សម្ដេចឪនឹងដឹកនាំការតស៊ូដើម្បីការពារប្រាសាទព្រះវិហារបើសៀមឈ្លានពាន ខែកក្កដា 31, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ ផាន សូផាត
2008-07-30
ព្រះ មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានមានព្រះរាជឱង្ការថាព្រះអង្គនឹងដឹកនាំការតស៊ូដើម្បីការពារ ប្រាសាទព្រះវិហារនិងប្រទេសកម្ពុជា ប្រសិនបើប្រទេសថៃធ្វើការឈ្លានពានវាតទីយកនោះ ។
សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជឱង្ការនៅក្នុងព្រះរាជសារដែលបានធ្វើឡើងតាំងតែពីចុងខែ ធ្នូ ឆ្នាំ២០០៣ ប្រទានចំពោះអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់ព្រះអង្គជាជនជាតិ អូស្ត្រាលី គឺលោក Julio Jeldres ហើយដែលទើបនឹងចេញផ្សាយក្នុងព្រឹត្តិបត្រ បេអឹមដេ នៅក្នុងសប្តាហ៍នេះ គឺនៅក្រោយពេលដែលប្រទេសកម្ពុជាមានជម្លោះជាមួយប្រទេសថៃនោះ ព្រះមហាវីរក្សត្របានបញ្ជាក់ថា ៖ “ខ្ញុំយល់ឃើញថា យើងមិនត្រូវរំឭកឬសរសេរឡើងវិញនូវរឿងប្រាសាទព្រះវិហារទេ ។ ការកាត់ក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ គឺជាការបញ្ជាក់ច្បាស់លាស់ណាស់ទៅហើយ” ។
នៅក្នុងព្រះរាជសារជាភាសាបារាំងដែលវិទ្យុអាស៊ីសេរីទទួលបានហើយ មានការបកប្រែក្រៅផ្លូវការនោះ ព្រះមហាវីរក្សត្របានមានព្រះរាជឱង្ការថា ៖ “ចំពោះពួកថៃដែលនៅតែបន្តចង់ទាមទារយកប្រាសាទព្រះវិហារនោះ គ្មាននរណាអាចឃាត់ឃាំងពួកគេដោយការសរសេរឬនិយាយឲ្យពួកថៃនេះ បញ្ឈប់ការចង់ទាមទារប្រាសាទព្រះវិហារ ឬក៏អង្គរវត្តនោះឡើយ ។ បើពួកថៃមិនធ្វើដូចហ៊ីត្លែរ ដែលគាត់បានលើកកងទ័ពដ៏មហិមារបស់គាត់ ក្នុងឆ្នាំ១៩៣៩-១៩៤០ ដើម្បីលុកលុយយកទឹកដី L’Alsace និង Lorrain នៅប្រទេសបារាំងនោះទេ ពួកថៃមិនអាចយកជោគជ័យក្នុងការវាតទីយកទឹកដីប្រទេសកម្ពុជា និងប្រាសាទព្រះវិហារនោះបានទេ” ។
ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលជាអ្នកដឹកនាំការទាមទារប្រាសាទព្រះវិហាររហូតដល់ទទួលបានជោគជ័យ ក្នុងការសម្រេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានបញ្ជាក់ទៀតថា ៖ “យ៉ាងណាក៏ដោយចុះក្នុងករណីនេះទោះបីជាខ្ញុំមានវ័យចំណាស់ហើយក៏ ដោយ ខ្ញុំនឹងចូលព្រៃម៉ាគីដើម្បីប្រយុទ្ធប្រឆាំងនឹងពួកវាតទីនិយមថៃ នៅពេលដែលកងទ័ពថៃចូលឈ្លានពានកម្ពុជានោះ” ។
គួរបញ្ជាក់ថាប្រាសាទព្រះវិហារខ្មែរដែលស្ថិតលើភ្នំដងរែកក្បែរ ព្រំដែនថៃនោះបានកើតជាជម្លោះរវាងខ្មែរនិងថៃជាយូរមកហើយ រហូតដល់មានការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ នាឆ្នាំ១៩៦២ ថាតំបន់ប្រាសាទព្រះវិហារនោះស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្មែរ ។
ប៉ុន្តែជម្លោះបានកើតមានសាជាថ្មីទៀតនៅតំបន់ព្រំដែនក្បែរ ប្រាសាទព្រះវិហារ ក្រោយពេលដែលប្រទេសកម្ពុជាបានប្រកាសពីការចូលឈ្លានពានរបស់ថៃ ជាពិសេសគឺការចូលកាន់កាប់ទឹកដីនៃវត្តសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកដែលប្រទេសថៃធ្លាប់បានធ្វើការប្រឆាំងជំទាស់ជា យូរមកហើយ ។
ក្រោយពីការចូលលុកលុយនោះប្រទេសកម្ពុជាបានធ្វើការចរចាជាមួយនឹង ប្រទេសថៃមួយលើកជាពីរលើករួចមកហើយ ដើម្បីឲ្យមានការដកកងទ័ពចេញពីតំបន់នោះ ។
ការចរចាចុងក្រោយនៅខេត្តសៀមរាប កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ភាគីទាំងពីរបានយល់ព្រមដកកងទ័ពចេញពីតំបន់មានជម្លោះនោះ ប៉ុន្តែរហូតមកទល់នឹងពេលនេះគេនៅតែមិនអាចដឹងបានថា ការដកទ័ពនោះកើតមាននៅពេលណានោះទេ ? ៕
កម្ពុជានិងសៀមយល់ព្រមជួបចរចាគ្នាម្ដងទៀតដើម្បីដោះស្រាយជម្លោះ ខែកក្កដា 25, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ ជា មករា
2008-07-24
រដ្ឋាភិបាល កម្ពុជានិងថៃបានយល់ព្រមឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេស ទាំងពីរជួបគ្នាម្តងទៀត ដើម្បីដោះស្រាយបញ្ហាជម្លោះតានតឹងផ្នែកយោធានៅតំបន់ប្រាសាទ ព្រះវិហារខ្មែរ ។
