Security Council urges permanent ceasefire after recent Thai-Cambodia clashes ខែកុម្ភៈ 18, 2011
Posted by Bona in ប្រាសាទព្រះវិហារ.add a comment
Amb. Maria Luiza Ribeiro Viotti of Brazil
14 February 2011 – Voicing grave concern about the recent armed clashes between Cambodia and Thailand, the Security Council today urged the South-East Asian neighbours to establish a permanent ceasefire following closed-door talks on the situation.
“The members of the Security Council called on the two sides to display maximum restraint and avoid any action that may aggravate the situation,” Ambassador Maria Luiza Ribeiro Viotti of Brazil, which holds the monthly presidency of the 15-member body for February, said in a statement read out to the press after the meeting.
“The members of the Security Council further urged the parties to establish a permanent ceasefire and to implement it fully and resolve the situation peacefully and through effective dialogue,” the statement added.
Tensions first escalated between the two countries in July 2008 following the build-up of military forces near the Preah Vihear temple, which dates back to the 11th century and is located on the Cambodian side of the border. The Hindu temple was inscribed on the World Heritage List of the UN Educational, Scientific and Cultural Organization (UNESCO) that same month.
Clashes between the two neighbours resumed earlier this month, prompting calls for calm and restraint by Secretary-General Ban Ki-moon as well as UNESCO Director-General Irina Bokova.
During its session today, the Council was briefed by Under-Secretary-General for Political Affairs B. Lynn Pascoe and Marty Natalegawa, the Minister of Foreign Affairs of Indonesia and Chair of the regional grouping known as the Association of Southeast Asian Nations (ASEAN).
It also heard from Hor Namhong, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of Cambodia, and Kasit Piromya, Minister of Foreign Affairs of Thailand.
The Council expressed support for ASEAN’s active efforts regarding the situation between Cambodia and Thailand, and encouraged the parties to continue to cooperate with the organization in this regard. The issue is expected to be discussed at the meeting of ASEAN foreign ministers on 22 February.
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ៥) ខែសីហា 1, 2008
Posted by Bona in ប្រាសាទព្រះវិហារ.add a comment
ដោយ មឿង ទុម
2008-07-30
បើ តាមចំណារលើសិលាចារឹកនៅនឹងភ្នំសណ្ដក កាលេខ ១៩៤ និងនៅភ្នំព្រះវិហារ កាលេខ ៣៩៨ បានឲ្យដឹងថា ព្រាហ្មណ៍ម្នាក់ឈ្មោះ ទិវាក ឬ ទិវាការៈ បានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ និងជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ។
ប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក នៅខេត្តព្រះវិហារ។
ព្រាហ្មណ៍ទិវាក ក៏បានទទួលភារៈ ជាអ្នកចាត់ចែងបញ្ជាតពីព្រះបាទ សុរិយវរ្ម័នទី២ គឺថា លោកចាត់ចែងទ្រព្យសម្បត្តិទាំងអស់ ដែលសម្រាប់ប្រើប្រាស់ក្នុងការកសាងប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរ នាកាលណោះ ។
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា បានសេចក្តីថា ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។
