កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសហភាពអឺរុប-អាស៊ានៈ ករណីរបស់លោកស្រី អ៊ុង ស៊ានស៊ូជី ត្រូវបានលើកយកមកពិភាក្សា ខែមិថុនា 9, 2009
Posted by Bona in សិទ្ធិមនុស្ស.add a comment
ដោយ ស្ទេហ្វានី ហ្សេ
០៤-០៦-២០០៩

© ចន វីង/ Magnum
កម្មវិធីជាន់គ្នាដោយចៃដន្យ
ជា ហេតុចៃដន្យ ជំនួបអន្តរជាតិរវាងសហភាពអឺរុបនិងអាស៊ាន ត្រូវបានរៀបចំឡើងចំពេលនឹងការលើកលែងការឃុំខ្លួននៅគេហដ្ឋាន របស់លោកស្រី អ៊ុង សានស៊ូជី ប៉ុន្តែ ក៏ចំពេលចាប់ផ្តើមការបើកការជំនុំជម្រះជាផ្លូវការលើរូបលោក ស្រី កាលពី១០ថ្ងៃមុននេះ (ថ្ងៃទី១៨ ឧសភា) ហើយដែលនឹងកំពុងបន្តធ្វើរហូតមកទល់សព្វថ្ងៃ។ រដ្ឋាភិបាលយោធាភូមាបានចោទប្រកាន់ជ័យលាភីរង្វាន់ណូប៊ែល សន្តិភាពឆ្នាំ១៩៩១ រូបនេះ ពីបទរំលោភគោលការណ៍នៃការឃុំខ្លួននៅគេហដ្ឋាន បន្ទាប់ពីជនជាតិអាមេរិកាំងម្នាក់បានហែលឆ្លងទឹកបឹងទៅផ្ទះរបស់ លោកស្រី។ គួរបញ្ជាក់ថា ចាប់តាំងពីគណបក្សរបស់លោកស្រីបានឈ្នះការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ១៩៩០ លោកស្រីត្រូវបានចាប់ឃុំខ្លួន អស់រយៈពេលសរុប១៣ឆ្នាំ។ អ្នកសង្កេតការណ៍មួយចំនួនយល់ឃើញថាការកាត់ទោសថ្មីនេះ មានគោលបំណងរារាំងលោកស្រី មិនអោយចូលរួមការបោះឆ្នោតថ្នាក់ជាតិខាងមុខ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ ក្រោយនេះ។
ទន្ទឹមនឹងនេះ បាតុកម្មអហិង្សាមួយត្រូវបានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា នៅមុខស្ថានទូតភូមាប្រចាំទីក្រុងភ្នំពេញ ដោយមានការចូលរួមពីសំណាក់សកម្មជនការពារសិទ្ធិមនុស្សកម្ពុជា និងជនជាតិភូមាជាច្រើន នាក់ ដើម្បីទាមទារអោយមានការដោះលែងលោកស្រីអ៊ុង សានស៊ូជី និងអ្នកទោសនយោបាយចំនួន២ពាន់នាក់ផ្សេងទៀត។ ម្យ៉ាងទៀត ក្រុមបាតុករក៏បានអំពាវនាវដល់តំណាងប្រទេស ដែលបានចូលរួមកិច្ចនៅក្នុងប្រជុំកំពូលលើកនេះអោយដាក់សំពាធលើ រដ្ឋាភិបាលយោធាភូមា ទាក់ទងនឹងករណីរបស់លោកស្រីអ៊ុង សានស៊ូជី។
លោកស្រី ពុង ឈីវកេក ប្រធានសម្ព័ន្ធខ្មែរជំរឿនការពារសិទ្ធិមនុស្ស (លីកាដូ) បានពន្យល់ថា «យើងគាំទ្រសេចក្តីថ្លែងការណ៍របស់អាស៊ាន ហើយយើងសង្ឃឹមថា នៅក្នុងកិច្ចប្រជុំអាស៊ាន-សហភាពអឺរុប ប្រទេសជាសមាជិកអាស៊ាននឹងនិយាយអំពីការដោះលែងលោកស្រីអ៊ុង សានស៊ូជី ដើម្បីជម្រុញតំណាងប្រទេសភូមា អោយលើកយកបញ្ហានេះទៅពិភាក្សាជាមួយមេដឹកនាំរបស់ខ្លួន ក្នុងគោលបំណងដោះលែងលោកស្រីអោយមានសេរីភាពឡើងវិញ។
