អ្នកសង្កេតការណ៍អន្តរជាតិ៖ ការបោះឆ្នោតគ្មានអំពើហិង្សា ប៉ុន្តែមិនទាន់យុត្តិធម៌ទេ ខែកក្កដា 30, 2008
Posted by Bona in នយោបាយ.add a comment
ដោយ ហាស់ សាន
2008-07-30
ការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ នៅថ្ងៃ២៩ កក្កដា កត់សម្គាល់ថា ការបោះឆ្នោតនាថ្ងៃ ២៧ កក្កដា ២០០៨ គ្មានអំពើហិង្សាធំដុំអ្វីទេ ប៉ុន្តែ ជាមួយគ្នានេះ ក៏កត់សម្គាល់ឃើញថា មានយុទ្ធនាការដាក់សម្ពាធបង្កការគំរាមកំហែង បំភិតបំភ័យ ចំពោះសកម្មជនគណបក្សនយោបាយនៅគ្រប់ស្រទាប់ ក្នុងការព្យាយាមបញ្ចុះបញ្ចូលមនុស្សឲ្យដូរបក្ស ។
ស្រ្តី ចំណាស់ (ខាងឆ្វេង) ថ្លែងតវ៉ាអំពីការមិនបានបោះឆ្នោត នៅឯសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសមរង្ស៊ីក្នុងក្រុងភ្នំពេញ នាថ្ងៃ៣០ កក្កដា ២០០៨។
អង្គការឃ្លាំមើលការបោះឆ្នោតនៅអាស៊ីមួយ ឈ្មោះ បណ្តាញអាស៊ីដើម្បីការបោះឆ្នោតសេរី ហៅកាត់ អាន់ហ្វ្រែល (ANFREL) បានធ្វើការកត់សម្គាល់លើសម័យបោះឆ្នោតអាណត្តិទី៤នេះថា ថ្វីត្បិតតែមានភាពស្ងប់ស្ងាត់ក្នុងពេលបោះឆ្នោតក្តី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ឃុំ ហៅថា សិក (CEC) មិនចង់ជួយរកដំណោះស្រាយដល់ពាក្យបណ្តឹងតវ៉ារបស់ពលរដ្ឋដែលបាត់ ឈ្មោះពីបញ្ជីបោះឆ្នោតនោះទេ ។
នាយក្រុមសង្កេតការណ៍ អាន់ហ្រ្វែល មួយរូប មានប្រសាសន៍ថា គេប្រហែលជាអាចហៅការបោះឆ្នោតនេះថា សេរី ប៉ុន្តែ មិនយុត្តិធម៌ទាល់តែសោះ ។
ចំណែកឯក្រុមអ្នកសង្កេតការណ៍បោះឆ្នោតពីសហគមន៍អឺរ៉ុបវិញ គេថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ២៧ កក្កដា មិនឈានដល់កម្រិតអន្តរជាតិជាច្រើនអន្លើ ដែលគេមិនអាចហៅថា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ។
លោក Martin Callanan នាយក្រុមសង្កេតការណ៍ពីសហភាពអឺរ៉ុប បានថ្លែងប្រាប់អ្នកកាសែតថា រាល់ទិដ្ឋភាពទាំងអស់នៃការរៀបចំការបោះឆ្នោតនេះ គឺត្រួតត្រាដោយគណបក្សប្រជាជនកម្ពុជា ទើបអាចអនុញ្ញាតឲ្យគេធ្វើការចោទប្រកាន់ផ្សេងៗ អំពីកង្វះភាពមិនលំអៀង ភាពមិនយុត្តិធម៌នោះ ។
លោកថា នៅទីបំផុត ការសម្រេចចិត្តគឺស្ថិតលើពលរដ្ឋខ្មែរ ថាតើចង់ទទួលស្គាល់ ឬបដិសេធលទ្ធផលនៃការបោះឆ្នោតនោះ ៕
ទាហានសៀមប៉ុនប៉ងពង្រាយកម្លាំងលើដែនដីខ្មែរក្នុងខែត្រឧត្ដរមានជ័យ ខែកក្កដា 26, 2008
Posted by Bona in នយោបាយ.add a comment
ដោយ ម៉ាយ៉ារិទ្ធិ
2008-07-25
នាយ ទាហានខ្មែរប្រចាំនៅច្រកជាំស្រង៉ាំក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា គេបានរារាំងទាហានថៃនៅក្នុងកងអនុសេនាធំ ២៣០៧ (ម្ភៃបី សូន្យប្រាំពីរ) នៅថ្ងៃនេះ ដែលប៉ុនប៉ងចូលមកពង្រាយកម្លាំងក្នុងដែនដីខ្មែរ ។