ប្រាសាទព្រះវិហារខ្មែរ នៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរលោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ជុំវិញបញ្ហានេះបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃ ប្រទេសទាំង២ បានពិភាក្សាជាមួយគ្នាតាមទូរស័ព្ទ កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងមកនេះ ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «នាយករដ្ឋមន្ត្រីទាំងពីរ ជួបគ្នា គឺយើងឈានបានអ៊ីចេះ ទី១ យើងបានសម្រេចផ្អាក ខ្ញុំនិយាយពាក្យផ្អាក ព្រោះឥឡូវថៃគាត់និយាយថាយើងដកពាក្យបណ្ដឹង មិនមែនទេយើងផ្អាកពាក្យបណ្ដឹងរបស់យើងទៅអង្គការសហប្រជាជាតិហ្នឹង សិន ។ ទន្ទឹមនឹងហ្នឹងយើងសម្រេចជំរុញការចរចាឡើងទៅថ្នាក់រដ្ឋមន្ត្រីការ បរទេសដែលយើងនឹងធ្វើនៅថ្ងៃ២៨ (ខែកក្កដា) នៅទីក្រុងសៀមរាប» ។
កិច្ចព្រមព្រៀងឲ្យមានការជួបរវាងមន្ត្រីជាន់ខ្ពស់ខ្មែរនិងថៃសា ជាថ្មី គឺនៅបន្ទាប់ពីជំនួបគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ បានទទួលបរាជ័យកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។
ការចរចាកាលពីដើមសប្តាហ៍នេះបានជាប់គាំងនៅត្រង់ចំណុចមួយដែលថៃ ស្នើឲ្យសើរើខ្សែបន្ទាត់ព្រំដែនខ្មែរថៃសាឡើងវិញ ប៉ុន្តែការសើរើនោះមិនបានផ្អែកតាមសន្ធិសញ្ញាព្រំដែនខ្មែរសៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលអន្តរជាតិបានទទួលស្គាល់នោះឡើយ ។
ក្រោយពីបរាជ័យនោះមកមន្ត្រីខ្មែរក៏បានអំពាវនាវសូមឲ្យមាន កិច្ចជួយអន្តរាគមន៍ពីប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ចំពោះជម្លោះទឹកដីជាមួយនឹងប្រទេសថៃ ប៉ុន្តែថៃបានជំទាស់ហើយបានស្នើចង់ជជែកដោះស្រាយតែរវាងទ្វេភាគី កម្ពុជាថៃតែប៉ុណ្ណោះ ។
នៅជាមួយនឹងការព្យាយាមខ្ទាស់ពីថៃនោះទៀត កម្ពុជាក៏បានប្រឹងរកវិធានការផ្លូវច្បាប់មួយទៀត ។ ក្រសួងការបរទេសកម្ពុជាក៏សម្រេចចិត្តស្នើរកកិច្ចប្រជុំបន្ទាន់របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីស្វែងរកដំណោះស្រាយ សមស្រប ។
នៅថ្ងៃព្រហស្បតិ៍នេះដែររដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី Condoleezza Rice ដែលកំពុងបំពេញទស្សនកិច្ចការងារក្នុងប្រទេសសិង្ហបុរី បានថ្លែងយកចិត្តទុកដាក់ចំពោះសភាពការណ៍កម្ពុជា ។
លោកស្រីបានថ្លែងយ៉ាងនេះថា ៖ «វាជារឿងដែលត្រូវពិភាក្សាហើយ យើងមានការព្រួយបារម្ភចំពោះបញ្ហាជម្លោះនេះ ។ វាគួរតែមានផ្លូវដែលត្រូវដោះស្រាយបញ្ហាជម្លោះហ្នឹងដោយសន្តិវិធី ។ យើងនឹងបន្តពិគ្រោះជាមួយនឹងប្រទេសក្នុងតំបន់ ហើយយើងនឹងលើកយកទស្សនៈរបស់ប្រទេសក្នុងតំបន់ជាគោលដើម្បីវាយតម្លៃ ស្ថានការណ៍នៃជម្លោះនោះ» ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថាកម្ពុជាបានជូនដំណឹងទៅមន្ត្រីស្ថានបេសកកម្ម ខ្មែរប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងបុរីញូវយ៉ក ឲ្យធ្វើការផ្អាកការប្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.សិន ដើម្បីរង់ចាំមើលលទ្ធផលនៃការចរចាថ្ងៃទី២៨ កក្កដាខាងមុខនេះ ៕
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.អាចនឹងប្រជុំពីបញ្ហាជម្លោះខ្មែរសៀមនៅសប្ដាហ៍ក្រោយ ខែកក្កដា 25, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ ម៉ៅ សុធានី
2008-07-24
ក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិ (អ.ស.ប.) គ្រោងរៀបចំកិច្ចប្រជុំពិសេសស្តីពីបញ្ហាជម្លោះព្រំដែនរវាងខ្មែរនិង ថៃ ដែលថានឹងធ្វើនៅថ្ងៃព្រហស្បតិ៍នេះនោះ បើតាមប្រភពព័ត៌មានចុងក្រោយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នឹងអាចធ្វើនៅសប្តាហ៍ក្រោយ ។
និមិត្តសញ្ញានៃអង្គការសហប្រជាជាតិ (អ.ស.ប.)។
ប្រភពដដែលបានស្រង់ប្រសាសន៍របស់មន្ត្រីការទូតមួយចំនួនឲ្យដឹងថា គេនៅមិនទាន់បានដឹងអំពីរបៀបវារៈនៃកិច្ចពិភាក្សានេះនៅឡើយទេ ហើយក៏នៅមិនទាន់ដឹងច្បាស់ថា តើក្រុមប្រឹក្សាសន្តិសុខអ.ស.ប.អាចមានដំណោះស្រាយយ៉ាងដូចម្តេចខ្លះ ចំពោះស្ថានភាពប្រឈមមុខផ្នែកយោធារវាងប្រទេសទាំងពីរនេះ ?