ការជជែកពិភាក្សា ទាក់ទងនឹង «មីយ៉ាន់ម៉ា-ភូមា»
ជាក់ស្តែង ជ័យលាភីពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ១៩៩១រូបនេះមិនត្រូវបាន បំភ្លេច នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះនោះទេ។ ដោយឡែក បញ្ហារបស់លោកស្រី អ៊ុង សានស៊ូជី ក៏ត្រូវបានលើកឡើងរួចមកហើយ នៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ ទី២៦ ឧសភា ដោយមានការចូលរួមពីសំណាក់បណ្តាប្រទេសអាស៊ីផ្សេងៗ រួមមានប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសមីយ៉ាន់ម៉ាផងដែរ។ លោកស្រី រ៉ាម៉ា យ៉ាត (Rama Yade) រដ្ឋលេខាធិការក្រសួងការបរទេសនិងសិទ្ធិមនុស្សនៃប្រទេសបារាំង បានសំដែងសោមនស្សរីករាយ នៅក្រោយកិច្ចប្រជុំកំពូល នាទីក្រុងភ្នំពេញថា «ខ្ញុំបានចូលរួមរាល់កិច្ចប្រជុំកំពូលអាស៊ាន-អឺរុប អស់រយៈពេល២ឆ្នាំមកហើយ ហើយយើងមិនបាននិយាយអំពីប្រទេសភូមានោះទេ។ នៅទីនេះ គ្រប់គ្នានិយាយអំពីវា មិនថាជនជាតិអាស៊ី និងចិន»។
នៅ ថ្ងៃទី១នៃកិច្ចប្រជុំកំពូលនេះ លោក Maung Myint តំណាងប្រទេសមីយ៉ានម៉ា បានឡើងថ្លែងសុន្ទរកថាដ៏វែងមួយ ដោយគ្មានភាពភ្ញាក់ផ្អើលអ្វីឡើយ។ លោកបានអះអាងប្រាប់អង្គប្រជុំប្រមុខការទូតអាស៊ាន និងសហភាពអឺរ៉ុបថាការចាប់ខ្លួនលោកស្រីអ៊ុង សានស៊ូជី គឺជាសិទ្ធិរបស់ប្រទេសលោក ព្រោះលោកស្រី អ៊ុង សាន ស៊ូជី ត្រូវបានចាត់ទុកថាជា «ជនបំផ្លាញ»។ ម្យ៉ាងទៀត លោកមិនអាចទទួលបានទេចំពោះការជ្រៀតជ្រែកពីបរទេស នៅក្នុងកិច្ចការនេះ។ លោកបានគូសបញ្ជាក់ថា «វាគឺជាកិច្ចការផ្ទៃក្នុង… មិនមែនជាកិច្ចការសិទ្ធិមនុស្ស ហេតុដូច្នេះ យើងមិនអាចទទួលយកបានទេ នូវការដាក់សំពាធ និងការជ្រៀតជ្រែកពីបរទេស»។ លោកក៏បានថ្កោលទោសចំពោះការបដិសេធរបស់សហភាពអឺរុប ក្នុងការហៅប្រទេសរបស់លោកថា «មីយ៉ាន់ម៉ា» (ឈ្មោះផ្លូវការ ដែលរដ្ឋាភិបាលយោធាបានដាក់ ចាប់តាំងពីឆ្នាំ១៩៨៩មក។ សហភាពអឺរុបប្រើប្រាស់ឈ្មោះ «មីយ៉ាន់ម៉ា-ភូមា» ខណៈពេលប្រទេសបារាំងហៅ «ភូមា» ដោយបានចាត់ទុកអំណាចគ្រប់គ្រងនៅក្នុងប្រទេសជាអំណាចខុស ច្បាប់ ចំណែកលទ្ធផលនៃការបោះឆ្នោតលើកចុងក្រោយ នៅឆ្នាំ១៩៩០ មិនត្រូវបានគោរព។
