ប្រាសាទព្រះវិហារ៖ ដំណើរការក្ដីនៅតុលាការអន្តរជាតិក្រុងឡាអេ (៣) ខែសីហា 18, 2008
Posted by Bona in បទសម្ភាសន៍.add a comment
ដោយ មឿង ទុម
2008-08-15
មាន ចម្ងល់ថា តើភាគីខ្មែរមានភស្តុតាងនិងសាក្សីសំខាន់ៗ កម្រិតណាទៅបានជាតុលាការអន្តរជាតិក្រុងឡាអេ កាត់ក្តីឲ្យខ្មែរឈ្នះប្រទេសថៃ កាលពីឆ្នាំ១៩៦២ ដោយសម្រេចថា ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារ ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរ។
ប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងបទសម្ភាសន៍កាលពីលើកមុន លោកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានប្រសាសន៍ថា តុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ កាត់ក្តីឲ្យខ្មែរឈ្នះភាគីប្រទេសថៃ កាលពីឆ្នាំ១៩៦២ ក្នុងករណីបណ្តឹងវិវាទពីការគ្រប់គ្រងប្រាសាទព្រះវិហារនោះ គឺដោយសារតែភាគីខ្មែរមានភស្តុតាងសំខាន់២។
ទីមួយ គឺផែនទីដែលបានបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារពិតជាស្ថិតនៅក្នុង ដែនដីនៃព្រះរាជាណាចក្រកម្ពុជាមែន។ ទីពីរគឺថា មានព្រះអង្គម្ចាស់ថៃមួយព្រះអង្គ ព្រះនាម ដំរ៉ុង បានទៅធ្វើទស្សនកិច្ច ទតប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៣០ ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលថៃ ដែលគ្រានោះមានមន្ត្រីនៃអាណានិគមបារាំងជាអ្នកចេញមុខទទួល ស្វាគមន៍ព្រះអង្គ ក្នុងនាមជាម្ចាស់ផ្ទះជំនួសឲ្យខ្មែរផង។
នៅក្នុងបទសម្ភាសន៍ភាគបន្តនៅថ្ងៃនេះ នាងខ្ញុំសូមជម្រាបសួរលោក ស៊ាន ប៉េងសែ ដែលលោកក៏ជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនៃរបបសាធារណរដ្ឋខ្មែរនិងជាស្ថាបនិកស្ថាបនាផែនទីស្រុក ខ្មែរផងនោះថា ៖ ពេលដែលឡើងតុលាការទាក់ទងរឿងក្តីហ្នឹង តើមានមន្ត្រីតំណាងអាណានិគមបារាំង បានទៅចូលរួមធ្វើជាសាក្សីដែរឬទេ?
ស៊ាន ប៉េងសែ ៖ «បាទ! បារាំងក៏ធ្វើសាក្សី ខ្មែរក៏ធ្វើសាក្សីដែរ។ បារាំងក៏គេឲ្យអ្នកគូសផែនទីទៅជាមួយដែរ ឯខ្មែរយើងអ្នកគូសផែនទី ក៏ទៅជាមួយដែរ ព្រោះយើងត្រូវពន្យល់គេពីរឿងផែនទីហ្នឹង។ ព្រោះខាងចៅក្រមនិងមេធាវី គាត់មិនសូវពូកែផែនទី ត្រូវឲ្យភាគីទាំងពីរនោះជជែកគ្នា ហើយពន្យល់គេពីរឿងផែនទីហ្នឹង។ ដែលបារាំងជួយយើងនោះ ព្រោះផែនទីដែលបារាំងធ្វើឲ្យតាំងពីដើម ដូចខ្ញុំបាននិយាយមុនមកនេះគឺថា ប្រាសាទព្រះវិហារវានៅក្នុងដីយើងជានិច្ច មិនដែលនៅក្រៅពីផែនទីដីយើងទេ។ ដូច្នេះសៀមមិនអាចប្រកែកអីបាន ឲ្យខ្មែរចាញ់នោះទេ»។
មឿង ទុម ៖ តើភាគីខ្មែរ តំណាងខាងខ្មែរដែលចូលទៅស្តាប់សវនាការនោះ ពាក់ព័ន្ធក្នុងសវនាការកាត់ក្តីហ្នឹង ដែលគេឲ្យប្រាសាទព្រះវិហារបានមកជារបស់ខ្មែរនោះ លោកមានចាំទេថា ខ្មែរមានប៉ុន្មាននាក់ ហើយលោកមានចាំឈ្មោះទេ?
ស៊ាន ប៉េងសែ ៖ «បាទ! នៅក្នុងឯកសារគេមានអ្នកដែលជាមេធាវីខ្មែរ គឺលោក ទ្រឿង កាង ជាអ្នកជំនួយការយកឯកសារយកស្អីៗ ហើយពន្យល់គេស្អីៗ គឺលោក ទ្រឿង កាង នេះឯង។ ហើយខ្មែរជួលមេធាវីអាមេរិកាំងមួយ គឺលោក អាក ចនសុន ជាអតីតរដ្ឋមន្ត្រីខាងក្រសួងការបរទេសអាមេរិកាំង»។
មឿង ទុម ៖ នេះបានសេចក្តីថា លោកនៅមិនទាន់បានរាប់បញ្ចូលមេធាវីបារាំង ២រូបទៀតដែលខ្មែរបានជួលដែរ គឺទីមួយលោកសាស្រ្តាចារ្យ រ៉ឺទែរ និងទីពីរ គឺលោកសាស្រ្តាចារ្យ ពិនតូ ដែលអ្នកទាំងពីរជាសាស្រ្តាចារ្យល្បីឈ្មោះផ្នែកច្បាប់ជាតិនិង អន្តរជាតិ ប្រចាំនៅក្រុងប៉ារីស ប្រទេសបារាំង នាកាលណោះ។ បើសរុបមក មេធាវីបរទេសដែលខ្មែរជួលកាលនោះមាន ៣រូប ជនជាតិអាមេរិកមួយរូបនិងបារាំងពីររូបនេះ តើត្រឹមត្រូវអីចឹងទេ លោក?