អនុប្រធានក្រុមការងារព្រំដែនខ្មែរថៃ លោកវរសេនីយ៍ទោ តូច រ៉ា ដែលកំពុងប្រចាំការនៅច្រកជាំស្រង៉ាំភាគឧត្តរនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថារឿងហេតុនោះបានកើតឡើងនៅវេលាព្រឹកស្រាងៗថ្ងៃទី ២៥ ខែកក្កដា វេលាម៉ោង៥កន្លះ ។
លោកបានមានប្រសាសន៍ថានៅពេលនោះមានក្រុមទាហានថៃ១០នាក់ដែលជា មេកើយក្នុងកងអនុសេនាធំ ២៣០៧ របស់ថៃ បានមកសុំដាក់ទាហានថៃមកនៅឡូកឡំក្បែរជាមួយទាហានខ្មែរ ។ នាយទាហានខ្មែរបានថ្លែងជំទាស់ថា មិនអាចធ្វើទៅបានទេ ។
លោកវរសេនីយ៍ទោ តូច រ៉ា បានឲ្យដឹងថា ៖ «ខ្ញុំក៏អត់ឯកភាព ។ អ៊ីចឹងវាសុំដាក់ មិនឲ្យដាក់ វាសុំដាក់នៅកន្លែងមាត់ថ្នល់កៅស៊ូ កន្លែងចំណុចគីឡូម៉ែត្ររបស់ខាងភាគីថៃ ធ្វើអា១៨គីឡូម៉ែត្រមុនហ្នឹង វាសុំដាក់នៅនឹងផ្នូរ ប៉ុល ពត ហ្នឹងឯង នៅនឹងថ្នល់កៅស៊ូហ្នឹងតែម្ដង វាសុំដាក់នៅត្រង់ហ្នឹង ។ ហើយសួរមូលហេតុអីដាក់នៅត្រង់ហ្នឹង ? វាថាដាក់ដើម្បីទប់ស្កាត់ទាហានរបស់ពួកយើងដែលឡើងមកហ្នឹង គឺកងទ័ពយើងដែលឡើងមកហ្នឹង គឺថាឲ្យដើរតាមផ្លូវនោះ មិនបាច់ឲ្យដើរមកផ្លូវនេះទៀតទេ ។ ហើយខ្ញុំថាអត់មានទេ អាហ្នឹងសុទ្ធតែក្នុងរង្វង់ការប្រជុំហ្នឹងទាំងអស់ គឺអត់ឲ្យមានអ្វីទាំងអស់ អ៊ីចឹងយើងក៏អត់ឯកភាពដែរ ហើយពួកវាត្រឡប់ទៅវិញទៅ» ។
ការសុំដាក់ពង្រាយកងទ័ពគឺនៅគ្រាដែលរដ្ឋាភិបាលកម្ពុជានិងថៃបាន យល់ព្រមគ្នាកាលពីម្សិលមិញ ដោយឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរជួបគ្នានៅ ក្នុងខេត្តសៀមរាប នាថ្ងៃទី២៨ កក្កដា ដើម្បីដោះស្រាយបញ្ហាជម្លោះតានតឹងយោធានៅឯតំបន់ប្រាសាទព្រះវិហារ ខ្មែរ ។
លោកវរសេនីយ៍ទោដដែលបានបញ្ជាក់ថា នាយទាហានថៃបានព្យាយាម២ដងកាលពីព្រឹកមិញ ក្នុងបំណងចង់ដាក់ពង្រាយទាហានថៃនៅឯតំបន់ជាំស្រង៉ាំនោះ ប៉ុន្តែទាហានខ្មែរនៅតែបញ្ជាក់ដាច់ណាត់ថានឹងមិនយល់ព្រមនោះទេ ។
លោកវរសេនីយ៍ទោ តូច រ៉ា បានមានប្រសាសន៍ថា ៖ «មួយសន្ទុះក្រោយមក ប្រហែលជាកន្លះម៉ោង វាមកវិញ អាក្រៃភុនហ្នឹង ។ ត្រឡប់មកវិញគ្នា៣នាក់ឯកសណ្ឋានឈុតខ្មៅ មកសុំជួបខ្ញុំម្ដងទៀត វរសេនីយ៍ឯក ថាន់យ៉ាហ្នឹង គេសុំជួបខ្ញុំតាមទូរស័ព្ទ ខ្ញុំបានជួបបានបន្តិចដែរ ។ មេបញ្ជាការភូមិភាគគាត់ក៏ត្រឡប់មកវិញភ្លាមដែរ ព្រោះគាត់ដឹងថាពួកហ្នឹងមកដល់ គាត់ត្រឡប់មកវិញ ហើយក៏ខ្ញុំប្រគល់ទូរស័ព្ទហ្នឹងទៅជូនគាត់ទៅ ។ ហើយក្នុងនោះដែរមេបញ្ជាការ២៣ ហើយនិងមេបញ្ជាការរងកងកម្លាំងភារធារីហ្នឹង លោក ឆៃយ៉ាន់ហ្នឹង ក៏បានបញ្ជាក់ជូនថាមិនឲ្យមានបញ្ហាហ្នឹងទេ អាហ្នឹងគឺថាឲ្យត្រឡប់មកក្រោយវិញ កម្លាំងរបស់គាត់ហ្នឹងគឹមកក្នុងទឹកដីរបស់គាត់ដែលធ្លាប់ឈរហ្នឹង វិញ ហើយឲ្យដើរសហការគ្នា បើថាដើរ ដើរតាមបន្ទាត់កន្លែងដែលយើងធ្លាប់ដើរល្បាតកន្លែងផ្លូវចាស់ហ្នឹង គឺឲ្យដើរឡើងវិញតែត្រង់ហ្នឹងឯង អត់មានឲ្យអីទេ» ។