យោងតាមប្រសាសន៍របស់លោកស្រីរដ្ឋលេខាធិការ បារាំង សេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំ កំពូលទាំងពីរលើកនេះ បានលើកឡើងអំពីករណីប្រទេសភូមា «យ៉ាងគាប់ចិត្ត» មានន័យថា អង្គប្រជុំបានអំពាវនាវសុំអោយមានការដោះលែងលោកស្រី អ៊ុង សានស៊ូជី និងអ្នកទោសនយោបាយផ្សេងទៀត ហើយនិងសុំអោយមានដំណើរការផ្សះផ្សារជាតិមួយ រួមទាំងការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យ។ ម្យ៉ាងវិញទៀត អង្គប្រជុំក៏បានអះអាងទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ។
ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលបិទបញ្ចប់កិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជាបានលើកឡើងអំពីកិច្ចពិភាក្សាជាច្រើន ទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា ហើយបញ្ហានៅប្រទេសនេះ គឺត្រូវបានសហភាពអឺរុបជាអ្នកជម្រុញអោយមានការពិភាក្សានេះឡើង។ លោករដ្ឋមន្រ្តីក៏បានគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ប្រទេសថៃ ដែលបានអំពាវនាវ ក្នុងនាមអាស៊ាន សុំអោយអោយរដ្ឋាភិបាលយោធាភូមាដោះលែងលោកស្រីអ៊ុង សានស៊ូជី អោយបានឆាប់រហ័ស។
តើមានលទ្ធផលអ្វី សម្រាប់រដ្ឋមីយ៉ាន់ម៉ា?
ជា ជំហានដំបូង រដ្ឋាភិបាលយោធាភូមាត្រូវបានថ្កោលទោសជាឯកច្ឆ័ន្ទពីសំណាក់ «សហគមន៍អន្តរជាតិ» រួមទាំងពីសំណាក់សម្ព័ន្ធមិត្តផ្នែកសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរបស់ ប្រទេសភូមាផងដែរ។ ទោះជាយ៉ាងណា រដ្ឋាភិបាលយោធាមិនគិតចង់ធ្វើការផ្លាស់ប្តូរគោលជំហរឡើងវិញនោះទេ ហើយហាក់បីដូចជានៅតែដាក់បន្ទុកទៅលើស្រ្តីប្រឆាំងជាប្រវត្តិសាស្រ្ត រូបនេះដដែល។ លោកស្រីរ៉ាម៉ា យ៉ាត មានប្រសាសន៍ថា៖ «នេះមិនមែនជាបរាជ័យនោះទេ។ ខ្ញុំយល់ឃើញថាជំហានដ៏សំខាន់ត្រូវបានឆ្លងផុតហើយ។នៅប្រទេសភូមា ខ្ញុំជឿជាក់ថាពិតមានអ្វីបានកើតឡើង។ នៅពេលយើងធ្វើការប្រៀបធៀបជាមួយរយៈពេល២ឆ្នាំកន្លងទៅនេះ យើងសង្កេតឃើញថាមានការផ្លាស់ប្តូរមួយចំនួន»។