ស៊ាន ប៉េងសែ ៖ «បាទ! អ៊ីចឹងហើយបាទ»។ មឿង ទុម ៖ តើក្រៅពីនោះ មានអ្នកណាទៀត? ស៊ាន ប៉េងសែ ៖ «ក្រៅពីនោះ មានច្រើនទៅទៀត ពួកអ្នកខាងផែនទីអីហ្នឹង»។
មឿង ទុម ៖ នៅក្នុងការបើកសវនាការនោះ ខាងខ្មែរហ្នឹងមានឲ្យតំណាង ក្រៅពីអ្នកចូលទៅបំពេញកិច្ចការក្នុងសវនាការសម្រាប់តុលាការហ្នឹង ក្រៅពីនោះមានដូចថា ប្រជាពលរដ្ឋដែលអាចជាអ្នកមុខអ្នកការអីនោះ គេមានឲ្យទៅស្តាប់ដែរទេ?
ស៊ាន ប៉េងសែ ៖ «ហ្នឹងគេអត់ទេ តាមដែលឯកសារហ្នឹង គឺថា មានតែពួកចៅក្រម ពួកមេធាវីនិងពួកអ្នកដែលទទួលខុសត្រូវ ដែលគេហៅថា ប្រតិភូខ្មែរហ្នឹង។ គឺយើងសុំគេទៅ ជំនាន់ហ្នឹងមានតែអ្នកអស់ហ្នឹងទេ ដែលអាចចូលបាន»។
មឿង ទុម ៖ ពេលដែលតុលាការកាត់ឲ្យខ្មែរឈ្នះក្តី សំខាន់លើចំណុច ២ធំៗដែលលោកមានប្រសាសន៍អម្បាញ់មិញអ៊ីចឹង តើខ្មែរមានទាមទារជំងឺចិត្តអីឲ្យថៃ សងទេ?
ស៊ាន ប៉េងសែ ៖ «អត់ទេ អត់មានទេ ព្រោះគេសម្រេចយ៉ាងម៉េច គឺគេសម្រេចដូច្នោះហើយ។ បើសិនណាយើងចង់ទាមទារស្អី យើងត្រូវតែប្តឹងគេ ឲ្យនៅក្នុងឯកសារប្តឹងមុនដំបូងនោះណា។ ប៉ុន្តែឯកសារដែលយើងប្តឹងមុនដំបូងនោះ គឺឲ្យសៀមចេញពីប្រាសាទព្រះវិហារនិងចេញពីបរិវេណប្រាសាទព្រះវិហារ ទី២ របស់ណាដែលសៀមយកចេញទៅនោះ យកមកវិញ។ តែប៉ុណ្ណឹង គេសម្រេចថាអ៊ីចឹង»។
មឿង ទុម ៖ តើនៅពេលដែលតុលាការកាត់ឲ្យខ្មែរឈ្នះក្តី នៅឆ្នាំ១៩៦២នោះ ប៉ុន្មានថ្ងៃក្រោយមក ទ័ពសៀមដកចេញ?
ស៊ាន ប៉េងសែ ៖ «ត្រូវតែចេញភ្លាម។ បើគេសម្រេចអ៊ីចឹង ត្រូវតែចេញភ្លាមហើយ។ ដូច្នោះក្រោយមក ១ខែ ២ខែ បានព្រះករុណា សីហនុ បានទៅដល់ព្រះវិហារហ្នឹង ដើម្បីកាន់កាប់។ ព្រោះកាលណាតុលាការសម្រេចអ៊ីចឹងហើយ គេឲ្យសៀមចេញ។ រួចទៅបានខ្មែរទៅកាន់កាប់ក្រោយ»។
មឿង ទុម ៖ តើនៅពេលណាដែលសៀមគាត់ប្រគល់វត្ថុបុរាណដែលនៅលើប្រាសាទព្រះវិហារ ដែលគាត់យកទៅស្រុកគាត់ មកឲ្យខ្មែរវិញ?