មន្ត្រីរដ្ឋាភិបាលខ្មែរបានថ្លែងថារហូតមកទល់នឹងពេលនេះ ការចរចាតាមមធ្យោបាយការទូតនៅតែបន្ត ហើយកម្ពុជានឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើសិនណាលទ្ធផលនៃការចរចាថ្ងៃទី២៨ កក្កដា ក្នុងខេត្តសៀមរាប មិនបានសម្រេចជាលទ្ធផលទេនោះ ៕
ការឃោសនាមានភាពប្រសើរជាងមុន បើទោះបីមានអំពើហិង្សាខ្លះក៏ដោយ ខែកក្កដា 26, 2008
Posted by Bona in នយោបាយ.add a comment
ដោយ ហ៊ុយ វណ្ណៈ
2008-07-25
ក្រុម អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា បរិយាកាសនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង១១ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលមួយខែ នៅមុនការបោះឆ្នោតជាតិអាណត្តិទី៤នេះ គឺបានប្រព្រឹត្តក្នុងលក្ខណៈល្អប្រសើរជាងការឃោសនារកសំឡេងឆ្នោត នាអាណត្តិកន្លងទៅ បើទោះបីជាមានអំពើហិង្សានិងករណីសម្លាប់សកម្មជននយោបាយមួយចំនួន ក៏ដោយ ។
លោក សម រង្ស៊ី (ពាក់កម្រងផ្កា) ស្វាគមន៍អ្នកគាំទ្រក្នុងពេលដឹកនាំក្បួនដង្ហែដើម្បីធ្វើយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត ក្នុងក្រុងភ្នំពេញ នាថ្ងៃ ២៦ មិថុនា ២០០៨។
ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះថា និកហ្វិច លោក ហង្ស ពុទ្ធា បានថ្លែងជុំវិញបរិយាកាសនៃការឃោសនារកសំឡេងឆ្នោតសម្រាប់អាណត្តិទី ៤នេះយ៉ាងដូច្នេះថា ៖ «ទីមួយ ការឃោសនាលើកនេះហាក់ដូចជាបានចាប់ផ្ដើមមុនកាលបរិច្ឆេទរបស់គ.ជ.ប. ទីពីរ ការឃោសនាទាំងនេះនិយាយចំៗតែម្ដង ធ្វើឲ្យប៉ះពារដល់គណបក្សផ្សេងដោយត្រង់ៗ តែម្ដង ក្នុងន័យបង្អាប់គណបក្សផ្សេង ហើយលើកតម្កើងខ្លួនឯង» ។
ទាក់ទិននឹងអំពើហិង្សា ដែលកើតមាននៅអំឡុងពេលឃោសនាបោះឆ្នោតនេះ លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា មានការថយចុះប្រមាណ៣០% បើប្រៀបធៀបទៅនឹងការបោះឆ្នោតកន្លងទៅ ៖ «ករណីមិនប្រក្រតីដែលយើង បានរកឃើញហ្នឹង មានចំនួនតិចជាងកាលពីការបោះឆ្នោតនាពេលកន្លងមក អាហ្នឹងយើងគិតពីចំនួន គឺថយចុះប្រមាណ ៣០% ។ ខ្ញុំទាញឧទាហរណ៍ករណីសម្លាប់ ពីមុន រកឃើញមាន ១៧ករណី ឥឡូវ រកឃើញតែ១២ករណីទេ» ។