លោកសាស្ត្រាចារ្យ ឃិន សុខ មានអធិប្បាយដូច្នេះថា ៖ «ក្នុង ការរក្សាទាក់ទងនឹងអាទិទេព ស្រីសិខៈ រិស្វារៈហ្នឹង គឺលោកធ្វើអីខ្លះនៅនឹងព្រះវិហារ? ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឲ្យពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឲ្យអាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ អ៊ីចឹងផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ គឺព្រះបាទ សុរិយវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះឯង» ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់ថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្នុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។
លោកសាស្ត្រាចារ្យអធិប្បាយបន្ថែមដូច្នេះថា ៖ «ខ្ញុំសូមបញ្ជាក់ ថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១ ជាពិសេសព្រះបាទ សុរិយវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ។ សេចក្តីសង្ខេបរបស់ខ្ញុំ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ ទីមួយ គឺគេទុកអាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាលគេសរសេរ ខរៈ ស្វារៈ ជួនកាលគេសរសេរ សិខៈ រិស្វារៈ ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជាកន្លែងដែលគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។ ទី២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋទេ ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។ បើបានអញ្ជើញទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹងខ្លោងទ្វារទី៣ រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមានសិលាចារឹកកាលេខ ៣៨១ នោះ គេសង្ស័យថា នៅត្រង់កន្លែងហ្នឹង គឺជាកន្លែងដែលគេបំបួសឲ្យទៅជាព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរពនិងថែរក្សាអាទិទេព ស្រីសិខៈ រិស្វារៈ នោះតទៅទៀត ។ ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទឯទៀតៗ» ។
ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងដោយព្រះមហាក្សត្រខ្មែរ តាំងពីប្រមាណ ១ពាន់ឆ្នាំមុនមកម្ល៉េះ គឺកសាងឡើងនៅក្នុងដែនដីខ្មែរ ក្នុងគ្រាដែលប្រទេសថៃ ឬ សៀម នៅពុំទាន់មានវត្តមាននៅលើទីតាំងសព្វថ្ងៃនេះ នៅឡើយទេ ។
អ្នកប្រវត្តិវិទូមានជំនឿថា ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ ។ ដំណាក់កាលទីមួយ គេគិតសង្ស័យថា សង់ឡើងកាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺជាព្រះរាជបុត្រារបស់ព្រះបាទជយវរ្ម័នទី២ ។
កាលពីប្រមាណជាពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ នោះ គឺអាស្រមប្រហែលធ្វើអំពីឈើ ។ លុះមកដល់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ គឺនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី១១ មានការកសាងប្រាសាទព្រះវិហារជាដំណាក់កាលធំទី២ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារនោះ ។
បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី២ គឺនៅពាក់កណ្តាលសតវត្សរ៍ទី១២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ ត្រូវបានស្ថាបនាឡើងឲ្យកាន់តែល្អដែលជាការកសាងក្នុងដំណាក់កាលធំ ទី៣ ។ ព្រះបាទសុរិយវរ្ម័នទី២ នោះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់ថា ប្រទេសថៃ ឬសៀម មានកំណើតលើដែនដីសព្វថ្ងៃនេះ គឺចាប់ពីសតវត្សរ៍ទី១៣ ក្រោយមក ។
សូមរំឭកជូនថា ទីតាំងដែលធ្វើប្រាសាទព្រះវិហារ ដែលស្ថិតនៅលើកំពូលភ្នំ ទីខ្ពស់ជាង គេនោះមានកំពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះ មានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។
បើគិតពីផ្លូវចូលពីដីទំនាប មានកាំជណ្តើរសម្រាប់ឡើងបន្តិចម្តងៗរហូតដល់តួប្រាសាទដែលនៅលើ កំពូលភ្នំនោះគឺមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ដែលក្នុងនោះ គេត្រូវឆ្លងកាត់ខ្លោងទ្វារ៥ ។
លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ បានប្រកាសជាផ្លូវការទទួលស្គាល់ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទ ថា ជាកម្មសិទ្ធិផ្តាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យខ្មែរឈ្នះក្តីលើភាគីប្រទេសថៃ ៕
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ៤) ខែកក្កដា 25, 2008
Posted by Bona in ប្រាសាទព្រះវិហារ.add a comment
ដោយ មឿង ទុម
2008-07-24
លោក សាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះបាទជយវរ្ម័នទី២ ក្នុងរជ្ជកាលនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ជាអ្នកនាំយកលិង្គអាទិទេព ស្រីសិខៈ រិស្វារៈ ទៅដាក់ប្រតិស្ឋនៅលើកំពូលភ្នំព្រះវិហារ ។
ប្រាសាទព្រះវិហាររបស់ខ្មែរនៅលើភ្នំដងរែកនៃខេត្តព្រះវិហារ។
ក្រុមអ្នកប្រវត្តិវិទូគិតថា តំបន់ប្រាសាទព្រះវិហារនាកាលណោះ ពុំដូចសព្វថ្ងៃនេះទេ គឺថា អាស្រមអាចសង់ឡើងអំពីឈើ ដែលជាទីស្នាក់នៅរបស់ពួកព្រាហ្មណ៍ ឆ្មាំ និងអ្នកបម្រើ ដែលនៅថែរក្សា គោរពបូជា លិង្គអាទិទេពនៅទីនោះ ។
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។
លោកសាស្រ្តាចារ្យ ឃិន សុខ រំឭកសង្ខេបនូវប្រវត្តិរបស់ ស្រីសុកៈរាមា ដែលទាក់ទិននឹងសំណង់ប្រាសាទព្រះវិហារ ៖ «ស្រីសុកៈរាមា នេះ គឺក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុ រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គរគឺព្រះបាទស្រីប្បវរ័្មន រហូតមកដល់ព្រះបាទ ស្រី សុរិយវរ័្មននេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រី សិខារិស្វារៈ ។ ព្រះបាទសុរិយវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទ ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ សុរិយ វ៉ារមិស្វារៈ គឺឥសូរដែលមានឈ្មោះហៅថា សុរិយវរ្ម័ននេះឯង ។ លិង្គ៤នេះយកទៅទុក នៅក្នុងខេត្តបាត់ដំបង គឺវត្តឯក គឺឈ្មោះថា ជ័យក្សេត្រ នៅព្រំប្រទល់ខាងលិច ។ នៅព្រំប្រទល់ខាងជើង គឺយកលិង្គមួយ ផ្សេងទៀតដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ កំណត់បណ្តោះអាសន្នព្រំប្រទល់អំណាចរបស់លោកនៅផ្នែខាងជើង ។ មានមួយទៀតយកទៅទុកនៅលើភ្នំ សូរិយាទ្រិ គឺភ្នំព្រះឥសូរ ភ្នំឥសូរយើងនៅខេត្តតាកែវសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។ ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅឥសាន តិរថៈ ប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែលជានៅខាងក្រចេះស្ទឹងត្រែង ។ លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួនហ្នឹង នៅនឹងគ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ» ។
ក្រុមអ្នកសិក្សាខាងផ្នែកប្រវត្តិសាស្ត្រនិងប្រាសាទ បានរកឃើញបន្ថែមថា ក្រៅពីស្ថាបនាលិង្គព្រះអាទិទេពនោះ ព្រះបាទសុរិយវរ្ម័នទី១ លោកបានចំណាយទ្រព្យសម្បតិ្ត ដើម្បីបន្តការកសាងប្រាសាទព្រះវិហារ ។
ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ តែមកដល់រជ្ជកាល ព្រះបាទ សុរិយវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។ បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនាឲ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ សុរិយវរ្ម័នទី២ នោះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។
លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍រំឭកបន្ថែមអំពីមនុស្សសំខាន់ម្នាក់ទៀត ដែលមានប្រវត្តិទាក់ទងនឹងប្រាសាទព្រះវិហារនោះដែរ ៖ «សិលាចារឹក នៅនឹងភ្នំសន្តក កាលេខ ១៩៤ នៅភ្នំព្រះវិហារនេះ កាលេខ ៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទ ឧទ័យៈទិត្យវរ័្មន ទី២ ដែលលោកកសាងប្រាសាទ បាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ។ លោកបានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ហើយ លោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពីព្រះបាទ សុរិយវរ្ម័នទី២ មក ទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ» ៕