ស៊ាន ប៉េងសែ ៖ «រឿងហ្នឹងខ្ញុំអត់ដឹងដែរ។ គេថា របស់ណាដែលសៀមយករបស់ខ្មែរ ត្រូវតែប្រគល់មកវិញ។ នេះជាការសម្រេចរបស់តុលាការ ត្រូវតែសៀមធ្វើតាមតុលាការហ្នឹង»។
មឿង ទុម ៖ សូមជម្រាបសួរលោកមួយទៀត វត្ថុបុរាណដែលនៅលើប្រាសាទព្រះវិហារហ្នឹង មុនសៀមមកកាន់កាប់មានរឿងប្តឹងទៅដល់តុលាការហ្នឹង បារាំងអ្នកកាន់កាប់? ស៊ាន ប៉េងសែ ៖ «បាទ»។ មឿង ទុម ៖ ព្រោះបារាំងនៅគ្រប់គ្រងខ្មែរ កាលណោះ? ស៊ាន ប៉េងសែ ៖ «អ៊ីចឹងហើយ បាទ»។ មឿង ទុម ៖ តើការកត់ត្រាវត្ថុបុរាណ បារាំងអ្នកកត់ត្រាឲ្យខ្មែរ អ៊ីចឹងឬលោក? ស៊ាន ប៉េងសែ ៖ «បាទ! អ៊ីចឹងហើយ»។
មឿង ទុម ៖ ឥឡូវនេះ ខ្ញុំជម្រាបសួរលោកថា ក្នុងការប្តឹងទៅ កាលណោះខ្មែរជាអ្នកដើមបណ្តឹង? ស៊ាន ប៉េងសែ ៖ «អ៊ីចឹងហើយ ត្រូវហើយបាទ»។ មឿង ទុម ៖ ហើយសៀមជាអ្នកចុងចោទ? ស៊ាន ប៉េងសែ ៖ «អ៊ីចឹងហើយ បាទ»។
មឿង ទុម ៖ តើខ្មែរដាក់ប្តឹងទៅ តាំងពីដំណើរការប្តឹងរហូតទៅដល់ចប់ តើខ្មែរយើងចាយលុយអស់ប៉ុន្មានឬក៏យ៉ាងម៉េចដែរ?
ស៊ាន ប៉េងសែ ៖ «ខ្ញុំអត់ដឹងទេ។ ក្នុងឯកសារនោះ គេអត់និយាយទេ។ អាហ្នឹងគឺរឿងសម្ងាត់របស់គេ។ ប៉ុន្តែគេថា យើងរើស(មេធាវី)ហ្នឹង តែបើតាមខ្ញុំដឹង អត់មានឯកសារទេ រើស(មេធាវី)ហ្នឹងគឺរដ្ឋាភិបាលខ្មែរយើងជួលមេធាវីអាមេរិកាំងលោក អាក់ ចនសុន ដែលជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកាំងនោះ ជាមេធាវីធំណាស់។ យើងរកមេធាវីល្អ អ៊ីចឹងហើយ ពេលដែលយើងដាក់ប្រាសាទព្រះវិហារនោះទៅក្នុងបេតិកភណ្ឌអន្តរជាតិ ហ្នឹង អាមេរិកាំងទទួលស្គាល់យើងភ្លាម»។
មឿង ទុម ៖ ប៉ុន្តែ កន្លងមកថ្មីៗនេះ មន្រ្តីរដ្ឋាភិបាលថៃបានប្រកាសប្រាប់អ្នកកាសែតជាបន្តបន្ទាប់ថា ភាគីកម្ពុជាបានរំលោភលើបូរណភាពទឹកដីថៃ ដោយបានដាក់ទ័ពនៅក្នុងដែនដីនៃបរិវេណប្រាសាទព្រះវិហារនោះ។ ដូច្នេះក្នុងនាមលោកជាអ្នកឯកទេស តើគួររដ្ឋាភិបាលខ្មែរត្រូវធ្វើដូចម្តេចចំពោះរដ្ឋាភិបាលថៃ ដែលមានបញ្ហាទាក់ទិននឹងប្រាសាទព្រះវិហាររបស់ខ្មែរនោះ?
ស៊ាន ប៉េងសែ ៖ «គឺថា យើងយោលទៅតាមសេចក្តីសម្រេច ពាក្យបារាំងថា កុងហ្វមមេម៉ង់ អាឡា ឌុយសីស្សុង ដឺ ទ្រីប៊ីណាល់ អាំងតេណាស់សូណាល់។ គឺថា យើងយោលទៅតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ នៅតុលាការក្រុងឡាអេ។ អាហ្នឹងជាចំណងមួយ ចងសៀមកុំឲ្យសៀមរើបាន ថ្ងៃក្រោយថា នែមិនទាន់គូសផែនទីគូសអី ពីរឿងប្រទល់ដែនហ្នឹង កុំឲ្យសៀមរើបាន ពីព្រោះផែនទីមានរួចទៅហើយ»។
មឿង ទុម ៖ បានន័យថា ផែនទីដែលលោកមាននោះ គឺជាផែនទីដែលគេប្រើនៅក្នុងតុលាការនោះ អ៊ីចឹងឬ?
ស៊ាន ប៉េងសែ ៖ «បាទ។ ក្នុងតុលាការនោះ បើគាត់មានលុយ គាត់ទៅទិញបានទេតើ សៀវភៅនោះ តុលាការមានទេតើ ជាអង់គ្លេងក៏បាន ជាបារាំងក៏បាន។ ដូចខ្ញុំមានផែនទីខ្នាត១រយពាន់ នៅស្រុកបារាំងនោះទិញបានតាមចិត្ត»៕
ប្រាសាទព្រះវិហារ៖ ដំណើរការក្ដីនៅតុលាការអន្តរជាតិក្រុងឡាអេ (២) ខែសីហា 14, 2008
Posted by Bona in បទសម្ភាសន៍.add a comment
ដោយ មឿង ទុម
2008-08-13
ប្រាសាទ ព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារ ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរ។ នេះបើតាមសេចក្តីសម្រេចជាផ្លូវការ នាឆ្នាំ១៩៦២ នៃការកាត់ក្តីរបស់តុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ ដែលឲ្យកម្ពុជាឈ្នះក្តីលើភាគីប្រទេសថៃ ស្តីពីវិវាទនៃការគ្រប់គ្រងប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារ នៅលើកំពូលភ្នំដងរែក ខេត្តព្រះវិហារ។
នៅក្នុងបទសម្ភាសន៍ភាគបន្តនេះ នាងខ្ញុំសូមជម្រាបសួរលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅក្រុងប៉ារីស ប្រទេសបារាំង សូមឲ្យលោករំឭកបន្ថែមទៀតផ្តោតអំពីថា តើនៅពេលដែលភាគីកម្ពុជាទៅតតាំងប្រឆាំងនឹងភាគីថៃតាមផ្លូវច្បាប់ នៅក្នុងសវនាការកាត់ក្តីនោះ តើខ្មែរមានភស្តុតាងជាសំខាន់អ្វីខ្លះ?