សូមជម្រាបជូនថាក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី២២ កក្កដា នៅទីក្រុងសិង្ហបុរីកន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសទាំង១០នៃសមាគមអាស៊ាន ពុំបានឯកភាពគ្នាថាតើសមាគមអាស៊ានគួរលូកដៃចូលរួមក្នុងបញ្ហា ទំនាស់ព្រំដែនរវាងខ្មែរនិងថៃនោះឬទេ ៕
កងទ័ពខ្មែរនិងសៀមជីកលេណដ្ឋានរៀងៗខ្លួននៅតំបន់ប្រាសាទព្រះវិហារ ខែកក្កដា 24, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ ផាន សូផាត
2008-07-23
មន្រ្តី រដ្ឋាភិបាលកម្ពុជាបានថ្លែងថា ស្ថានការណ៍យោធានៅតំបន់ប្រាសាទព្រះវិហារបានឈានដល់ការជីកលេណដ្ឋាន រៀងៗខ្លួនរវាងកងទ័ពកម្ពុជានិងថៃ ប៉ុន្តែមិនមានសញ្ញានៃការវាយប្រយុទ្ធកើតឡើងនៅឡើយទេ ។
ទាហានខ្មែរដើរនៅក្នុងបរិវេណប្រាសាទព្រះវិហារ នៅលើភ្នំដងរែក នៃខេត្តព្រះវិហារ នាថ្ងៃ២១ កក្កដា ២០០៨ ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ថា មិនមានសេចក្តីរាយការណ៍ណាមួយស្តីពីការបង្កើនកងទ័ពនៃភាគីទាំងពីរ ទេ ក្រោយពីមានការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំក្នុងស្រុកអារញ្ញ ប្រទេសថៃនាពេលកន្លងមក ប៉ុន្តែក៏មិនមានភាគីណាមួយដកថយឡើយ ។
លោក ផៃ ស៊ីផាន បានឲ្យដឹងថា ៖ «តំបន់វត្តហ្នឹងដូចជារាងស្រាក បន្តិចភាពចម្រូងចម្រាសហ្នឹងណា៎ ប៉ុន្តែវានៅតែដដែលត្រង់ហ្នុងឯង ។ ហើយទី២ គេឃើញមានការជីកលេណដ្ឋាននៅតំបន់ចម្រុះគ្នា ផ្លូវរបៀងដែលទ័ពថៃចល័តចុះឡើង… ហើយមានកងទ័ពយើងនិងកងទ័ពគេនៅជាប់គ្នាហ្នឹងឯង» ។
ស្ថានការណ៍យោធាបានចាប់ផ្តើមតានតឹងនៅតំបន់ព្រំដែនក្បែរប្រាសាទ ព្រះវិហាររវាងខ្មែរនិងថៃ ក្រោយពេលដែលមានកងទ័ពថៃជាច្រើននាក់បានសម្រុកចូលក្នុងវត្តមួយ ជាប់នឹងប្រាសាទនោះ ដែលកម្ពុជាបានចាត់ទុកថាជាការឈ្លានពានទឹកដី ។
ចាប់តាំងពីដើមសប្តាហ៍នេះមកការចរចារវាងភាគីទាំងពីរជាបន្ត បន្ទាប់ ប៉ុន្តែគេពុំឃើញមានការប្រកាសពីលទ្ធផលល្អឡើយ ហើយដែលធ្វើឲ្យភាគីកម្ពុជាបានស្នើសុំឲ្យមានការអន្តរាគមន៍ពី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
តាមសារព័ត៌មានបរទេសមួយចំនួនបានដកស្រង់សម្តីរបស់ឯកអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិនិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំជា បន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះខ្មែរថៃនោះ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដានេះ ក្រោយពីមានសេចក្តីស្នើពីកម្ពុជា ។
នៅពេលជាមួយគ្នានេះដែរប្រទេសថៃដែលតែងតែទទូចចង់ឲ្យមាន ការចរចាតែទ្វេភាគីនោះ នៅថ្ងៃនេះលោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនថរាវ៉េទ បានថ្លែងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជាបានយកជម្លោះបញ្ហាប្រាសាទព្រះវិហារនេះ ដើម្បីឈ្នះក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យខាងមុខនេះតែប៉ុណ្ណោះ ។
លោក សាម៉ាក់ ត្រូវបានដកស្រង់សម្ដីដោយអ្នកកាសែតនិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើប្រាស់បញ្ហាជាតិនិយមនៅមុនពេលបោះឆ្នោតនាថ្ងៃអាទិត្យនេះ ដើម្បីឲ្យបានជ័យជម្នះសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយលោកក៏សង្ឃឹមថា ការចរចានឹងមានភាពល្អប្រសើរនៅក្រោយការបោះឆ្នោតនៅប្រទេសកម្ពុជា ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បានបដិសេធសេចក្តីថ្លែងនោះថា ៖ «គាត់ ចង់ឃើញឯកឧត្ដមនាយករដ្ឋមន្ត្រីថៃហ្នឹង ប្រើប្រាស់ពាក្យមួយដែលសមរម្យជាជាងការពង្រីកបរិយាកាសដែលកំពុងតែ ក្ដៅគគុកហ្នឹងឲ្យរីកធំ ។ ហើយគួរតែឯកឧត្ដមនាយករដ្ឋមន្ត្រីថៃហ្នឹង គិតគូរតែរឿងផ្ទៃក្នុងខ្លួនឯង» ។