លោកស្រី រដ្ឋលេខាធិការបារាំងរូបនេះបានធ្វើការពន្យល់បកស្រាយអំពីកិច្ចខិត ខំប្រឹងប្រែងការទូត ដែលត្រូវយកមកអនុវត្តនៅក្នុងកិច្ចប្រជុំកំពូលនេះថា៖ «នៅពេលចាប់ផ្តើម ប្រទេសវៀតណាមមិនត្រូវការឯកសារ ដែលនិយាយអំពីប្រទេសភូមានោះទេ។ យើងបានពុះពារតស៊ូ ហើយក៏បានទទួលជោគជ័យ។ រាល់ការតស៊ូទាំងនេះ មិនមែនមានន័យថា ‘ឯងចង់ ឯងអាច’ នោះទេ! [...]។ កិច្ចប្រជុំទាំងនេះគឺជាឱកាសវាស់ស្ទង់ការប្រៀបធៀបកម្លាំង បច្ចុប្បន្នរបស់ប្រទេសភូមា។ នៅទីនេះ ខ្ញុំគិតថាយើងពិតជាមានការរីកចម្រើនប្រាកដមែន។ ខ្ញុំមិនគិតថាយើងអាចត្រឡប់ថយក្រោយវិញនោះទេ»។
ផ្តើមចេញពីគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុង មកជាគណៈកម្មការសិទ្ធិមនុស្ស
ជំនួប ពិភាក្សាស្តីពីប្រទេសមីយ៉ានម៉ា បានសំដែងអោយឃើញជាពិសេសអំពីការផ្លាស់ប្តូរចរឹតរបស់ប្រទេស អាស៊ាន ចំពោះ «គោលការណ៍មិនជ្រៀតជ្រែងផ្ទៃក្នុង»។ រហូតមកទល់សព្វថ្ងៃនេះ រដ្ឋាភិបាលនៃបណ្តាលរដ្ឋជាសមាជិកអាស៊ាននៅតែរក្សាមិនបញ្ចេញ ប្រតិកម្មចំពោះសភាពការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគោរពទៅតាមគោលការណ៍នេះ។ ប៉ុន្តែ បន្ទាប់ពីការផ្តល់សច្ចាប័នលើធម្មនុញ្ញអាស៊ានកាលពីប៉ុន្មានខែ កន្លងមកនេះ ការផ្លាស់ប្តូរបានចាប់ផ្តើម។ នៅក្នុងធម្មនុញ្ញអាស៊ាន មានបញ្ចូលមាត្រា ដែលកំណត់អោយប្រទេសជាសមាជិកត្រូវគោរពសិទ្ធិមនុស្ស និងត្រូវបង្កើតស្ថាប័នមួយទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។ លោកស្រី រ៉ាម៉ា យ៉ាត បានសំដែងសោមនស្សរីករាយថា «ពីទីក្រុងហាណូយ មកកាន់ទីនេះ ខ្ញុំមិនមែនបានលឺពាក្យអន្តរាគមន៍តែមួយដងនោះទេ សូម្បីចេញពីសំណាក់ប្រទេសតំបន់អាស៊ី។ គ្រប់គ្នាបាននិយាយពាក្យនេះ ទោះបីគ្រាន់តែដើម្បីរិះគន់ក៏ដោយ»។
ការថ្កោលទោសលើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង
ប្រធាន បទមួយផ្សេងទៀតក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ នោះគឺការសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែ ឧសភា។ តំណាងអាស៊ានបានសម្រេចជាឯកច្ឆ័ន្ទធ្វើការថ្កោលទោស និងប្រកាសគាំទ្រគំនិតរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហ ប្រជាជាតិ។ លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា «យើងព្យាយាមស្វែងរកវិធានការដ៏ត្រឹមត្រូវ និងដាក់គំនាបលើ[ប្រទេសកូរ៉េខាងជើង] អោយត្រឡប់មកកាន់តុចរចាវិញ។ កាលពីនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានធ្វើការថ្កោលទោសការសាកល្បងរបស់កូរ៉េខាងជើងថា៖ «ខ្ញុំគិតថា ពិភពលោកលែងមានសន្តិភាព រឺស្ថេរភាពដូចមុនទៀតហើយ ខណៈពេលប្រទេសកាន់តែច្រើនមានអាវុធនុយក្លេអ៊ែរ រឺអាវុធប្រល័យលោក»។