ចំណែកឯប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺលោក អ៊ូ វីរៈ ដែលបានឃ្លាំមើលបរិយាកាសនយោបាយ នៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅប្រទេសកម្ពុជានេះដែរ មានប្រសាសន៍ថា បើទោះបីជាអំពើហិង្សានយោបាយ មានការថយចុះក៏ដោយ ក៏ប៉ុន្តែ រូបភាពហិង្សានេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនាថ្ងៃ២៧ កក្កដា ខាងមុខនេះ ៖ «ជាទូទៅស្ថានភាពនៅមុនការបោះឆ្នោត ចំពោះស្ថានភាពនៃការឃោសនាមានការរលូនគ្រាន់បើជាងការបោះឆ្នោតលើកមុន ដូច្នេះនេះជាចំណុចមួយវិជ្ជមាន ។ យើងឃើញមានអំពើហិង្សាមួយចំនួន ប៉ុន្តែបច្ចុប្បន្ននេះ ករណីភាគច្រើនយើងមិនអាចសន្និដ្ឋានថាទាក់ទងនឹងរឿងនយោបាយទាំងស្រុង ទេ ប៉ុន្តែដោយសារមានអំពើហិង្សាច្រើន ដូច្នេះក៏វាបណ្ដាលឲ្យមានការភ័យខ្លាចចំពោះគណបក្សដែលកំពុងប្រកួត ប្រជែងនោះដែរ» ។
ជាមួយគ្នានេះ លោក អ៊ូ វីរៈ បានធ្វើការកត់សម្គាល់ថា ក្រៅពីការប្រើប្រាស់គោលនយោបាយដែលបានចែងនោះ គណបក្សនីមួយៗ ក៏បានឆ្លៀតយកបញ្ហាសង្គម និងបញ្ហាសន្តិសុខរបស់ជាតិ ដើម្បីជាមូលដ្ឋាននៃការទាក់ទាញរកសំឡេងឆ្នោតផងដែរ ៖ «រឿងទាក់ទង នឹងនយោបាយ ខ្ញុំគិតថា ករណីដូចជា ព្រះវិហារ គឺគណបក្សកាន់អំណាចកំពុងតែយកចំណេញរឿងនយោបាយនេះ ។ រឿងដីធ្លី នៅតែជាជម្លោះមួយដ៏ក្ដៅ ហើយករណីរឿងដីធ្លីនេះ គណបក្សប្រឆាំងដែលប្រជែងជាមួយគណបក្សកាន់អំណាច គឺគាត់តែងតែលើកឡើងជាច្រើនដង រឿងទំនិញឡើងថ្លៃក៏គាត់តែងតែលើកឡើងដែរ» ។
ប្រទេសកម្ពុជាបានគ្រោងរៀបចំការបោះឆ្នោតជាតិអាណត្តិទី៤ នៅថ្ងៃទី២៧ កក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសតំណាងរាស្ត្រចំនួន១២៣រូប ។
របាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលចុះឈ្មោះសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០០៨នេះ គឺមានជាង ៨លាននាក់ ។
អ្នកបោះឆ្នោតម្នាក់នៅឯខេត្តព្រៃវែង គឺលោកស្រី ម៉ាទីន មានប្រសាសន៍ថា ក្រោយពីបានតាមដានការឃោសនារបស់គណបក្សនានាកន្លងមក លោកស្រីមានសំណួរចំពោះខ្លឹមសារនៃការសន្យា ដែលគណបក្សមួយចំនួនបានលើកឡើង ៖ «កន្លងមក គឺគ្រាន់តែនិយាយចោល ហើយខ្លះ ក៏និយាយហួសពីអ្វីដែលខ្លួនធ្វើបានទៅទៀត ។ ឧទាហរណ៍ ដូចជាថា បើគណបក្សខ្ញុំឈ្នះឆ្នោត គេនឹងឲ្យគោម្នាក់១៣ក្បាល ឲ្យប្រាក់និស្សិតខ្ចីម្នាក់បាន ១០០០ដុល្លារ ដូច្នេះវាហួសនឹងអ្វីដែលយើងធ្វើបាន» ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី ម៉ាទីន បានអះអាងថា ការឃោសនាកន្លងមកនេះ បានជួយឲ្យលោកស្រីកាន់តែមានភាពប្រាកដក្នុងចិត្ត ក្នុងការជ្រើសរើសយកគណបក្សដែលលោកស្រីនឹងត្រូវបោះឆ្នោតឲ្យ បើទោះបីជាលោកស្រី មិនបញ្ជាក់ឲ្យដឹងពីឈ្មោះគណបក្សនោះក៏ដោយ ៖ «ផ្លាស់ប្ដូរ ព្រោះកន្លងមក ដូចជានៅដដែលៗ ។ យោងទៅលើខ្លឹមសារនៃការឃោសនារបស់គេ គឺខ្ញុំយល់ច្បាស់អំពីអ្វីដែលត្រូវ និងអ្វីដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋ» ។
ខណៈដែលមេបក្សមួយចំនួនចូលរួមជាបន្តបន្ទាប់ ជាមួយសមាជិកបក្សរបស់ខ្លួន នៅក្នុងក្បួនឃោសនារកសំឡេងឆ្នោត នៅតាមទីក្រុងនិងទីជនបទនោះ គេសង្កេតឃើញយ៉ាងហោច មានមេបក្សចំនួន ៣គណបក្ស ដែលមិនបានចេញធ្វើយុទ្ធនាការរកសំឡេងឆ្នោតនិងចុះជួយម្ចាស់ឆ្នោត ដោយផ្ទាល់នោះឡើយ ។
តំណាងគណបក្សគណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ បានថ្លែងថា លោក ហង្ស ដារ៉ា ជាប្រធានគណបក្ស ដែលមិនបានចូលរួមឃោសនានោះ គឺដោយសារលោកកំពុងនៅសាងភ្នួស ។
ចំណែកឯសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ ក៏មិនបានចូលរួមឃោសនាបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារសម្តេចក្រុមព្រះ កំពុងភៀសព្រះកាយនៅក្រៅប្រទេស ដោយសារតែមានរឿងក្តីក្តាំជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ។
ចំណែកឯប្រធានគណបក្សប្រជាជនកម្ពុជា និងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន ក៏បានប្រកាសនៅមុនការឃោសនាបោះឆ្នោតនោះថា លោកមិនចេញឃោសនានោះឡើយ ។
ពលរដ្ឋមួយរូបនៅឯខេត្តមណ្ឌលគិរី គឺលោក សុខ ខេង មានប្រសាសន៍ថា បើទោះជាយ៉ាងណាក៏ដោយ លោកបានកំណត់ក្នុងចិត្តជាមុនរួចហើយ ចំពោះគណបក្សដែលលោកនឹងបោះឆ្នោតឲ្យនោះ ៖ «សំខាន់ណាស់ក្នុង សន្លឹកឆ្នោតរបស់យើងមួយសន្លឹក ដូច្នេះការសម្រេចរបស់ខ្ញុំ គឺខ្ញុំបានគិតគូររួចទៅហើយថា ខ្ញុំនឹងបោះឲ្យគណបក្សណា» ។
សូមជម្រាបថា នៅទូទាំងប្រទេសមានការិយាល័យបោះឆ្នោតសរុបជាង ១ម៉ឺន ៥ពាន់ការិយាល័យ ។ ស្ថានទូតសហរដ្ឋអាមេរិកគ្រោងបញ្ជូនមន្ត្រីស្ថានទូតចំនួន ៨០នាក់ចូលរួមជាអ្នកសង្កេតការណ៍ ។ សហគមន៍អឺរ៉ុបគ្រោងបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន ចំនួន ១៣០នាក់ ។
ចំណែកឯប្រទេសជប៉ុន ដែលបានផ្តល់ថវិកាជិត ៣លានដុល្លារ ជួយដល់ការរៀបចំដំណើរការបោះឆ្នោតជាតិអាណត្តិទី៤នេះ ក៏បានដាក់អ្នកអង្កេតការណ៍របស់ខ្លួនចំនួន២៣នាក់ផងដែរ ។
ជាមួយគ្នានេះ អង្គការនិកហ្វិច នឹងមានអ្នកសង្កេតការណ៍ជាតិទូទៅចំនួន ៧ពាន់នាក់ និងអ្នកសង្កេតការណ៍ជាជនបរទេសចំនួន ៨០នាក់ ។ ចំណែកឯអង្គការ ខុមហ្វ្រែល នឹងមានអ្នកសង្កេតការណ៍ជាតិ ជាង១ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាជនបរទេសចំនួនជាង ១០០នាក់ ៕