គួរបញ្ជាក់ថាការប្រឈមមុខផ្នែកយោធាដែលកើតឡើងរវាងប្រទេសកម្ពុជា និងថៃនេះ គឺក្រោយពេលដែលប្រាសាទព្រះវិហារខ្មែរត្រូវបានដាក់បញ្ចូលជា បេតិកភណ្ឌពិភពលោកដែលប្រទេសថៃតែងតែធ្វើការប្រឆាំងតវ៉ាជាយូរមកហើយ ៕
ខ្មែរនៅស.រ.អា.រៀបចំដាក់ញត្តិប្ដឹងប្រទេសសៀមទៅអង្គការសហប្រជាជាតិ ខែកក្កដា 22, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ ជា មករា
2008-07-21
ប្រជាពលរដ្ឋ ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក (ស.រ.អា.) កំពុងតែប្រមូលស្នាមមេដៃដើម្បីដាក់ញត្តិមួយច្បាប់ជូនអង្គការសហ ប្រជាជាតិ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្ដឹងប្រទេសថៃអំពីការប្រើកម្លាំងទ័ពឈ្លានពានលើបូរណភាពទឹកដី កម្ពុជានៅប្រាសាទព្រះវិហារ ។
ទាហានខ្មែរអង្គុយជាមួយទាហានថៃនៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខេត្តព្រះវិហារ នាថ្ងៃទី ១៨ កក្កដា ២០០៨ ។
នៅក្នុងញត្តិដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃច័ន្ទ ទី២១ កក្កដានេះ ប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្ទនោះបានថ្កោលទោសប្រទេសថៃ ថាបានឈ្លានពាននិងរំលោភលើបូរណភាពដែនដីមកលើប្រទេសកម្ពុជា និងបានទាមទារឲ្យថៃគោរពសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២ ដែលបានសម្រេចឲ្យកម្ពុជាជាម្ចាស់លើប្រាសាទព្រះវិហារនិងតំបន់ ជុំវិញប្រាសាទ ។
នៅក្នុងញត្តិនោះប្រជាពលរដ្ឋខ្មែរបានចាត់ទុកថា ទង្វើរបស់ប្រទេសថៃគឺជាការប្រមាថមើលងាយធ្ងន់ធ្ងរបំផុតចំពោះ ស្ថាប័នពិភពលោកដែលពាក់ព័ន្ធ រួមមានតុលាការអន្តរជាតិ អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចធំៗ ជាពិសេសគឺសហរដ្ឋអាមេរិក ។
ប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេសថែមទាំងបានទាមទារឲ្យប្រទេសថៃ ប្រគល់រូបចម្លាក់ និងសិលាចារឹកនានាដែលខ្លួនបាននាំយកទៅប្រគល់មកឲ្យកម្ពុជាវិញ ៕
ប្រធានសមាគមអាស៊ានអំពាវនាវឲ្យភាគីខ្មែរនិងសៀមមានការអត់ធ្មត់ ខែកក្កដា 22, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ ជា មករា
2008-07-21
ប្រធាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានអំពាវនាវឲ្យភាគីខ្មែរនិងថៃ មានការអត់ធ្មត់ឲ្យបានអតិបរិមាចំពោះបញ្ហាប្រឈមមុខដាក់គ្នាផ្នែក យោធានៅតំបន់ប្រាសាទព្រះវិហារ ។
ប្រធានសមាគមអាស៊ាន លោក George Yeo ដែលជារដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានសម្ដែងសេចក្ដីបារម្ភចំពោះការប្រឈមមុខផ្នែកយោធានោះ ហើយក៏បានអំពាវនាវឲ្យភាគីទាំងសងខាងដោះស្រាយបញ្ហាដោយមិត្តភាពក្នុង ស្មារតីសាមគ្គីភាពអាស៊ាន និងភាពជាអ្នកជិតខាងល្អនឹងគ្នា ។
គួរជម្រាបថាការប្រឈមមុខដាក់គ្នាខាងផ្នែកយោធារវាងប្រទេសថៃនិង កម្ពុជាមានសភាពកាន់តែតឹងតែងឡើងៗ ខណៈដែលប្រទេសទាំងពីរបានបញ្ជូនទ័ពទៅកាន់តំបន់ប្រាសាទព្រះវិហារ កាន់តែច្រើនដែរនោះ ។
សភាពការណ៍ប្រឈមមុខដាក់គ្នាជុំវិញជម្លោះរឿងប្រាសាទព្រះវិហារនិង ទឹកដីដែលមិនទាន់បានកំណត់ព្រំដែនបានច្បាស់លាស់នោះ បានកើតឡើងនៅបន្ទាប់ពីប្រទេសថៃបានបរាជ័យក្នុងការរារាំងប្រទេស កម្ពុជាក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ ។
អង្គការយូណេស្កូបានសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនេះ ៕
អតីតព្រះមហាក្សត្រប្រទានអំណោយលើកទឹកចិត្តទាហានខ្មែរនៅព្រះវិហារ ខែកក្កដា 21, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ មុំ សុផុន
2008-07-20
ព្រះមហាវីរក្សត្រ ព្រះវររាជមាតានិងព្រះមហាក្សត្រផងដែរ បានផ្តល់សម្ភារៈជំនួយ តង់ មុង ភួយ និងម្ហូបអាហារ ដើម្បីលើកទឹកចិត្តទាហានខ្មែរដែលកំពុងការពារបរិវេណតំបន់ប្រាសាទ ព្រះវិហារ ។