វិបត្តិសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ
វិបត្តិ សេដ្ឋកិច្ចនិងការប្រែប្រួលអាកាសធាតុគឺជារបៀបវារៈសំខាន់បំផុតនៃ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សហភាពអឺរុប។ ទោះជាយ៉ាងណា ប្រធានបទទាំង២ពីរត្រូវបានបាំងបិទអ័ព្ទពន្លឺបន្តិចបន្តួចដោយ ប្រធានបទ ទាក់ទងនឹងបច្ចុប្បន្នភាពពិភពលោក។ បញ្ហាសំខាន់គឺត្រូវដឹងថាតើវិបត្តិសេដ្ឋកិច្ចនឹងមានផលប៉ះពាល់ អ្វីខ្លះលើការដោះដូរពាណិជ្ជកម្មរវាងតំបន់ទាំងពីរ ដែលសព្វថ្ងៃនេះ បានកើនឡើងរហូតដល់១៣៤ពាន់លានអឺរូ (ប្រហែល១៩១ពាន់លានដុល្លារ)។ អាស៊ានគឺជាគោលដៅពាណិជ្ជកម្មសំខាន់ជាងគេបំផុតទី៥ របស់សហភាពអឺរុប។ ចំណែកសហភាពអឺរុបគឺជាប្រភពវិនិយោគទុនបរទេសសំខាន់ជាងគេបំផុត នៅតំបន់អាស៊ាន។ សហភាពអឺរុបក៏ជាទីផ្សារមួយ ចំណោមទីផ្សារនាំចេញផលិតផលកសិកម្មរបស់អាស៊ីផងដែរ។
អាស៊ាន-សហភាពអឺរុបៈ សមាគមពីរ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា?
នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៧នេះ លក្ខណៈប្រហាក់ប្រហែលគ្នារវាងសហភាពអឺរុប និងអាស៊ានក៏ត្រូវបានពិភាក្សាច្រើនផងដែរ។ សមាគមទាំងពីរត្រូវបានបង្កើតឡើង ក្នុងគោលបំណងតែមួយ គឺការពារសន្តិភាព ស្ថេរភាព និងវិបុលភាព ក្រោយពីបញ្ចប់សម័យកាលជម្លោះជាច្រើននៅក្នុងតំបន់រួចមក។ ក្រោយកិច្ចប្រជុំ តំណាងតំបន់ទាំងពីរបានធ្វើការផ្លាស់ប្តូរការអនុវត្តល្អទៅវិញ ទៅមក ស្តីពីការកាត់បន្ថយភាពខុសគ្នានៃការអភិវឌ្ឍន៍រវាងប្រទេសសមាជិក តាមរយៈយន្តការសមាហរណកម្មថ្នាក់តំបន់។ លោក Surin Pitsuwan អគ្គលេខាធិការអាស៊ាន បានថ្លែងនៅក្នុងកិច្ចបើកអង្គប្រជុំថា «យើងចង់ស្តាប់ ប្រៀបធៀបការអនុវត្តល្អប្រសើរ… យើងប្រហែលជាមិនត្រូវការចាប់យកទាំងអស់នោះទេ ប៉ុន្តែ គោលបំណងគឺសិក្សា និងបង្កើតការអនុវត្តល្អប្រសើរផ្ទាល់របស់យើង»។ «ប្រសិនជាអាស៊ានសម្រេចជោគជ័យ មានន័យថាពិភពលោកនឹងអស់តំបន់មួយ ដែលគេត្រូវព្រួយបារម្ភ»។