ស៊ាន ប៉េងសែ ៖ «ថ្ងៃ១៩ ខែតុលា ក្នុងឆ្នាំ១៩៦២នោះ ខ្មែរឈ្នះគឺភស្តុតាងធំបំផុត គឺផែនទី។ ខ្មែរឈ្នះ ទីមួយ គឺគេសម្រេចឲ្យឈ្នះ ដោយចៅក្រមគឺមានសំឡេង៩ ទ្រទ្រង់ថា ឲ្យខ្មែរឈ្នះ។ ហើយមានសំឡេង៣ ប្រឆាំងនឹងការដែលសម្រេចឲ្យខ្មែរឈ្នះ។ ហ្នឹងគឺការសម្រេចធំណាស់។ ក្រៅពីសម្រេចឲ្យខ្មែរឈ្នះហើយ យើងបានប្រាប់គេថា សៀមបានយករបស់របរចេញពីប្រាសាទហ្នឹង យកទៅទុកនៅប្រទេសគាត់។ ហេតុដូច្នោះ តុលាការហ្នឹងគេបានប្រាប់ថា ឲ្យគាត់សៀមហ្នឹងយករបស់របរដែលគាត់បានយកចេញពីប្រាសាទហ្នឹង យកមកឲ្យខ្មែរវិញ។ គឺមានអ្នកបោះឆ្នោត៧ អ្នកទ្រទ្រង់ ការដែលគេឲ្យសៀមហ្នឹងយករបស់របរមកស្រុកខ្មែរវិញ តែ ៥នាក់ ៥សំឡេងផ្សេងទៀតប្រឆាំង ដូច្នោះខ្មែរឈ្នះតទៅទៀត។ ធំបំផុត គឺយើងឈ្នះដើមហើយៗ ឈ្នះឲ្យសៀមហ្នឹងយករបស់របរមកឲ្យខ្មែរវិញ។ ដូច្នោះបោះឆ្នោតពីរដង ដែលធំៗ»។
មឿង ទុម ៖ លោកមានប្រសាសន៍ថា បោះឆ្នោតពីរដង ទី១ សម្រេចឲ្យខ្មែរឈ្នះ មាន៣សំឡេងប្រឆាំង តែ៩សំឡេងគាំទ្រខ្មែរ។ តើគេបោះឆ្នោតនៅថ្ងៃ១៩ ខែតុលា ឆ្នាំ១៩៦២ នោះអ៊ីចឹងឬលោក? ស៊ាន ប៉េងសែ ៖ «បាទ គឺថា គេបោះឆ្នោតនៅថ្ងៃដដែលនោះបាទ»។
មឿង ទុម ៖ អ៊ីចឹង មានន័យថា គេបោះឆ្នោតពីរដងនោះ ក្នុងថ្ងៃតែមួយ? ស៊ាន ប៉េងសែ ៖ «បាទ! ថ្ងៃតែមួយ តែសំណួរពីរ។ សំណួរពីរហ្នឹង ខ្មែរឈ្នះរួចអស់ទៅហើយ»។
មឿង ទុម ៖ នាងខ្ញុំសូមជម្រាបសួរលោកជាបន្តទៀតថា តើមានកត្តាសំខាន់ៗអ្វីខ្លះនៃភស្តុងតាងដែលភាគីខ្មែរដាក់បន្ទុក ក្នុងតុលាការដើម្បីឲ្យខ្មែរបានឈ្នះក្តីលើថៃ នាកាលណោះនោះ?
ស៊ាន ប៉េងសែ ៖ «ឈ្នះដោយសារអី ដោយសារប្រាសាទព្រះវិហារនោះ វានៅក្នុងតំបន់ព្រះវិហារ ព្រមទាំងបរិវេណព្រះវិហារ វានៅក្នុងដីខ្មែរ។ ហើយបន្ទាប់មក ហេតុអីបានយើងឈ្នះ ព្រោះថាធំបំផុតរឿងផែនទី រឿងឯកសារដែលនាំឲ្យយើងឈ្នះហ្នឹង»។
មឿង ទុម ៖ តើផែនទីដែលខ្មែរយកទៅប្រើប្រាស់ជាភស្តុតាង នៅក្នុងសវនាការតុលាការអន្តរជាតិនោះ តើផែនទីនោះធ្វើនៅឆ្នាំណាដែរ?