ទាហាន ខ្មែរ (ខាងស្ដាំ) អង្គុយជាមួយទាហានថៃ នៅក្បែរប្រាសាទព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨។ អតីតព្រះមហាក្សត្រខ្មែរផ្តល់សម្ភារៈជំនួយដល់ទាហានខ្មែរដែលនៅយាម ការពារប្រាសាទព្រះវិហារ។
មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ តារាវុធ បានមានប្រសាសន៍ថា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានត្រាស់បញ្ជាឲ្យធ្វើការផ្តល់សម្ភារៈលើកទឹកចិត្តទាហានខ្មែរនេះ តាមរយៈមន្ត្រីចៅហ្វាវាំង លោក គង់ សំអុល ។
លោក អ៊ុំ តារាវុធ មានប្រសាសន៍ដូច្នេះថា ៖ «ឥឡូវនេះ លោកទាំងបីអង្គ ក្នុងនាមព្រះមហាក្សត្របានបញ្ជូនជំនួយទៅប្រាសាទព្រះវិហារសម្រាប់ ប្រជាជនយើង យុទ្ធជនយើង និងព្រះសង្ឃដែលគង់នៅក្នុងវត្តប្រាសាទព្រះវិហារនេះ ដោយលោកបានបញ្ជាទៅលោកចៅហ្វាវាំង គង់ សំអុល ម្សិលមិញ ថា ឲ្យយកអង្ករ ត្រីងៀត ត្រីខកំប៉ុង ហើយជាពិសេស តង់សម្រាប់ការបោះជំរំនៅ ព្រោះទាហានយើងរងាអត់មានតង់ … លោកបញ្ជាឲ្យទិញតង់យកទៅឲ្យទាហានដែលយាមការពារប្រាសាទព្រះវិហារ» ។
ព្រះរាជទានផ្តល់សម្ភារៈលើកទឹកចិត្តទាហាន គឺនៅស្របនឹងដំណើរគណៈប្រតិភូខ្មែរ ដែលគ្រោងនឹងធ្វើដំណើរនៅស្អែកនេះ ទៅប្រទេសថៃ ដើម្បីជួបចរចាលើកដំបូងបំផុត ជាមួយនឹងគណៈប្រតិភូថៃ ក្នុងបំណងចរចាជុំវិញបញ្ហាតានតឹងយោធានៅតំបន់ប្រាសាទព្រះវិហារ ។
គណៈប្រតិភូខ្មែរដែលនឹងធ្វើដំណើរនៅស្អែកនេះ មានចំនួន ១០នាក់ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ។
ការធ្វើដំណើររបស់គណៈប្រតិភូ គឺតាមឧទ្ធម្ភាគចក្រទៅឈប់នៅប៉ោយប៉ែត ហើយពីប៉ោយប៉ែត នឹងធ្វើដំណើរតាមរថយន្តឆ្លងកាត់ព្រំប្រទល់ថៃ ចូលទៅកាន់ខេត្តស្រៈកែវ ដើម្បីជួបចរចាជាមួយគណៈប្រតិភូថៃ ដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពថៃ លោក ប៊ុនស្រាង ណុបប្រាឌីត ៕
ស្ថានភាពនៅព្រះវិហារនៅតានតឹងដដែលមកទល់នឹងថ្ងៃ១៩ កក្កដានេះ ខែកក្កដា 21, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ សាវយុត និង កែវ និមល
2008-07-19
ស្ថានការណ៍ នៃការប្រឈមមុខដាក់គ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃ ត្រូវបានគេរាយការណ៍មកថា នៅតែមានសភាពតានតឹងដដែល ខណៈដែលទាហានថៃ ត្រូវបានគេបញ្ជូនមកកាន់តំបន់ប្រាសាទព្រះវិហារបន្ថែមទៀត ។
ទាហានខ្មែរអង្គុយជាមួយទាហានថៃនៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខេត្តព្រះវិហារ នាថ្ងៃទី ១៨ កក្កដា ២០០៨ ។
ខាងក្រោមនេះជាសេចក្ដីរាយការណ៍របស់លោក សាវយុទ្ធ ដែលឈរជើងនៅប្រាសាទព្រះវិហារ តាមរយៈការសាកសួររបស់លោក កែវ និមល ៖
កែវ និមល ៖ លោក សាវយុត លោកកំពុងតែយកព័ត៌មាននៅប្រាសាទព្រះវិហារ មកទល់នឹងថ្ងៃនេះ (១៩ កក្កដា) តើសភាពការណ៍នៅទីនោះមានសភាពយ៉ាងម៉េចហើយចំពោះសកម្មភាពផ្សេងៗរបស់ កងទ័ព?
សាវយុត ៖ សូមជម្រាបថា រហូតមកដល់ថ្ងៃនេះ សកម្មភាពកងទ័ពនៅមិនទាន់មានសភាពប្រសើរទេ នៅមានស្ថានភាពតឹងតែងនៅឡើយ ដោយសារតែទាហានឈុតខ្មៅរបស់ថៃ នៅថ្ងៃនេះ បានចូលមកចំនួនជាង ១០០នាក់ទៀត ។
កែវ និមល ៖ តើចំនួនទ័ពទាំងសងខាង បានកើនដល់ចំនួនប៉ុន្មានហើយ តាមដែលលោកដឹងពីនាយទាហាននៅទីនោះ ?
សាវយុត ៖ បើតាមការប្រាប់ពីកងទាហានខ្មែរ ដែលនៅជាប់នឹងបន្ទាត់ព្រំដែន បាននិយាយថា វត្តមានកងទាហានថៃ ដែលចូលក្នុងទីវត្តខ្មែរនោះ មានប្រមាណជា ៥០០នាក់ជាងទៅហើយ ហើយនៅតាមព្រំដែនមានប្រមាណប្រហែលជាជិត ៣០០នាក់ទៀត ។ ចំណែកឯកងទាហានខ្មែរ ដោយឡែកមេបញ្ជាការសុំរក្សាការសម្ងាត់ ដោយមិនបានបង្ហើបឲ្យដឹងពីចំនួនពិតប្រាកដទេ ក៏ប៉ុន្តែវត្តមានទាហានខ្មែរ គឺច្រើនហើយ ។
កែវ និមល ៖ ចំពោះប្រជាពលរដ្ឋដែលរស់នៅទីនោះ ក្រោយពេលមានការប្រឈមមុខគ្នានិងការកើនចំនួនទ័ពបែបនេះ តើលោកសង្កេតឃើញយ៉ាងម៉េចដែរ?