ការលំបាកស្វែងរកមូលនិធិរួម របស់អាស៊ានក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ បញ្ហានេះបណ្តាលមកពីការបាត់ប្រាក់ចំណូលដែលបានមកពីពន្ធគយនិង សារពើពន្ធ។ ដើម្បីជួយសមាគមនេះ សហគមន៍អឺរុបបានផ្តល់ថវិកា ១,៣ពាន់លានអឺរូ (១,៨ពាន់លានដុល្លារ) ដល់រដ្ឋសមាជិកអាស៊ាន និង៧០លានអឺរូ (១០០,១លានដុល្លារ) ដល់លេខាធិការដ្ឋានអាស៊ាន សម្រាប់រយៈពេល២០០៧-២០១៣។
ទំនាក់ទំនងរវាងអាស៊ាន-អឺរុបត្រូវបានរឹតបន្តឹង អស់រយៈពេល៣០មកហើយ
ទំនាក់ ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរុប មានរយៈកាលជាង៣០ឆ្នាំមកហើយ។ នៅឆ្នាំ១៩៧៧ អាស៊ាននិងសហគមន៍សេដ្ឋកិច្ចអឺរុប (អតីតភាពរបស់សហភាពអឺរុប) បានបង្កើតទំនាក់ទំនងរវាងគ្នាជាផ្លូវការលើកដំបូង ហើយនៅឆ្នាំ១៩៧៨ តំណាងសមាគមទាំងពីរបានជួបប្រជុំគ្នាជាលើកទី១ នៅទីក្រុង Bruxelles (ប៊ែលហ្សិក)។ នៅឆ្នាំ១៩៨០ កិច្ចព្រមព្រៀងសហប្រតិបត្តិការដំបូងរវាងអាស៊ាន និងសហគមន៍សេដ្ឋកិច្ចអឺរុបត្រូវបានចុះហត្ថលេខា។ កិច្ចព្រមព្រៀងនេះតម្រូវអោយរៀបចំជំនួបបច្ចេកទេសនិងជំនួបថ្នាក់ រដ្ឋមន្រ្តី រយៈពេល២លើក ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០០៧ សេចក្តីថ្លែងការណ៍ទីក្រុងនុយរ៉ង់ប៊ែរ (Nuremberg) បានកំណត់អោយមាននយោបាយមួយ ដើម្បីពង្រឹងសហប្រតិបត្តិការរវាងសហភាពអឺរុបនិងអាស៊ាន ក្នុងនោះមានវិស័យថ្មីពីរ គឺនយោបាយ-សន្តិសុខ និង ពាណិជ្ជកម្ម-វិនិយោគទុន ព្រមទាំងសន្តិសុខថាមពល និងការប្រែប្រួលអាកាសធាតុ។
អាស៊ាន (១០ប្រទេស)
សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ ក្រោយមក មានសមាជិកចូលរួមដូចជា ប្រទេសប្រ៊ុយណេ (១៩៨៤) វៀតណាម (១៩៨៥) ឡាវ និងមីយ៉ាន់ម៉ា (១៩៩៧) និងកម្ពុជា (១៩៩៩)។
សហភាពអឺរុប (២៧ប្រទេស)
នៅ ឆ្នាំ១៩៥៧ សន្ធិសញ្ញាទីក្រុងរ៉ូម ត្រូវបានចុះហត្ថលេខាដោយស្ថាបនិកចំនួន៦ប្រទេស រួមមាន Benelux (ប៊ែលហ្សិក ឡុចហ្សំបួរ និងហូឡង់) បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ដើម្បីបង្កើតសហគន៍សេដ្ឋកិច្ចអឺរុប ហើយក្រោយមក ក្លាយជាសហភាពអឺរុប នៅឆ្នាំ១៩៩៣។ មានសមាជិកចូលរួមបន្ថែម ដូចជាប្រទេសដាណឺម៉ាក ចក្រភពអង់គ្លេស និងអៀរឡង់ (១៩៧៣) ប្រទេសក្រិក (១៩៨១) អេស្ប៉ាញនិងព័រទុយហ្គាល់ (១៩៨៦) អូទ្រីស ហ្វាំងឡង់ និងស៊ុយអែដ(១៩៩៥) សាធារណរដ្ឋឆែក ស្លូវ៉ាគី ប៉ូឡូញ ស្លូវេនី លីទុយអានី ហ្សីព្រ ម៉ាលត៍ និងហុងគ្រី (២០០៤) រ៉ូម៉ានី និងប៊ុយហ្គារី (២០០៧)។