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ៣) ខែកក្កដា 25, 2008
Posted by Bona in ប្រាសាទព្រះវិហារ.add a comment
ដោយ មឿង ទុម
2008-07-23
ប្រាសាទ ព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភ្នំ ដោយព្រះបាទ សុរិយវរ្ម័នទី១ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ នៅក្នុងដែនដីស្រុកខ្មែរ ដែលកាលណោះនៅពុំទាន់មានប្រទេសថៃ នៅឡើយទេ ។
ប្រាសាទព្រះវិហារខ្មែរ នៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ។
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា ប្រាសាទព្រះវិហារសង់ឡើងដោយបែរមុខទៅទិសខាងជើង មានជណ្តើរឡើងដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។ ដើម្បីឡើងទៅដល់ប្រាង្គប្រាសាទសំខាន់ ដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គេត្រូវឆ្លងកាត់ខ្លោងទ្វារ៥ ។
ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។
ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះបាទ ជយវរ័ន្មទី២ ក្នុងរជ្ជកាលនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ជាអ្នកនាំយកលិង្គអាទិទេពនោះ ទៅដាក់ទៅប្រតិស្ឋនៅលើកំពូលភ្នំខ្ពស់ជាងគេនោះឯង ។ លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បន្ត អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅលិង្គបូ ៗ គឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ លោកបានកសាងលិង្គមួយ យកថ្មនោះជាបំណែកនៃលិង្គធំមួយ ។ លិង្គនោះឈ្មោះថា ស្រីសិខៈ រិ ស្វារៈ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈនេះ ពេលក្រោយឆ្នាំក្រោយ មកទៀត គេតែងតែហៅសម្រាប់ឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង ដូច្នេះអ្នកដែលមកប្រតិស្ឋស្ថាន ស្រីសិខៈ រិស្វារៈ ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅនឹងលិង្គបូ នោះ នៅវត្តភូនោះ គឺយកមកទុកនៅប្រាសាទព្រះវិហារនោះ គឺព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។
បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ ដែលសរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។ លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់បន្ថែមអំពីព្រះបាទ សុរិយវរ្ម័នទី១ ដែលមានជំនឿខ្លាំងចំពោះលិង្គព្រះអាទិទេពនោះ ។
លោកសាស្ត្រាចារ្យ ឃិន សុខ មានប្រសាសន៍បន្តដូច្នេះថា ៖ «ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឲ្យលោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំធ្វើនោះតទៅទៀត ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សរ៍ទី១ នៃរជ្ជកាលរបស់ព្រះបាទ សុរិយវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត អត់ទេ ។ សម្បថនោះមានអីខ្លះទៅ? គឺថា សម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើអាទិទេព សិខៈ រិស្វារៈ នៅនឹងភ្នំព្រះវិហារនេះ» ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់ថា អត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ នោះ ត្រូវបានសរសេរឡើងកាលពីឆ្នាំ១០៣៧ ៕
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ២) ខែកក្កដា 21, 2008
Posted by Bona in ប្រាសាទព្រះវិហារ.add a comment
ដោយ មឿង ទុម
2008-07-18
ឯកសារ ប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារបានស្ថាបនាឡើងដោយព្រះមហាក្សត្រខ្មែរ តាំងពី១ពាន់ឆ្នាំមុនមកម្ល៉េះ គឺកសាងឡើងនៅក្នុងដែនដីខ្មែរ ។
ប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា។
បើតាមសៀវភៅប្រវត្តិសាស្រ្តខ្មែរមួយចំនួន ដែលក្នុងនោះមានសរសេរដោយលោក អាល់បែរ ឡឺបោននឺ និងលោក ក្លូដ ហ្សាក់ បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។
ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើង ក្នុងគ្រាដែលស្រុកខ្មែរមានផ្ទៃដីធំធេងលាតសន្ធឹងរហូតដល់ប្រទេស ភូមា ខាងជើងទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសលាវ ។ ចំណែកប្រទេសថៃសព្វថ្ងៃ គឺពុំទាន់មានទេ ដីស្រុកថៃសព្វថ្ងៃ គឺជាដែនដីខ្មែរនាកាលណោះ ។ ហេតុនេះហើយ ទើបព្រះមហាក្សត្រខ្មែរសង់ប្រាសាទព្រះវិហារបែរទៅទិសខាងជើងដែលមាន ដីទំនាប ងាយធ្វើជណ្តើរឡើង ប្រសើរជាងទិសខាងត្បូង ដែលមានជញ្ជាំងភ្នំចោទខ្ពស់ពេក ។
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។
មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ ។ ឡើងពីកាំទីមួយ ដើម្បីទៅដល់ខ្លោងទ្វារទីមួយ គេត្រូវឆ្លងកាត់ជណ្តើរ ១៥៩កាំ ដែលមានចម្ងាយ ៧៩ម៉ែត្រ ។ បន្តទៀត គេត្រូវដើរពីខ្លោងទ្វារទីមួយ តាមជណ្តើរដែលមានចម្ងាយ ២៥៥ម៉ែត្រ ទើបគេទៅដល់ខ្លោងទ្វារទី២ ។
នៅលើជាប់នឹងខ្លោងទ្វារទី២ គេមានធ្វើហោជាង ដែលមានគូររូបកូរសមុទ្រទឹកដោះ ។ ហើយនៅខាងឆ្វេងដៃមានស្រះមួយ ដែលមានទទឹង ១៨ម៉ែត្រនិងបណ្តោយ ៣៦ម៉ែត្រ ។ ស្រះនេះមានសារសំខាន់ណាស់ ព្រោះថា កាលពីពេលដែលព្រះមហាក្សត្រថៃ សព្វថ្ងៃគឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃបានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ ។
លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បន្តអំពីទីតាំងភូមិសាស្រ្តនៃសំណង់ប្រាសាទព្រះវិហារ ដោយរាប់ចាប់ពីខ្លោងទ្វារទីពីរឡើងទៅ ៖ «ឥឡូវនេះ ចូលមកដល់ខ្លោងទ្វារទី២ ហើយឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវហ្នឹងរហូត ។ នៅខាងឆ្វេងដៃដដែលហ្នឹង មានតួប្រាសាទតូចៗ ឡើងមកទៀតអ៊ីចឹងមក ១៥០ម៉ែត្រហ្នឹង បានមកដល់ខ្លោងទ្វារទី៣ៗ ហ្នឹងមានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឲ្យតាំងសីល គេឲ្យរៀនធម៌ នៅហ្នឹងចូលផុតពីខ្លោងទ្វារទីបីមកនេះ ។ នៅចន្លោះពីខ្លោងទ្វារទីបីនិងខ្លោងទ្វារទីបួន មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនេះឯង ដែលមានធ្វើជាខ្លួននាគ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះឯង ។ យើងដើរតាមផ្លូវនាគហ្នឹងមក បានមកដល់ខ្លោងទ្វារទី៤ ។ មកដល់ខ្លោងទ្វារទី៤ ប្រាសាទហ្នឹងបែរមុខទៅទិសខាងជើង ។ នៅទិសខាងលិចឬក៏នៅស្តាំដៃហ្នឹង មានអគារមួយ នៅខាងឆ្វេងដៃអត់មានទេ ។អគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីល នៅត្រង់កន្លែងហ្នឹង» ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់ថា ចម្ងាយពីខ្លោងទ្វារទី៤ ទៅដល់ខ្លោងទ្វារទី៥នោះ មានប្រមាណពី៤០ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារទី៥នេះ ទើបទៅដល់ប្រាង្គប្រាសាទចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ៖ «ប្រាសាទនេះមិនជាធំប៉ុន្មានទេ មិនជាធំហ្នឹង គឺមិនបានដល់ប្រាសាទនៅភ្នំជីសូរ នៅខេត្តតាកែវផង ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរទៅខាងក្រោយប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង ។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មកដល់ឆ្នាំ២០០៨ នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់ គួរឲ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។
លោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង ។ តើព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺជាព្រះរាជបុត្រានៃព្រះបាទជយវរ្ម័នទី២ គឺលោកសោយរាជ្យនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ។ ខ្ញុំអធិប្បាយទាំងអស់នេះ ខ្ញុំអត់មានបន្ថែមទេ ខ្ញុំស្រង់សេចក្តីទាំងអស់ ដូចខ្ញុំជម្រាបបន្តិចម្តងៗនោះ ។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ» ៕
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ១) ខែកក្កដា 18, 2008
Posted by Bona in ប្រាសាទព្រះវិហារ.comments closed
ដោយ មឿង ទុម
2008-07-17
មាន ចម្ងល់ថា ហេតុអ្វីបានជាប្រាសាទព្រះវិហារ ដែលជាកម្មសិទ្ធិរបស់ខ្មែរនោះ មានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ? តើអ្នកណាជាអ្នកកសាងប្រាសាទព្រះវិហារនោះ?
ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។
លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដី ព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់បន្ថែមយ៉ាងដូច្នេះ ៖ «ខ្មែរយើង មួយចំនួន មិនយល់អំពីប្រាសាទព្រះវិហារ ចោទសួរថា ផ្លូវដែលទៅកាន់ប្រាសាទព្រះវិហារហ្នឹង ផ្លូវដែលស្រួលនោះ គឺទៅពីស្រុកសៀម ។ ហេតុអ្វី បើជាប្រាសាទខ្មែរ ម៉េចក៏គេធ្វើផ្លូវឡើងទៅពីស្រុកសៀមទៅវិញ ។ ដើម្បីឲ្យបាត់ការងឿងឆ្ងល់ចំពោះបញ្ហានេះ ខ្ញុំសូមជម្រាប សូមឲ្យជ្រាបថា ប្រាសាទព្រះវិហារនេះ មាននៅក្នុងទឹកដីខ្មែរតាំងតែពីដើមមកយូរណាស់ហើយ ដីខ្មែរគឺស្រុកសៀម មិនទាន់មានឯណា ។ ដីខ្មែរមាននៅរហូតទៅដល់ប្រទេសភូមា ។ បើខាងជើងនោះ រហូតទៅដល់ក្រុងឈៀងម៉ៃ ពីព្រោះខ្មែរកាន់អំណាចរហូតទៅដល់ទីនោះ ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។ ដូច្នេះសុំកុំឲ្យងឿងឆ្ងល់ បើមានអ្នកណាផ្សេងទៀតថា ទេ ប្រាសាទហ្នឹងមិនគួរជារបស់ខ្មែរ ហ្នឹងគឺខុសហើយ ។ ពីព្រោះដីខ្មែរនៅវាតតាំងពីដែនដីកម្ពុជាក្រោម កូសាំងស៊ីន រហូតទៅដល់ខាងជើងនោះ គឺរហូតទៅដល់វៀងច័ន្ទឯណោះ ។ ហ្នឹង បើផ្នែកខាងស្រុកលាវ ។ សៀមអត់ទាន់មានទេ ដូច្នេះគេយកដីនេះ យកមកធ្វើជាប្រាសាទ ដែលវាលទំនាប ដែលឡើងមកសព្វថ្ងៃ គឺឡើងមកពីខាងជើង ហើយគេធ្វើប្រាសាទហ្នឹង បែរមុខទៅទិសខាងជើង ។ ប្រាសាទនេះ មិនមានលក្ខណៈដូចប្រាសាទឯទៀតៗទេ ។ ដូច្នេះ សូមកុំឲ្យងឿងឆ្ងល់ទៀត ផ្លូវដែលគេធ្វើមកពីស្រុកសៀមៗ ពុំទាន់មានទេ ។ សព្វថ្ងៃយើងច្រឡំ សព្វថ្ងៃយើងភ្លេចប្រវត្តិ ដូច្នេះ គេធ្វើពីដីខ្មែរមកហ្នឹង រួចដីខ្មែរនៅខាងជើងឯណោះ វាវាលទំនាប ហើយនៅឯខាងស្រុកខ្មែរ សព្វថ្ងៃឯណេះ វាដីត្រង់ហ្នឹងគឺជាល្បាក់ គឺជាជញ្ជាំងភ្នំ ។ ម្ល៉ោះហើយ គេធ្វើហ្នឹង គឺសម្រាប់ឲ្យមានព្រាហ្មណ៍ហ្នឹង ទៅរក្សាលិង្គរបស់ព្រះឥសូរ ហើយកន្លែងនោះគឺកន្លែងគេតាំងសិល្ប៍» ។
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៥២៥ម៉ែត្រ ។
បើគិតពីផ្លូវចូលពីដីទំនាប ឡើងទៅដល់ប្រាសាទនៅលើកំពូលភ្នំនោះ គឺកាំជណ្តើរសម្រាប់ឡើងបន្តិចម្តងៗ រហូតដល់ប្រាសាទដែលនៅលើកំពូលភ្នំនោះ គឺមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។
លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បង្ហាញអំពីទីតាំងភូមិសាស្រ្តនៃសំណង់ប្រាសាទព្រះវិហារ ដែលមានរួមទាំងកាំជណ្តើរទាំងអស់នោះផង ៖ «ប្រាសាទព្រះវិហារនេះគឺ សង់ឡើងអំពីថ្ម ហ្នឹងចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទីមួយ សំណង់ហ្នឹងមិនមែនធ្វើតែមួយពេលទេ ។ ធ្វើបើគិតឲ្យមែនទែន មានបីពេល ។ ឥឡូវនេះ ខ្ញុំជូនគ្រាន់តែជម្រាបត្រួសៗអំពីផ្លូវចូលមកហ្នឹងមានអីខ្លះៗ ។ ទីមួយ ពីដីយើងធម្មតាហ្នឹង ពីដីគឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង យើងឡើងមកហ្នឹង គឺចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាងជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រ ហ្នឹង ចូលមកខ្លោងទ្វារទី១ ។ បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុត មកឯខាងដើម ។ ខ្ញុំដើម្បីនឹងសម្រួលអស់លោក ឲ្យឃើញរូបប្រាសាទហ្នឹង ខ្ញុំរាប់តាមជណ្តើរដែលយើងឡើង ។ សង្ខេបយើងឡើងតាមផ្លូវជម្រាលធម្មតា ៥៤ម៉ែត្រ បូកនឹង ២៥ម៉ែត្រ បានមកដល់ខ្លោងទ្វារទី១ ។ បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀត ចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះ គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។ នៅខ្លោងទ្វារទី២ នោះមាន ហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ គឺការដែលបង្កើតលោក ។ នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃ មានស្រះមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ។ ពេលដែលព្រះមហាក្សត្រនៅស្រុកសៀមសព្វថ្ងៃ លោកឡើងសោយរាជ្យ ធ្វើពិធីរាជាភិសេក គេមកយកទឹកពីស្រះហ្នឹង ដើម្បីយកទៅបំពេញពិធីអភិសេកព្រះកូណាដែលនៅស្រុកសៀម សព្វថ្ងៃ» ។
សូមបញ្ជាក់ជូនថា លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍អំពីស្តេចសៀមនេះ គឺសំដៅចំពោះព្រះមហាក្សត្រថៃសព្វថ្ងៃ គឺព្រះបាទ ភូមិផុន អាឌុលយ៉ាដេត ។
បើតាមឯកសារប្រវត្តិសាស្រ្តស្តីពីព្រះរាជាថៃ ចុះផ្សាយនៅលើទំព័រវ៉ឹបសាយថ៍ Wikipedia បានឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត បច្ចុប្បន្នមានព្រះជន្ម ៨១ព្រះវស្សា ឡើងគ្រងរាជ្យតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ រហូតមកដល់សព្វថ្ងៃនេះ ៕
ស្ដាប់សំឡេង