សាវយុត ៖ យើងឃើញថា នៅឯភូមិមួយជាប់នឹងបន្ទាត់ព្រំដែន ដែលជាច្រកចេញចូល គឺប្រជាពលរដ្ឋខ្មែរ នៅទីនោះ ភាគច្រើនចាកចេញមកកាន់តំបន់ប្រាសាទទីពីរនៃព្រះវិហារហើយ ។
កែវ និមល ៖ ក្រោយពេលដែលនាយករដ្ឋមន្រ្តីខ្មែរ លោកបានផ្ញើលិខិតជាផ្លូវការមួយ ទៅជូនលោកនាយករដ្ឋមន្រ្តីថៃនោះ សុំឲ្យមានការដកទ័ពនិងរក្សាស្ថានភាពដូចមុនថ្ងៃកងទ័ពថៃ រាយទ័ពនោះ ប៉ុន្តែខាងនាយករដ្ឋមន្រ្តី បានឆ្លើយមកវិញថា វត្តកែវសិក្ខាគិរីស្វារៈនោះ តាមផែនទីជាទឹកដីថៃ ។ ដូច្នេះក្រៅពីមានការឆ្លើយឆ្លងលិខិតនេះ តើលោកមានបានដឹងថា មតិប្រជាពលរដ្ឋ ឬក៏អាជ្ញាធរនៅទីនោះយ៉ាងម៉េចដែរ?
សាវយុត ៖ ខ្ញុំបានសាកសួរទៅប្រជាពលរដ្ឋ អំពីបញ្ហានេះ ហើយប្រជាពលរដ្ឋខ្លះបានសម្ដែងកំហឹង ប្រតិកម្មជាច្រើនទៅលើការអះអាងរបស់មន្រ្តីថៃនោះ ដោយថា ការនិយាយបែបជាការមួយមិនគ្រប់លក្ខណៈផង ពីព្រោះដីនេះជាទឹកដីខ្មែរយូរលង់ណាស់មកហើយ ដែលគាត់រស់នៅប្រមាណជា ជិត១០ឆ្នាំហើយ តាំងពីធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមចុងក្រោយ ហើយគាត់មិនដែលឃើញវត្តមានកងយោធាថៃណា ចូលមកកាន់តំបន់នេះទេ ។
កែវ និមល ៖ ខ្ញុំបានទទួលដំណឹងថា ថ្ងៃនេះមានគណៈប្រតិភូជាន់ខ្ពស់មួយ ខាងកងរាជអាវុធហត្ថកម្ពុជា បានទៅទីនោះ តើលោកមានបានទទួលដំណឹងនេះទេ?
សាវយុត ៖ បាទ កាលពីវេលាម៉ោងប្រមាណជា ១០ព្រឹកថ្ងៃនេះ យើងឃើញវត្តមានរបស់លោកឧត្ដមសេនីយ៍ឯកមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស លោកបានមានវត្តមាននៅតំបន់ប្រាសាទព្រះវិហារនេះ ហើយមានមន្រ្តីបរទេសជាដើម គឺបានមកជាមួយគ្នា ហើយបានទៅពិនិត្យនៅច្រកទ្វារខាងក្រោមនៃច្រកចូលប្រាសាទព្រះវិហារ ៕
ការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរនិងសៀមឈានដល់ថ្ងៃទី៤ ខែកក្កដា 19, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ ជា មករា
2008-07-18
រហូត មកទល់នឹងថ្ងៃសុក្រនេះ ការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរនិងកងទ័ពថៃនៅតំបន់ប្រាសាទ ព្រះវិហារ បានឈានដល់ថ្ងៃទីបួនហើយ ។
ទាហានខ្មែរអង្គុយជាមួយទាហានថៃនៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខេត្តព្រះវិហារ នាថ្ងៃទី ១៨ កក្កដា ២០០៨ ។
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនៅទីនោះ បានឲ្យដឹងថាមន្ត្រីខ្មែរនិងថៃកំពុងតែចរចាគ្នាដើម្បីទប់ស្កាត់ កុំឲ្យមានការផ្ទុះអាវុធនិងបង្ហូរឈាមគ្នា ។
ខាងភាគីថៃនៅតែបន្តជញ្ជូនទាហានមកកាន់វត្តខ្មែរមួយឈ្មោះ កែវសិក្ខាគិរីស្វរៈ ឬវត្តប្រាសាទព្រះវិហារ ។ សេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថា មានទាហានថៃបានកើនឡើងដល់ចំនួនប្រមាណ៧០០នាក់ ។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍មានសេចក្ដីរាយការណ៍ថា មានការអាម៉េកាំភ្លើងដាក់គ្នារវាងទាហានថៃនិងទាហានខ្មែរ ខណៈដែលទាហានខ្មែរប្រមាណ៥០នាក់បានចូលទៅក្នុងបរិវេណវត្តប្រាសាទ ព្រះវិហារ ដើម្បីការពារចង្ហាន់ដែលត្រូវប្រគេនដល់ព្រះសង្ឃខ្មែរជាច្រើនអង្គ នៅក្នុងវត្តនោះ ដើម្បីនឹងប្រារព្ធពិធីបុណ្យចូលព្រះវស្សាផង ។
ប្រជាពលរដ្ឋថៃបាននាំគ្នាផ្ដល់នំចំណី ម្ហូបអាហារ ដល់ទាហានឈុតខ្មៅថៃ ទោះជាយ៉ាងណាខាងទាហានខ្មែរត្រូវបានគេរាយការណ៍មកថា កំពុងជួបបញ្ហាហេវហត់អស់កម្លាំង ដោយសារមិនមានអាហារគ្រប់គ្រាន់និងមិនមានកន្លែងជ្រកភ្លៀងឡើយ ៕
ប្រតិកម្មជុំវិញការឈ្លានពានរបស់ទាហានសៀមក្នុងតំបន់ប្រាសាទព្រះវិហារខ្មែរ ខែកក្កដា 18, 2008
Posted by Bona in ប្រវត្តិសាស្រ្ដ.add a comment
ដោយ ហ៊ុយ វណ្ណៈ
2008-07-17