ស៊ាន ប៉េងសែ ៖ «ផែនទីហ្នឹង ខ្ញុំសូមជម្រាបថា ក្នុងការបែងចែកប្រទេសឥណ្ឌូចិននិងសៀមតាមសន្ធិសញ្ញាបារាំងនិងសៀម ក្នុងឆ្នាំ១៩០៤ និង១៩០៨ គឺនៅក្នុងសន្ធិសញ្ញានោះ ព្រះវិហារវាស្ថិតនៅក្នុងដីខ្មែរ រួចទៅហើយ។ បន្ទាប់មក គឺថា សៀមហ្នឹង ឲ្យបារាំងហ្នឹងធ្វើផែនទីកន្លែងណា ដែលគេត្រូវធ្វើខ្នាតធំ បានសេចក្តីថា ដូចជានៅតំបន់សមុទ្រខាងកោះកុងហ្នឹង គឺក៏គេធ្វើផែនទីខ្នាតធំ ដោយបានធ្វើសេចក្តីរាយការណ៍បន្ថែម។ ហើយនៅខាងព្រះវិហារនេះ ខ្ញុំនិយាយតែព្រះវិហារទៅចុះ គឺថាមានផែនទីនោះច្រើនណាស់ តាំងពីឆ្នាំ១៩៣៤ រហូតដល់១៩៣៥ ជាងមួយឆ្នាំ ទើបធ្វើរួច»។
មឿង ទុម ៖ លោកមានប្រសាសន៍ពីរឿងខ្នាតធំធ្វើផែនទីនោះ ដែលរួមមានបញ្ចូលទាំងប្រាសាទព្រះវិហារផង បានន័យថា លោកសំដៅចំពោះផែនទីដែលបារាំងធ្វើទុកឲ្យថៃនិងខ្មែរដែលយកតាម ខ្នាតមួយលើ២០ ខ្នាតមួយលើ២ពាន់ ខ្នាតមួយលើ ៥០ពាន់និងខ្នាតមួយលើ ២រយពាន់? គេយកតាមខ្នាតច្រើនបែបនេះ គឺដើម្បីឲ្យផែនទីនោះ កាន់តែមានភាពច្បាស់លាស់ក្នុងការពន្យល់ទៅតាមទីតាំងជាក់ស្តែងនៃ ចំណុចសំខាន់ៗ តើអ៊ីចឹងមែនទេ?
ស៊ាន ប៉េងសែ ៖ «បាទ! ដូច្នោះហើយ គឺថានៅក្នុងឆ្នាំ១៩៥៨ គឺថាមុននឹងខ្មែរដាក់ពាក្យបណ្តឹងសៀម នៅក្នុងឆ្នាំ១៩៥៩ ប្រតិភូខ្មែរបានទៅជួបសៀមនៅក្រុងបាំងកក ហើយបានឲ្យផែនទីខ្មែរដែលយើងមាននោះ ឲ្យទៅសៀម។ ហើយសៀមនោះក៏អត់បានបដិសេធទេ។ ហើយបន្ទាប់មក សៀមបានឲ្យបារាំងហ្នឹងបោះបង្គោលយកតាមខ្នាតធំៗ ពីឆ្នាំ១៩៣៤ ដល់១៩៣៥។ ខ្នាតហ្នឹងមានច្រើន បើតាមផែនទីដែលខ្ញុំមានហ្នឹង គឺខ្នាតមួយលើ ២ពាន់ ខ្នាតមួយលើ៥០ពាន់និងខ្នាតមួយលើ ២រយពាន់។ ខ្នាតហ្នឹងហើយ ដែលខ្ញុំធ្វើភូគពសាស្ត្រខ្មែរ នៅក្នុងឆ្នាំ១៩៧០។ ដូច្នោះ ផែនទីនោះវាមានច្រើន ហើយផែនទីទាំងអស់ ខាងខ្មែរយើងហ្នឹងបានបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារវាស្ថិតនៅក្នុងដីខ្មែរទាំងអស់»។
មឿង ទុម ៖ អ៊ីចឹងបានន័យថា តុលាការអន្តរជាតិក្រុងឡាអេ កាត់ក្តីឲ្យខ្មែរឈ្នះថៃ លើករណីប្រាសាទព្រះវិហារនេះ គឺដោយសារតែខ្មែរបានបង្ហាញភស្តុតាងផែនទីជាច្រើន ដែលយកតាមខ្នាតធំៗ ដែលបានពន្យល់ច្បាស់លាស់ពីទីតាំងប្រាសាទព្រះវិហារនោះ មែនទេ?
ស៊ាន ប៉េងសែ ៖ «បាទ! សៀមហ្នឹងបដិសេធអត់បានទេ ពីព្រោះក្នុងឆ្នាំ១៩៥៨ យើងយកឯកសារ យកផែនទីពីឆ្នាំ១៩០៤ និង ១៩០៨ ហ្នឹង យកមកប្រើការ។ ខ្ញុំសូមជម្រាបថា សៀមយកប្រាសាទហ្នឹង ក្នុងឆ្នាំ១៩៥៤ ដោយគាត់មើលផែនទីថ្មីទៅ គាត់ឃើញថា ផែនទីហ្នឹង មិនបានធ្វើតាមគាត់បានដឹងនោះ គឺថា ត្រូវតែមានប្រទល់ដែននៅតាមតំបន់ដែលគេចែកទឹក។ ប៉ុន្តែខ្មែរយើងបានប្រាប់ទៅវិញថា ផែនទីទាំងអស់ដែលយើងឲ្យគាត់ហ្នឹង គាត់មិនដែលបដិសេធទេ តាំងពីឆ្នាំ១៩០៤ និង ១៩០៨, ១៩៣៥ រហូតមកដល់ឆ្នាំ១៩៥៨ ពេលដែលយើងមុនចាប់ប្តឹងសៀមហ្នឹង សៀមមិនដែលថា ផែនទីនោះខុសទេ។ សៀមទទួលយកទាំងអស់។ ហេតុនោះហើយ បានជាតុលាការគេថា បើអ្នកឯង (សៀម) ទទួលយកទាំងអស់ ហេតុអីឥឡូវថា ផែនទីនោះខុស កន្លះសតវត្សរ៍ទៅហើយ អ្នកឯងអត់បានបដិសេធទេ ហើយមកដល់នេះថា ផែនទីនោះវាខុស។ អត់ត្រូវទេ វាយឺតពេលហើយ»។
មឿង ទុម ៖ ក្រៅពីផែនទីទាំងអស់នោះ តើភាគីខ្មែរមានភស្តុតាងនិងសាក្សីបន្ថែមទៀតទេ?
