០១៣
Posted by Bona
ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រ កាសច្បាប់ លេខ ៤៩–៧៣៣ មានសេចក្តីទាំងស្រុងដូចតទៅនេះ៖
យោងតាមមតិពីរដ្ឋសភា នៃសហភាពបារាំងសែស, រដ្ឋសភានិងក្រុមប្រឹក្សា នៃសាធារណរដ្ឋបារាំង បានសម្រេច ហើយអនុមតិដោយរដ្ឋសភានៃសាធារណរដ្ឋបារាំងប្រធានាធិបតី នៃសាធារណរដ្ឋប្រកាស ច្បាប់ដូចតទៅ នេះ៖
មាត្រា ១ – ក្នុងក្របខណ្ឌមាត្រា ៦០ នៃសាធារណរដ្ឋបារាំងសែស និងតាមមតិរបស់សភាកូស័ងស៊ីន នាសម័យប្រជុំថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈទឹកដីកូស័ងស៊ិនត្រូវបានកែប្រែតាមមាត្រាដូចខាងក្រោម៖
មាត្រា ២ – ទឹកដីកូស័ងស៊ីន ត្រូវបានតភ្ជាប់ទៅជារដ្ឋចំណុះរបស់យួន យោងតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៤៨ និងសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំង ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដីកូស័ងស៊ីនឈប់ ស្ថិតនៅក្នុងលក្ខន្តិកៈ ជាទឹកដីឯនាយសមុទ្រ របស់បារាំងទៀតហើយ ។
មាត្រា ៣ – ក្នុងករណីដែលលក្ខន្តិកៈស្រុកយួនត្រូវកែប្រែលក្ខន្តិកៈ កូស័ងស៊ីន ត្រូវចាត់ទុកជាកម្មវត្ថុ នៃការ សម្រេចចិត្តរបស់សភាខាងលើដូចបាន ចែងនៅក្នុងមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ ( ជំពូក ៨ នៃសភាបារាំងសែស ) ។
ច្បាប់នេះនឹងត្រូវបានអនុវត្តដូចជាច្បាប់រដ្ឋ ។
ធ្វើនៅទូលូ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
ហត្ថលេខា
វែនសង់ អូរិយ៉ូល( ប្រធានាធិបតី)
ហត្ថលេខា
ហង់រី កឿយ (នាយករដ្ឋមន្ត្រី)
ហត្ថលេខា
ប៉ូលកូស ផ្លរ៉េ (រដ្ឋមន្ត្រីទឹកដីបារាំងឯនាយសមុទ្រ)
ដែនដី កូស័ងស៊ីន ឫុ កម្ពុជាក្រោម មានទំហំ ៦៧ ពាន់ គីឡូម៉ែត្រក្រឡា នៅតំបន់ដីសណ្តទន្លេមេគង្គ ។
ការប្រារព្ធ ទិវា ៤ មិថុនា មានសារៈសំខាន់ខា្លងណាស់សម្រាប់ប្រជាជាតិខ្មែរ ដើម្បីធ្វើឱ្យមតិជាតិ និងអន្តរជាតិបានដឹងបានយល់ថា ដែនដីនៃប្រទេសកម្ពុជាមួយភាគធំ ត្រូវបានកាត់ផ្ដាច់ចេញឲ្យទៅជា រដ្ឋចំណុះវៀតណាម ហើយប្រជាជាតិខ្មែរក្រោមរាប់លាននាក់ ត្រូវបានឋិតនៅក្រោមនឹមអាណានិគមវៀត ណាមរហូតមកដល់ បច្ចុប្បន្ន ។
០៤ មិថុនា ជាថ្ងៃរំឭកនូវប្រវត្តិតស៊ូអង់អាចក្លាហាន របស់វីរសមណៈ វីរបុរស វីរនារី ខ្មែរក្រោមគ្រប់ សម័យកាលដែលបានពលីកម្មជីវិតដើម្បីការពារនូវកេរដំណែលវប្បធម៌ ជាតិខ្មែរនៅកម្ពុជាក្រោមឲ្យបានគង់វង្សរហូតមកដល់ សព្វថ្ងៃ ។
០៤ មិថុនា ជាទិវាបង្កលក្ខណៈសាមគ្គីជាតិ និងដើម្បីបង្កាមិនឲ្យបរទេសយួន និងសៀមទន្ទ្រានយក ទឹកដីខ្មែរពីប្រទេសកម្ពុជា សព្វថ្ងៃ បានទៀត ។ល។
សារព័ត៌មាន ព្រៃនគរ
Posted in កម្ពុជាក្រោម
Tags: External Recources, Facebook, IMO, Login, Social Networking, Twitter, Unicode, Vincent Auriol