វត្តមាន របស់ទាហានឈុតខ្មៅថៃជាច្រើនរយនាក់ ដែលបានឆ្លងកាត់ព្រំដែនចូលវត្តខ្មែរមួយ ស្ថិតនៅក្បែរប្រាសាទព្រះវិហារនេះ បានញ៉ាំងឲ្យមន្ត្រីគណបក្សប្រឆាំង សាស្ត្រាចារ្យ និងមន្ត្រីអង្គការសង្គមស៊ីវិល នៅប្រទេសកម្ពុជា ចាត់ទុកថា នេះជាអំពើឈ្លានពាន និងប្រមាថមាក់ងាយកម្ពុជា ។
ទាហាន ខ្មែរ (រូបខាងឆ្វេង) ឈរយាម ខណៈដែលទាហានថៃឈប់សម្រាកនៅមុខវត្តមួយ នៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខេត្តព្រះវិហារ នាថ្ងៃទី ១៧ កក្កដា ២០០៨។
លោកតំណាងរាស្ត្រ សុន ឆ័យ នៃគណបក្សសមរង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថ្កោលទោសវត្តមានកងទ័ពថៃយ៉ាងដូច្នេះថា ៖ «យើងមើលឃើញថា ថៃមាក់ងាយមិនត្រឹមតែជាតិសាសន៍របស់យើងទេ គឺគេមាក់ងាយដល់រដ្ឋាភិបាលរបស់ខ្មែរ ដែលគេយល់ថា គ្មានសមត្ថភាពក្នុងការការពារបូរណភាពទឹកដីរបស់ខ្មែរយើង ។ ហើយរឿងការឈ្លានពាននេះ ត្រូវតែរដ្ឋាភិបាលខ្មែរ ធ្វើការតវ៉ាទៅគេជាផ្លូវការបន្ទាន់ មិនអាចនៅពន្យារបែបនេះទេ» ។
ចំណែកឯលោកសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា បានអំពាវនាវដល់បណ្ដាប្រទេសក្នុងតំបន់ជាសមាជិកអាស៊ាន និងដល់ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឲ្យធ្វើអន្តរាគមន៍ចំពោះវត្តមានកងទ័ពថៃឈុតខ្មៅនៅកម្ពុជានេះ ។
លោកសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ មានប្រសាសន៍ដូច្នេះថា ៖ «ពីព្រោះ ក្នុងពេលនេះ យើងឃើញថា កងទ័ពសៀមជាន់ឈ្លីអ្វីដែលជាសេចក្ដីសម្រេច អ្វីដែលច្បាប់អន្តរជាតិ គាត់បានឈ្លីអ្វីដែលគាត់បានចុះហត្ថលេខារួចមកហើយ ។ អ៊ីចឹង បានសេចក្ដីថា គាត់អត់ទទួលស្គាល់អ្វីដែលជាច្បាប់ទេ ហើយតាមទស្សនៈរបស់ខ្ញុំគឺថា ក្នុងកាលៈទេសៈនេះ យើងជាខ្មែរមិនអាចនៅព្រងើយកន្តើយឲ្យយូរទៅទៀតបានទេ ប៉ុន្តែនៅក្នុងពេលដែលយើងចរចាជាមួយគ្នានេះ យើងក៏ត្រូវធ្វើការប្ដឹងផ្ដល់ ដំបូងគឺទៅដល់អង្គការសហប្រជាជាតិ ដើម្បីសុំឲ្យក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កោះប្រជុំជាប្រញាប់ជាដាច់ខាត ។ ទីពីរ យើងត្រូវតែប្ដឹងនិងសុំឲ្យប្រទេសទាំងអស់ដែលជាសមាជិកអាស៊ាន លើកបញ្ហាខ្មែរយកមកជជែក ហើយត្រូវថ្កោលទោសប្រទេសថៃ ដែលឈ្លានពានប្រទេសកម្ពុជា» ។
«… យើងដាច់ខាតមិនប្រើកម្លាំងយោធាទេ លើកលែងតែយើងត្រូវគេវាយប្រហារតែម្ដង» មន្ត្រីនាំពាក្យរដ្ឋាភិបាលខ្មែរ
នៅឯសន្និសីទកាសែតមួយ លោក សុក សំអឿន មន្ត្រីច្បាប់និងជាប្រធាននៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិ កម្ពុជា បានថ្លែងសុំឲ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មចំពោះថៃ ដែលយាយីប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌអន្តរជាតិនេះ ៖ «ទីមួយ យើងដឹងហើយថា ឥឡូវនេះ ព្រះវិហារបានក្លាយទៅជាបេតិកភណ្ឌអន្តរជាតិហើយ ហេតុដូច្នេះបើសិនជាមាននរណាមួយបំពានទៅលើប្រាសាទនេះ នោះគឺជាការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិដើម្បីនឹងពិនិត្យ មើល ហើយអាចនឹងធ្វើការទាមទារឲ្យមានសំណង ឬក៏ទណ្ឌកម្មណាមួយ បើសិនមាននរណាមួយ ជាតិណាមួយបំពានទៅលើបេតិកភណ្ឌអន្តរជាតិ» ។
យោងតាមមន្ត្រីខ្មែរប្រចាំនៅតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា រហូតមកទល់ថ្ងៃព្រហស្បតិ៍នេះ ក្រុមទាហានឈុតខ្មៅថៃ បានកើនឡើងពី ៥០នាក់ រហូតដល់៤០០នាក់ហើយ ។ ចំណែកឯទាហានខ្មែរ ក៏ត្រូវបានបង្កើនរហូតដល់ច្រីនជាង ៨០០នាក់ដែរ ដែលកម្លាំងទាំងនេះ ត្រូវបានដាក់ពង្រាយនៅឯតំបន់ប្រាសាទព្រះវិហារនោះ ។