ស៊ាន ប៉េងសែ ៖ «មាន។ នៅក្នុងពង្សាវតារ គឺថា មានព្រះអង្គម្ចាស់សៀមមួយអង្គ ព្រះនាម ដំរ៉ុង ជាអ្នកតំណាងស្រុកសៀមផង បានមកទតប្រាសាទព្រះវិហារនោះ ក្នុងឆ្នាំ១៩៣០ ហើយអ្នកណាដែលទៅទទួលគាត់ គឺបារាំងនោះឯង។ ហើយបារាំងនោះជាអាជ្ញាធរជំនាន់នោះ ជាអ្នកចៅហ្វាយយើងហ្នឹង គឺគាត់អ្នកទទួល។ ដូច្នោះគឺក្នុងឆ្នាំ១៩៣០ ហ្នឹង អ្នកទទួលជាអ្នកម្ចាស់ផ្ទះ ម្ចាស់ប្រាសាទព្រះវិហារ។ ដូច្នោះព្រះអង្គម្ចាស់សៀម ក៏បានមកមើលប្រាសាទព្រះវិហារខ្មែរដែរ រួចអ្នកឯងថា មិនទទួលស្គាល់ម្តេចបាន។ អាហ្នឹងហើយ ដែលសៀមឆ្លើយមិនរួច»៕
ប្រាសាទព្រះវិហារ៖ ដំណើរការក្ដីនៅតុលាការអន្តរជាតិក្រុងឡាអេ (១) ខែសីហា 11, 2008
Posted by Bona in បទសម្ភាសន៍.add a comment
ដោយ មឿង ទុម
2008-08-10
ថ្មីៗ នេះ រដ្ឋាភិបាលនៃប្រទេសកម្ពុជា ទើបបានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ប្រទេសថៃ ដែលថា កម្ពុជាបានបំពានលើអធិបតេយ្យរបស់ថៃ នៅបរិវេណប្រាសាទព្រះវិហារ តំបន់ដែលកំពុងប្រទាញប្រទង់គ្នានោះ។
ប្រាសាទព្រះវិហាររបស់ខ្មែរនៅលើកំពូលភ្នំដងរែកនៃខេត្តព្រះវិហារ។
ប៉ុន្តែ សេចក្តីថ្លែងការណ៍ពីទីស្តីការគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៨នេះ គឺបានឆ្លើយតបទៅថៃថា កម្ពុជាពុំមានបញ្ហាតំបន់ត្រួតស៊ីគ្នាក្នុងរមណីយដ្ឋានប្រាសាទ ព្រះវិហារទេ។
ភាគីកម្ពុជាអះអាងដូច្នេះ គឺសំអាងទៅលើសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២ ដែលឲ្យព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើភាគីប្រទេសថៃ ដោយសម្រេចថា ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារជាកម្មសិទ្ធិផ្តាច់មុខ របស់ខ្មែរ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ថៃនៅតែមានបញ្ហាមិនឈប់ឈរទាក់ទិនទៅនឹងករណីប្រាសាទព្រះវិហារនេះ។
ហេតុនេះហើយ ទើបមានលោកអ្នកស្តាប់មួយចំនួន បានស្នើសុំឲ្យវិទ្យុអាស៊ីសេរី ផ្សាយជូនអំពីថាតើដំណើរការកាត់ក្តីនោះ ធ្វើឡើងបែបណា? តើភាគីខ្មែរ មានអ្វីជាភស្តុតាងខ្លះ ដែលជួយឲ្យខ្មែរឈ្នះក្តីលើភាគីថៃ ក្នុងករណីប្រាសាទព្រះវិហារនេះ។
ដើម្បីចង់ដឹងករណីនេះ នាងខ្ញុំសូមអញ្ជើញលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានជំនាញច្បាស់លាស់ ផ្នែកខាងព្រំដែននិងផែនទីនៃប្រទេសកម្ពុជានោះ នាងខ្ញុំសូមអញ្ជើញលោកមានប្រសាសន៍រំឭកអំពីករណីដែលខ្មែរមាន ការប្តឹងផ្តល់ជាមួយនឹងប្រទេសថៃ ស្តីពីប្រាសាទព្រះវិហារនេះ ជូនអស់លោកអ្នកស្តាប់ឲ្យបានជ្រាបផង។
ស៊ាន ប៉េងសែ ៖ «បាទ! សូមអរគុណ។ ការកាត់ក្តីនោះមានឯកសារច្រើន ៧០០សន្លឹក ជាសៀវភៅនោះបី-បួនក្បាល ជាភាសាបារាំងផង ជាភាសាអង់គ្លេសផង។ រឿងអី បានជាមានរឿងព្រះវិហារ? ព្រោះព្រះវិហារនេះ តាមសន្ធិសញ្ញាឆ្នាំ១៩០៤ ឆ្នាំ១៩០៨ ដែលសៀមនិងបារាំងបានចុះហត្ថលេខាជាមួយគ្នានោះ ប្រាសាទព្រះវិហារគឺមាននៅក្នុងទឹកដីខ្មែររួចទៅហើយ។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៥៤ គឺមួយឆ្នាំ ក្រោយដែលខ្មែរបានឯករាជ្យនោះ សៀមបានមកកាន់កាប់ប្រាសាទព្រះវិហារហ្នឹងឯង។ គឺមកជួសជុល មកកាន់កាប់។ ដូច្នោះ បានខ្មែរយើង ទៅធ្វើការបដិសេធភ្លាមទៅអង្គការសហប្រជាជាតិថា សៀមនោះមកកាន់កាប់ខុសច្បាប់ រំលោភលើបូរណភាពទឹកដីខ្មែរ»។
មឿង ទុម ៖ ដូច្នេះបានន័យថា របបសង្គមរាស្រ្តនិយម ដែលមានព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋកាលណោះ គឺភាគីខ្មែរជាដើមចោទ ឬដើមបណ្តឹង ចំណែកប្រទេសថៃគឺជាចុងចោទ តើអ៊ីចឹងមែនទេលោក?