រហូតមកទល់ថ្ងៃនេះ មិនទាន់មានប្រតិកម្មណាមួយពីស្ថានទូតនានាប្រចាំនៅប្រទេសកម្ពុជា ដែលរួមមានទាំងសហរដ្ឋអាមេរិកនិងទូតចិនផង ជុំវិញវត្តមានរបស់ទាហានឈុតខ្មៅថៃនៅតំបន់ប្រាសាទព្រះវិហារនោះ នៅឡើយទេ ។
ចំណែកឯមន្ត្រីទូតថៃប្រចាំនៅក្រុងភ្នំពេញ វិទ្យុអាស៊ីសេរី មិនអាចទំនាក់ទំនងបាននៅឡើយទេ ។ ក៏ប៉ុន្តែ ទីភ្នាក់ងារព័ត៌មានបរទេសAPបានដកស្រង់សម្តីរបស់មេបញ្ជាការកងទ័ពថៃ មួយរូបគឺលោកឧត្តមសេនីយ៍ អានុពង់ ផាជីនដាសេដ (Gen. Anupong Paojindasiad) ដែលអះអាងថា លោកបានដាក់បញ្ជាកងទ័ពថៃរបស់លោកមិនឲ្យផ្ទុះអាវុធឡើយ ។
ជាមួយនឹងការឈឺឆ្អាលក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុកផងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ ក៏បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលខ្មែរ ដើម្បីរកវិធានការទប់ទល់ចំពោះវត្តមានកងទ័ពថៃក្នុងទឹកដីកម្ពុជានេះ ផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីនាំពាក្យរាជរដ្ឋាភិបាលខ្មែរបានថ្លែងថា មិនមានសភាពការណ៍តឹងតែង នៅប្រាសាទព្រះវិហារទេ ៖ «សួរថាយើងគួរ ប្រើកម្លាំងយោធាដើម្បីដេញកម្លាំងយោធាថៃនោះទេ យើងឃើញថា ឥឡូវនេះ ផ្នែកច្បាប់យើងឈ្នះ ផ្នែកកាទូតក៏យើងឈ្នះ អ៊ីចឹងយើងមិនគួរប្រើអ្វីដែលជាការខុសទេ ។ ហើយបើសិនជាយើងប្រើប្រាស់កម្លាំងអាវុធឥឡូវនេះ ពិតមែនតែវត្តនេះនៅឆ្ងាយពីប្រាសាទព្រះវិហារ ជាង២០០ម៉ែត្រក្ដី ប៉ុន្តែបើសិនមានការបាញ់គ្នាទៅ វាអាចខូចប្រាសាទព្រះវិហារដែរ ។ ហើយឥឡូវនេះ យោធាថៃអត់បានបង្ហាញអាកប្បកិរិយាណាមួយ ដើម្បីរុលមកមុខទៀត ក៏អត់ដែរ ។ សំខាន់គឺធ្វើយ៉ាងណា សូមឲ្យសារព័ត៌មានយើងទាំងអស់ ជៀសវាងកុំជំរុញសភាពការណ៍នេះ ទៅជាការតឹងតែង ពីព្រោះនៅព្រំដែនគឺអត់តឹងតែងទេ ។ អ៊ីចឹង យើងសុំទីមួយ គឺយើងកុំដុតបំពក់ កុំយកប្រេងជះលើភ្លើង ។ … យើងដាច់ខាតមិនប្រើកម្លាំងយោធាទេ លើកលែងតែយើងត្រូវគេវាយប្រហារតែម្ដង» ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាបានត្រៀមរៀបចំគណៈប្រតិភូកម្រិតខ្ពស់មួយ ដើម្បីចរចាជាមួយថៃ នៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយនេះ ។
វត្តមានរបស់ទាហានឈុតខ្មៅថៃនៅក្បែរប្រាសាទព្រះវិហារនេះ បានកើតមានមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រាសាទរបស់ខ្មែរមួយនេះ ត្រូវបានអង្គការ យូណេស្កូ បានសម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាតំណាងកម្ពុជាក្នុងការជំរុញឲ្យសកលលោកទទួលស្គាល់ថា ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនោះ លោកបានថ្លែងរំឭក នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកថា ទាក់ទិនប្រាសាទព្រះវិហារនេះ មន្ត្រីថៃបានព្យាយាមបង្អាក់កិច្ចប្រឹងប្រែងរបស់កម្ពុជាជាយូរមកហើយ ៖ «ចំពោះប្រាសាទព្រះវិហារគឺពិបាកជាងគេ យើងបានដាក់ជូនទៅអង្គប្រជុំលើកដំបូងនៅ Christchurch ប្រទេសញូហ្ស៊ីលែន ហើយខាងជំនាញគេពិនិត្យថាបានអស់ហើយ ប៉ុន្តែគណៈកម្មាធិការអត់ព្រមសម្រេច ដោយសារថៃដើរទៅជួបគេជួបឯងទាំងអស់ហ្នឹង គាត់សុំកុំឲ្យគេសម្រេច» ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានថ្លែងបន្ថែមថា យោងតាមសាលដីការបស់តុលាការអន្តរជាតិនៅទីក្រុងឡាអេ នាឆ្នាំ១៩៦២ បានគូសបញ្ជាក់ថា ថៃត្រូវដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីប្រាសាទព្រះវិហារ ៖ «តុលាការអន្តរជាតិទីក្រុងឡាអេ បានចេញដីកាបញ្ជាក់ថា បា្រសាទព្រះវិហារស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យជាតិកម្ពុជា ហើយថៃត្រូវដកកងកម្លាំងប្រដាប់អាវុធចេញពីទឹកដីកម្ពុជា ហើយត្រូវសងមកវិញនូវវត្ថុបុរាណទាំងអស់ដែលបានយកចេញពីប្រាសាទ» ៕