ស៊ាន ប៉េងសែ ៖ «បាទ! រដ្ឋាភិបាលខ្មែរជំនាន់ហ្នឹង បានចាប់ផ្តើមធ្វើឯកសារប្តឹងទៅអន្តរជាតិដើម្បីឲ្យសៀមនោះដកទ័ព ចេញពីស្រុកខ្មែរទៅ។ នៅក្នុងឆ្នាំ១៩៥៩ ខ្មែរយើងបានដាក់ពាក្យនោះទៅតុលាការអន្តរជាតិក្រុងឡាអេ»។
មឿង ទុម ៖ តើលោកអាចបញ្ជាក់ជូនអស់លោកអ្នកស្តាប់បានទេ ថាតើភាគីខ្មែរជាដើមចោទ ដែលបានដាក់បណ្តឹងប្តឹងទៅថៃ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៥៩នោះ ដាក់ទៅតុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ តើខ្មែរប្តឹងថៃក្នុងន័យថាម៉េចខ្លះ កាលណោះ?
ស៊ាន ប៉េងសែ ៖ «បណ្តឹងរបស់ខ្មែរ កាលណោះនិយាយតែបន្តិចទេ គឺថា សុំឲ្យប្រទេសសៀមនោះ ដកទ័ពចេញពីប្រាសាទព្រះវិហារ ក្នុងការកាន់កាប់ខុសច្បាប់ហ្នឹង។ គេនិយាយថា តំបន់ព្រះវិហារនិងតំបន់ជុំវិញឬបរិវេណព្រះវិហារ។ គេនិយាយច្បាស់ណាស់»។
មឿង ទុម ៖ បើតាមនាងខ្ញុំដឹង គឺថា នៅឆ្នាំ១៩៥៩ ពេលដែលភាគីខ្មែរដាក់បណ្តឹងជូនទៅប្តឹងទៅតុលាការអន្តរជាតិក្រុង ឡាអេ គឺថា តុលាការអន្តរជាតិនោះ ពុំទាន់បានចាត់ការលើបណ្តឹងនោះភ្លាមៗនៅឡើយទេ គឺទាល់តែដល់ឆ្នាំ១៩៦២ បានន័យថា ៣ឆ្នាំក្រោយមក ទើបគេលើកយកបណ្តឹងខ្មែរនោះមកពិនិត្យ។ តើរឿងនោះ ត្រឹមត្រូវអ៊ីចឹងទេ?
ស៊ាន ប៉េងសែ ៖ «បាទ! តុលាការអន្តរជាតិ គេចាប់ធ្វើការពិនិត្យបណ្តឹងរបស់ខ្មែរនោះ ក្នុងឆ្នាំ១៩៦២ គឺគេ ចាប់ធ្វើហើយ។ ដូច្នោះគេយកសេចក្តីបណ្តឹងហ្នឹងមកពិនិត្យ។ ហើយមុននឹងពិនិត្យ គេត្រូវមើលផែនទី។ ខ្ញុំសូមជម្រាបថា ក្នុងឆ្នាំ១៩៦២ហ្នឹង មុនគេចាប់ធ្វើការពិនិត្យ ដល់ពិនិត្យរួចទៅ គេឃើញថា បណ្តឹងរបស់ខ្មែរនោះគឺអាចទទួលយកបាន។ ហ្នឹងទីមួយ។ ហើយទី២ ដែលហៅថា សមត្ថភាពតុលាការហ្នឹង តើគូភាគីហ្នឹងត្រូវទទួលស្គាល់ទេ។ ដល់គេបោះឆ្នោតទៅ គេថា តុលាការហ្នឹងគេអាចមានសមត្ថភាព។ ហើយទី៣ តុលាការហ្នឹងគេសួរថា បើសិនណាជាគេកាត់សេចក្តីទៅ ឈ្នះ ឬចាញ់ តើភាគីទាំង២ ត្រូវទទួលឬយ៉ាងម៉េច? ដល់គេបោះឆ្នោតទៅ គឺថា ត្រូវតែអ្នកទាំងពីរហ្នឹង ទទួលយក។ ខ្មែរហ្នឹង គឺចាញ់ក៏ដោយ ឈ្នះក៏ដោយ ក៏ខ្មែរទទួលយក។ ហើយសៀមហ្នឹងវា ត្រូវតែទទួលដូចខ្មែរដែរ ពីព្រោះគាត់ចូលក្នុងតុលាការអន្តរជាតិនេះឯង។ គេសួរសំណួរបីនោះច្បាស់ណាស់ ថាតើសំណុំរឿងខ្មែរនោះ អាចទទួលយកបានទេ ហ្នឹងទីមួយ បោះឆ្នោតឈ្នះ។ ទី២ តើគេមានសមត្ថភាពទេ បោះឆ្នោតឈ្នះ។ ទី៣ បើបានសម្រេចហើយ អ្នកឯងទាំងពីរនាក់ ទទួលយកទេ»។
មឿង ទុម ៖ ខ្ញុំសូមសួរកាត់ លោកមានប្រសាសន៍ថា គេបោះឆ្នោតឈ្នះ គេហ្នឹង តើជាអ្នកណា?
ស៊ាន ប៉េងសែ ៖ «គេហ្នឹង សូមជម្រាបថា ជាពួកអ្នកកាត់ក្តី ហៅថាចៅក្រម»។
មឿង ទុម ៖ តើចៅក្រម ដែលមានវត្តមានដោះស្រាយបណ្តឹងខ្មែរថៃ ក្នុងតុលាការអន្តរជាតិនោះ មានមកពីប្រទេសណាខ្លះ?
ស៊ាន ប៉េងសែ ៖ «ចៅក្រមហ្នឹង គេមានប្រទេសច្រើន គេដាក់នៅក្នុងហ្នឹង តាមតុលាការហ្នឹង ដូចជាមានជប៉ុន មានអាមេរិកាំង មានស្អីៗអីចឹងទៅ។ ហើយចៅក្រមហ្នឹង មាន៣, ៤, ៥សាសន៍។ ចំណែក ខាងខ្មែរនិងសៀម គេមានមេធាវីការពារជាការធម្មតា»។
មឿង ទុម ៖ តើលោកអាចមានប្រសាសន៍សរុបថា តើមានប៉ុន្មានប្រទេសទេ ចៅក្រមតំណាងហ្នឹង?
ស៊ាន ប៉េងសែ ៖ «តាមខ្ញុំមើល ដូចជាមាន ៧ប្រទេស។ អាហ្នឹងគឺថា នៅក្នុងច្បាប់លក្ខន្តិកៈតុលាការអន្តរជាតិហ្នឹង គឺថា គេមានឲ្យប្រទេសណាខ្លះចូលក្នុងហ្នឹង។ គេមានលក្ខន្តិកៈ ហើយការដែលជ្រើសរើសរកចៅក្រមហ្នឹង ក៏គេមានលក្ខន្តិកៈផ្ទៃក្នុងរបស់គេហើយ»។
មឿង ទុម ៖ តែលោកអត់អាចរាប់ជូនលោកអ្នកស្តាប់បានទេ?
ស៊ាន ប៉េងសែ ៖ «អត់បានទេ ព្រោះគេអត់ដាក់ឈ្មោះប្រទេសណា តែគេដាក់ឈ្មោះចៅក្រម។ ចៅក្រមហ្នឹង ខ្ញុំមើលទៅ វាមានអាមេរិកាំង អាស៊ីដូចមានជប៉ុន និងមានអ្នកខ្លះផ្សេងទៀត ដែលខ្ញុំពុំអាចបញ្ជាក់បាននៅក្នុងពេលនេះ»។
មឿង ទុម ៖ តើកាលបរិច្ឆេទជាផ្លូវការ ក្នុងការដែលតុលាការអន្តរជាតិក្រុងឡាអេ ផ្តើមបើកសវនាការធ្វើការកាត់ក្តីក្នុងបណ្តឹងរបស់ខ្មែរដែលប្តឹងថៃ លើករណីប្រាសាទព្រះវិហារនាកាលណោះ តើគេផ្តើមនៅពេលណា?
ស៊ាន ប៉េងសែ ៖ «កាត់ក្តីនោះ ក្នុងថ្ងៃ២៦ ខែ៥ (ឧសភា) ឆ្នាំ១៩៦១ ហ្នឹងគេចាប់កាត់ក្តីហើយ។ ពីព្រោះគេបានផែនទីសព្វគ្រប់អស់ហើយ បានឯកសារអស់ហើយ។ គេសួរអ្នកនេះ គេសួរអ្នកនោះ ឲ្យឆ្លើយ គេមើលទៅក្នុងផែនទី។ គឺថាសេចក្តីរាយការណ៍របស់គេនោះ ហើយដែលគេបានបោះពុម្ពនោះ សៀវភៅ ៥ ឬ៦ក្បាលដែលមានប្រហែល ៧រយសន្លឹកនោះឯង។ ខ្ញុំនិយាយអម្បាញ់មិញគឺថ្ងៃ២៦ ខែ៥ (ឧសភា) ឆ្នាំ១៩៦១ គេចាប់កាត់ក្តី។ ពីមុនហ្នឹងគេមើលផែនទីអស់ហើយ។ ឆ្នាំ១៩៥៩ គេមើលផែនទីអស់ហើយ យូរដែរ។ រហូតដល់ទីបញ្ចប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៦២ អាហ្នឹងគេសម្រេចតែម្តងបាទ»៕






